ព័ត៌មានថ្មីបំផុត

វិធី​​ងាយ​ៗ​​ដើម្បី​​កុំ​ឲ្យ​​ងងុយ​​ដេក​​ក្នុង​​ថ្នាក់​​រៀន

Loading...
វា​​​មិន​​​មែន​​​ជា​​​រឿង​​​ងាយ​​ស្រួល​​នោះ​​ទេ​​​ដែល​​អង្គុយ​​រៀន​​រាប់​​ម៉ោង​​ហើយ​​មិន​ងងុយ​ដេក​នោះ​។ ជា​ពិ​សេសសម្រាប់​ម៉ោង​មួយ​ចំនួន​ដែល​អ្នក​មិន​ចូល​ចិត្ត​ ឬ​ក៏​ម៉ោង​ណា​ដែល​រៀន​មិន​សូវ​ចេះ​។ មិន​ថា​សិស្ស​ណា​ឬសិស្ស​ណា​នោះ​ទេ​ ឲ្យ​តែ​រៀន​ប៉ះ​ចំ​ម៉ោង​ដែល​ពិបាក​យល់​នោះ​ច្បាស់​ជា​ងងុយ​ដេក​ក្នុង​ថ្នាក់​ហើយ។​ តែ​វាមិន​មែន​ជា​រឿង​ល្អ​ដែល​ត្រូវ​ធ្វើ​សម្រាប់​សិស្ស​នោះ​ទេ ​ព្រោះ​វា​បង្ហាញ​នូវ​ភាព​មិនយក​ចិត្ត​ទុក​ដាក់​ និង​ការ​មិន​ឲ្យត​ម្លៃឬ​គោរព​ដល់​លោកគ្រូ អ្នកគ្រូ​។ បែប​នេះ​ហើយ​ដើម្បី​ជៀស​វាង​ឲ្យ​ផុត​ពី​ការ​ដេក​ក្នុងថ្នាក់​នោះ​ត្រូវ​តែ​ព្យាយាម​ធ្វើ​តាម​វិធី​ងាយ​ៗខាង​ក្រោម​ឲ្យ​បាន​​​៖​


១. ព្យាយាមប្រយ័ត្នឲ្យបានខ្ពស់
ពេលខ្លះការងងុយដេកកើតឡើងរាល់ពេលណាដែលមិនបានយកចិត្តទុកដាក់ចំពោះការបង្រៀន។ បែបនេះអ្វីដែលគួរធ្វើនោះគឺត្រូវតែព្យាយាមគិតពីអ្វីដែលលោកគ្រូ អ្នកគ្រូរៀបនឹងនិយាយ ព្រោះថាការធ្វើបែបនេះនឹងធ្វើឲ្យអ្នកប្រមូលអារម្មណ៍បានកាន់តែល្អចំពោះការបង្រៀន ហើយវាមិនធ្វើឲ្យអ្នកងងុយដេកនោះទេ។​ ក្រៅពីនេះអ្នកអាចធ្វើយ៉ាងណាឲ្យខ្លួនអ្នករវល់ ដោយអ្នកអាចបង្វិលប៊ិចលេងឬធ្វើអ្វីផ្សេងក៏បានកុំឲ្យអ្នកងងុយដេក។ ចំណុចមួយទៀតដែលត្រូវប្រុងប្រយ័ត្ននោះគឺថា ត្រូវតែព្យាយាមធ្វើយ៉ាងណាឲ្យខ្លួនឯងមើលទៅនៅតែមានកម្លាំងនិងផ្ដោតអារម្មណ៍ទោះបីជាងងុយដេកប៉ុនណាក៏ដោយ​។ ម៉្យាងវិញទៀតត្រូវតែចំណាំនៅពេលណាដែលអ្នកស្ងាប ព្រោះវាជាសញ្ញាមួយដែលបង្ហាញថាអ្នកកំពុងតែងងុយដេកខ្លាំង។

២ ព្យាយាមធ្វើឲ្យខ្លួនអ្នកសកម្មជានិច្ច
រាល់ពេលណាដែលអ្នកដឹងខ្លួនច្បាស់ថាកំពុងតែងងុយដេកខ្លាំងនោះ អ្នកអាចព្យាយាមទប់ដង្ហើមឲ្យបានរយៈពេលប្រហែលជា ១០វិនាទីហើយដកដង្ហើមមួយៗព្រោះវានឹងធ្វើឲ្យអ្នកមានអារម្ម​ណ៍ស្វាង។ កាន់តែមានប្រសិទ្ធិភាពនោះ អ្នកអាចងើបចេញពីថ្នាក់ដើរបន្តិច រួចលុបមុខឲ្យបានស្រឡះខ្លួន ។ ក្រៅពីវិធីនេះអ្នកក៏អាចសាកល្បងផឹកទឹកត្រជាក់ៗបានផងដែរ ព្រោះថាពេលខ្លះមនុស្សងងុយដេកដោយសារតែការបាត់បង់ជាតិទឹក បែបនេះការបំពេញជាតិទឹកបានភ្លាមៗពិតជាមានសារប្រយោជន៍។ លើសពីនេះអ្នកក៏អាចសាកល្បង ទំពារស្ករកៅស៊ូបានដែរព្រោះថាវានឹងធ្វើឲ្យអ្នកស្វាងស្រឡះ និងថែមទាំងអាចមានលទ្ធភាពផ្ដោតអារម្មណ៍បានកាន់តែខ្ពស់ថែមទៀត។

ប្រភព៖ wikihow
អត្ថបទ៖ ប៉ោ គឹមហុក