ព័ត៌មានថ្មីបំផុត

គន្លឹះ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រឡង​បាក់​ឌុប​​​ពី​អតីត​​សិស្ស​​និន្ទេស​​ A​

Loading...
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា2016-2017នឹងចាប់ផ្តើមនៅថ្ងៃទី21 ខែសីហាខាងមុខនេះហើយ។នៅសល់រយៈពេលប្រមាណដប់ថ្ងៃទៀតប៉ុណ្ណោះ តើប្អូនៗសិស្សានុសិស្សបាន ត្រៀមខ្លួនរួចរាល់ឬនៅ? ឬត្រៀមខ្លួនបានខ្លះហើយ? ការប្រឡងថ្នាក់ជាតិនេះអាចនឹងធ្វើអោយប្អូនៗ ភ័យខ្លាច ដូច្នេះក្នុងនាមខ្ញុំជាសិស្ស​ដែលធ្លាប់បាននិន្ទេសខ្ពស់ ( A) ពីការប្រឡងឆ្នាំទៅ ខ្ញំុចង់ចែករំលែកបទពិសោធន៍ ខ្លះៗទាក់ទងនឹងដែលត្រៀមខ្លួន និងតិចនិចដែលអាចជួយប្អូនៗក្នុងការទទួលលទ្ធផលល្អ៖


Photo credit: The Cambodia Daily


១).ឧបករណ៍សំខាន់ៗ

  • ប៊ិចពណ៌ខៀវ(ពណ៌ដូចគ្នា)ចំនួនយ៉ាងតិច3​ដើម ហើយត្រូវយកទៅសរសេរសាកថា តើប្រើការបានល្អទេ ។
  • បន្ទាត់រ៉ាប់ព័រទ័រ (ប្រើប្រាស់ដើម្បីវាស់មុំនិងក្រិតចំនួន) ។
  • ខ្មៅដៃនិងជ័រលុប (ជាការពិតដែលខ្មែរដៃនិងជ័រលុបមិនសូវ​មានអ្នកយកទៅក្នុងការប្រឡង តែវាពិតជាមានប្រយោជន៍ដល់អ្នកប្រឡង ជាពិសេសក្នុងពង្រាងរូប ។ឬសំណួរបែបពហុជ្រើសរើស) ។
  • ទឹកស្អាតមួយដប និង ប្រេងកូឡា ឬប្រេងខ្យល់ អាចជួយសម្រួលអារម្មណ៍របស់អ្នក ពេលដែលអ្នកមានអារម្មណ៍ថាឈឺក្បាលវិលមុខឬគិតអ្វីមិនចេញ ។
  • នាឡិកាដៃ(ក្នុងករណីអនុញ្ញាតឲ្យយកចូលបាន) ប្រើប្រាស់ដើម្បីផ្ទៀងផ្ទាត់ និងគ្រោងពេលវេលាក្នុងការសរសេរចម្លើយ ។
  • កន្សែងដៃ ប្រើប្រាស់ដើម្បីសម្អាតតុឲ្យស្អាត ដើម្បីចៀស​វាងការធ្វើឲ្យក្រដាសប្រឡងកខ្វក់ ។


2).ប្រការគួរត្រៀមខ្លួនមុនថ្ងៃប្រឡង
  • ដឹងច្បាស់ពីកាល​បរិច្ឆេទ និងពេលវេលានៃ​ការប្រឡងឲ្យច្បាស់
  • ត្រៀមសម្លៀកបំពាក់និងសម្ភារៈដូចបានរៀបរាប់ខាងលើ 
  • ទៅពិនិត្យមើលលេខតុ លេខបន្ទប់ប្រឡងមុនថ្ងៃចាប់ផ្តើមប្រឡងមួយថ្ងៃ 
  • ទៅស្វែងរកបន្ទប់ប្រឡង 
  • ទៅដល់បន្ទប់ប្រឡងមុនពេលវេលាកំណត់យ៉ាងតិចមួយម៉ោង 
  • សម្រាកឱ្យបានគ្រប់គ្រាន់ 
  • ញ៉ាំអាហារដែលមានជីវជាតិ និងមិនប៉ះពាល់ដល់សុខភាព


3).ប្រការគួរធ្វើនៅពេលប្រឡង 

 Photo Credit: The Phnom Penh Post

  • រៀបចំតុអង្គុយរបស់អ្នកឱ្យស្អាត ឲ្យប្រាកដចិត្តថានឹងមិនប្រឡាក់ក្រដាស ហើយគួរយកដបទឹកដាក់ឲ្យឆ្ងាយពីដៃ និងកន្លែងសរសេរ។
  • សម្រួលអារម្មណ៍របស់អ្នកឱ្យបានស្ងប់ ដោយប្រាប់ខ្លួន​ឯងថាយើងអាចធ្វើបានហើយយើងនឹងធ្វើឲ្យអស់ពីលទ្ធភាព។ 
  • នឹកដល់មនុស្សដែលយើងគោរពស្រឡាញ់ ដូចជាឪពុកម្ដាយ លោកគ្រូអ្នកគ្រូ មិត្តភក្តិ អ្នកមានគុណ និងខ្លួនឯង ដោយគិតថាយើងនឹងធ្វើបានល្អដើម្បីពួកគាត់និងខ្លួនឯង។ 
  • ក្នុងករណីដែលអ្នកមានបញ្ហាទាក់ទងនឹងសុខភាពឬបរិយាកាសមិត្តភក្តិអង្គុយនៅជុំវិញ អ្នកគួរចែងសូមជំនួយពីអនុរក្សប្រឡង។ 
  • យកចិត្តទុកដាក់លើការបំពេញក្បាលសន្លឹកកិច្ចការជាទីបំផុត។ 
  • ឆ្លើយតបសំណួរដែលអ្នកចេះមុននិងឆ្លើយតបសំណួរដែលអ្នកស្ទាក់ស្ទើរ។ 
  • ឆ្លើយតបគ្រប់សំណួរតាមតែអាចធ្វើបាន។ 
  • មិនត្រូវចាប់​អារម្មណ៍នឹងអ្នកប្រឡងជុំវិញខ្លួន 
ទោះបីជាមិត្តភក្តិជុំវិញចាកចេញពីបន្ទប់ប្រឡងមុនពេលវេលាកំណត់ អ្នកគួរតែបន្តធ្វើវិញ្ញាសារហូតដល់ពេលកំណត់ ឬអ្នកគួរយកពេលវេលាដែលនៅសល់ ទៅផ្ទៀងផ្ទាត់វិញ្ញាសាដែលបានសរសេរហើយថាគួរតែបន្ថែមឬវាមានកំហុសទេ។

 Photo Credit: The Phnom Penh Post
*ហាមឲ្យក្រដាសប្រឡងរបស់ខ្លួនកង្វក់ សើម រហែក ជាពិសេសគឺមិនគួរចែករំលែកដល់មិត្តភក្តិនៅជុំវិញ (ត្រូវចាំថាអ្នកជាអ្នកទទួលខុសត្រូវចំពោះអនាគតរបស់អ្នក )។

*ហាមធ្វើអាកប្បកិរិយាមិនសមរម្យចំពោះមិត្តភក្តិ និងអនុរក្ស ហាមនិយាយជជែកគ្នា ជាពិសេសនិយាយអួតពីខ្លួនឯង។

​​​*ចំពោះអ្នកដែលមានផ្ទះនៅឆ្ងាយពីមណ្ឌលប្រឡង សូមណែនាំឲ្យអ្នកម្តាយចំណាយពេលវេលាពីរថ្ងៃជូនកូនទៅប្រឡង ដើម្បីជាអ្នកត្រៀមអាហារនិងជាកម្លាំងចិត្តដ៏សំខាន់ដល់កូន។

សង្ឃឹមថាប្អូនៗនឹងយកវិធីសាស្រ្តទាំងនេះ ទៅប្រើប្រាស់ ហើយទទួលបានជោគជ័យ នៅថ្ងៃប្រឡងខាងមុខទាំងអស់គ្នា។ 

អត្ថបទដោយ នីន សុផារី

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។ 

No comments