ព័ត៌មានថ្មីបំផុត

៣​​វិធី​​សំខាន់​ៗ​​ដើម្បី​​កម្ចាត់​​អារម្មណ៍​​ឯកា​

Loading...
ភាព​ឯកាឬឯកោ ​គឺ​ជាអារម្មណ៍មួយ​ដែល​តែង​តែ​រំ​ខាន ​សម្រាប់​មនុស្ស​មួយ​ចំនួន​ ហើយ​វា​នឹ​ង​ជះ​ឥទ្ធិពល​កាន់​តែ​ខ្លាំង ​បើ​​សិន​​ជា​យើង​​នៅ​​តែ​​ព្រងើយ​កន្តើយ​​មិន​ព្រម​ដោះ​​ស្រាយ​វា​​ឲ្យ​បាន​​ឆាប់​​រហ័ស​។​​​​​ មានហេតុផល​មួយ​ចំនួន​ដែល​ធ្វើឲ្យមនុស្ស​មានអារម្មណ៍ថាឯកោ​ អ្នកខ្លះដោយសារតែនៅម្នាក់​ឯង ចំណែកអ្នកផ្សេង​ទៀតក៏អាច​មានអារម្មណ៍នេះកើតឡើងបានផងដែរ​ ទោះបីជាគេមានមនុស្ស​នៅជុំ​វិញខ្លួនក៏ដោយ ជាពិសេស​នៅពេលដែលគេ​យល់​​ឃើញថាខ្វះការ​យកចិត្តទុកដាក់ពីអ្នកដទៃ។
បែបនេះហើយ​បើសិនជាអ្នកចង់កម្ចាត់ភាពឯកោនេះឲ្យចេញឆ្ងាយពីជី​វិត​របស់​អ្នក​នោះ​ អ្នក​ត្រូវតែធ្វើតាមវិធីសំខាន់​ទាំង​៣​ខាងក្រោមខាងនេះ៖

១. ​ស្វែងយល់ពីអារម្មណ៍ឯកោរបស់អ្នក
ជំហានដំបូងដែល​ត្រូវ​ធ្វើនោះ​គឺថា ត្រូវតែ​ស្វែងយល់ឲ្យបានច្បាស់​នូវហេតុផល​ដែលបណ្ដាលឲ្យអ្នកមានអារម្មណ៍កោ។​ ព្រោះថា​មនុស្សមួយចំនួន​ឯកោ​ដោយសារ​តែពួកគេនៅ​​ម្នាក់ឯង​​ អ្នកផ្សេងទៀត ដោយ​សារ​តែការខ្វះយកចិត្តទុកដាក់​​ពី​អ្នក​នៅ​ជុំ​វិញ​ខ្លួន​។ 



បន្ទាប់​ពី​ដឹង​ច្បាស់​​ពី​មូល​ហេតុ​ហើយ​នោះ ​កា​រ​អង្គុយ​ស្មឹង​ស្មាធ ប្រមូល​​ស្មារ​តី​ឲ្យ​ស្ងប់​ក៏​អាច​ជួយ​ឲ្យអ្ន​ក​មាន​អារម្មណ៍​ធូរ​ស្បើយ​បាន​ច្រើន​ផង​ដែរ លើស​ពីនេះ​វា​ថែម​​ទាំង​​ធ្វើ​​ឲ្យ​អ្នក​​មាន​សុខ​ភាព​​ល្អផ្លូ​វ​​កាយ​ទៀត​ផង​។

 ពេល​ខ្លះ​បើ​សិន​ជា​អ្នក​មិន​អាច​ដោះ​ស្រាយ​វា​ដោយ​ខ្លួន​ឯង​នោះ​ទេ​ អ្នក​ត្រូវ​តែស្វែង​រក​ការ​ពិគ្រោះយោបល់ពីអ្នកជំនាញខាងផ្លូវអារម្មណ៍ដោយមិនត្រូវ​បណ្ដែតបណ្ដោយមិនខ្វល់​ខ្វាយនោះទេ។ 

២​​. ព្យាយាម​ធ្វើ​ឲ្យខ្លួន​ឯង​សប្បាយចិត្ត
នៅពេលដែល​អ្នកមាន​អារម្មណ៍ឯកា​នោះ អ្នកមិនត្រូវនៅម្នាក់ឯងនោះទេ។ អ្នកត្រូវចាំថា អ្នកមានគ្រួសារ​​ មិត្តភក្តិនិងមនុស្សជាច្រើនទៀតនៅជុំវិញខ្លួនអ្នក។ បែបនេះហើយអ្នក​​គួរ​​តែនិយាយប្រាប់ពួកគេពីអារម្មណ៍អ្នកឲ្យពួគេបានដឹង ដើម្បីឲ្យមានភាពធូរស្បើយក្នុងខ្លួន 



ក្រៅពីនេះអ្នកក៏អាចធ្វើសកម្មភាពមួយចំនួន ដើម្បីកម្ចាត់អារម្មណ៍ឯកាបានដែរ ដោយអ្នក​អាច​ធ្វើ​ការ​ហាត់​ប្រាណ​ លេង​កីឡា​ដែល​អ្នក​ចូល​ចិត្ត​ ឬ​អាន​សៀវ​ភៅ​ដើម្បី​ឲ្យ​ខ្លួន​ឯង​សប្បាយ​ចិត្ត​។​​ ផ្សេង​ពីនេះ​អ្នក​គួរ​តែ​ព្យាយាម​ចេញ​ក្រៅ​ឲ្យ​បាន​ច្រើន​ ដោយ​មិន​ត្រូវ​នៅផ្ទះ​ម្នាក់​ឯង​រហូត​នោះ​ទេ​។ អ្នក​អាច​ទៅមើល​កុន​ ណាត់​ជួប​ជាមួយ​មិត្ត​ភក្តិ​​ញ៉ាំ​អា​ហារ​ជាមួយ​គ្នា ​ឬ​ចូលរួម​ក្នុងកិច្ច​ការ​សង្គម​មួយ​ចំនួន​ដើម្បីធ្វើ​ឲ្យខ្លួន​អ្នកសប្បាយ​ចិត្ត​។ 


អ្នក​ក៏​អាច​ចិញ្ចឹម​សត្វ​ដែល​អ្នក​ចូល​ចិត្តដើម្បី​កំដរ​បានផងដែរ​។ សត្វឆ្កែ សត្វឆ្មា សត្វសេកនិងសត្វមួយចំនួនទៀតសុទ្ធតែជាសត្វដែលមានភាព​វៃឆ្លាត។​ ពួកវានឹងធ្វើឲ្យអ្នកសប្បាយចិត្ត។ 

៣.​ ព្យាយាមភ្ជាប់ទំនាក់ទំនង
ភាគច្រើននៃអារម្មណ៍ឯកោ គឺកើតឡើងដោយសារតែការនៅម្នាក់ឯងដោយខ្វះការ ទាក់ទងជាមួយមនុស្សផ្សេងទៀត និងសង្គមខាងក្រៅ។ ដូច្នេះ​អ្វី​ដែល​ត្រូវ​ធ្វើ​យ៉ាង​ចាំ​បាច់​នោះ​ត្រូវ​តែ​ព្យា​យាម​ធ្វើ​យ៉ាង​ណា​បង្កើត​មិត្ត​ភក្តិ​និង​ទំនាក់​ទំនង​ឲ្យ​បាន​ច្រើន​។

អ្នក​អាច​ចូល​រួម​ក្នុង​ក្រុម​កីឡា​ សកម្ម​ភាព​សង្គម​និង​សកម្ម​ភាព​ផ្សេងៗ​ទៀត​ដែល​មាន​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ច្រើន​។ តែ​ការ​រាប់​អាន​មិត្ត​ភក្តិ​ថ្មី​សម្រាប់​មនុស្ស​មួយ​ចំនួន​ពិត​ជាពិ​បាក​ណាស់​ជា​ពិសេស​សម្រាប់​មនុស្ស​ដែល​ខ្វះ​ភាព​ក្លា​ហាន​ បែប​នេះ​អ្នក​ត្រូវ​មាន​ភាព​ក្លាហាន​ក្នុង​ការ​បង្កើត​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ដ​ទៃ​ ដោយ​មិន​ត្រូវ​រង់​ចាំនោះ​ទេ​។ 



វិ​ធី​កាន់​តែ​ងាយ​ស្រួល​ជាង​នេះ​ទៅ​ទៀត​ នោះ​គឺ​ព្យា​យាម​នៅ​ជាមួយ​សមាជិក​គ្រួសារ​របស់អ្នក​ឲ្យ​បាន​ច្រើន ​ ព្រោះ​ថា​មាន​តែ​គ្រួសារ​នោះ​ទេដែល​ស្គាល់​ពី​អ្នក​បាន​ច្បាស់​ជាង​មនុស្ស​ផ្សេងៗ​។  ក្រៅ​ពី​នេះ​អ្នក​ក៏​អាច​ចូល​ទៅក្នុ​ងបណ្ដាញ​ទំនាក់​ទំនង​សង្គម​ផ្សេង​ៗដូ​ច​ជា​Facebook, Line, Instagramជាដើម។ 



អត្ថបទដោយ៖ ប៉ោ​ គីមហុក
ប្រភពអត្ថបទ៖ Wikihow

(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)