ព័ត៌មានថ្មីបំផុត

ទម្លាប់មួយចំនួនជួយឲ្យពិន្ទុអ្នកបានកាន់តែខ្ពស់

Loading...

សិស្សមួយរូបណាក៏ចង់បានពិន្ទុខ្ពស់ក្លាយជាសិស្សពូកែក្នុងថ្នាក់ដែរ។ ប៉ុន្តែអ្នកខ្លះធ្វើវាមិនបាននោះទេ ទោះបីជាពួកគេព្យាយាមយ៉ាងណាក៏ដោយ។ តើធ្វើដូចម្ដេចទើបបានពិន្ទុខ្ពស់? វាមានវិធីសាស្រ្តមួយចំនួនដែលអ្នកអាចអនុវត្តបានបើមិនចង់បានពិន្ទុទាបគ្រប់ពេលនោះ។




១ កត់ត្រារាល់កិច្ចការទាំងអស់
វាជារឿងចាំបាច់ដែលអ្នកត្រូវតែកត់ត្រារាល់កិច្ចការទាំងអស់ក្នុងសៀវភៅ រឺទូរស័ព្ទដៃរបស់អ្នកឲ្យមានរបៀបរៀបរយបំផុត។ លើសពីនេះ អ្នកត្រូវតែកត់ឲ្យបានច្បាស់បំផុតនូវថ្ងៃកំណត់នៃកិច្ចការនីមួយៗឲ្យច្បាស់លាស់។ បើមិនដូច្នេះទេ អ្នកអាចមានការភ័នច្រឡំពេលវេលាប្រគល់កិច្ចការជាដើម។

២ យកកិច្ចការមកសាលាជានិច្ច
ការយកកិច្ចការមកសាលាជានិច្ចគឺជារឿងដែលល្អមួយសម្រាប់សិស្សគ្រប់រូប។ អ្នកអាចយកកិច្ចការទាំងនោះមកពិភាក្សាជាមួយគ្រូបង្រៀន ជាមួយមិត្តភក្តិក៏បាន។ ការធ្វើបែបនេះនឹងជួយបង្កើនចំណេះដឹងរបស់អ្នក និងធ្វើឲ្យកិច្ចការបញ្ចប់បានកាន់តែលឿនថែមទៀតផង។

៣ ទំនាក់ទំនងល្អជាមួយគ្រូ
ទំនាក់ទំនងល្អរវាងសិស្សនិងគ្រូក៏ជាចំណុចល្អមួយសម្រាប់សិស្សផងដែរ។ អ្នកត្រូវតែធ្វើយ៉ាងណាមិនត្រូវឲ្យគ្រូស្អប់នោះទេ។ ពេលមានទំនាក់ទំនងល្អហើយ វាផ្ដល់ភាពងាយស្រួលដល់សិស្សជាពិសេសពេលដែលត្រូវការជំនួយបន្ថែមពីគ្រូបង្រៀនដូចជាសុំឲ្យគាត់ជួយពន្យល់មេរៀន រឺកិច្ចការក្រៅម៉ោងរៀនបន្ថែម។ បើសិនជាគ្រូស្អប់អ្នកហើយ ច្បាស់ជាចប់មិនខាន។

៤ បង្កើតកន្លែងរៀនមួយសម្រាប់ខ្លួនឯង
ការមើមេរៀនក៏ទាមទារកន្លែងដែរ ព្រោះថាកន្លែងខ្លះមានការរំខានខ្លាំងពេកធ្វើឲ្យអ្នកមើលមេរៀនមិនចូលនោះទេ។ ចំណែកឯកន្លែងខ្លះវិញ មានភាពស្ងប់ស្ងាត់ពេកក៏អាចធ្វើឲ្យអ្នកងងុយដេកដែរ។ ប៉ុន្តែមនុស្សផ្សេងគ្នាត្រូវការកន្លែងអានផ្សេងផ្សេងគ្នា បែបនេះអ្នកត្រូវតែស្វេងយល់ពីខ្លួនឯងឲ្យបានច្បាស់ថាតើកន្លែងណាដែលអ្នកអានមេរៀនចូល។

៥ ត្រៀមខ្លួនសម្រាប់ការប្រឡង
បើចង់បានពិន្ទុល្អនោះ អ្នកត្រូវតែត្រៀមខ្លួនឲ្យបានល្អសម្រាប់ការប្រឡង។ វាមានន័យថា អ្នកត្រូវតែមើលមេរៀនឲ្យបានច្រើនមុនពេលប្រឡងមកដល់ ដោយមិនត្រូវបន្តរទំលាប់មើលមេរៀននៅថ្ងៃចង់ក្រោយទៀតនោះទេ។ លើសពីនេះ អ្នកត្រូវតែបែងចែកពេលវេលាឲ្យបានល្អ ដោយដឹងថាត្រូវចំណាយពេលប៉ុន្មានសម្រាប់ប្រភេទវិញ្ញាសារនីមួយៗ។

៦ ដឹងច្បាស់ពីវិធីសាស្រ្តរៀនសូត្ររបស់ខ្លួន
មនុស្សផ្សេងគ្នាមានរបៀបរៀនសូត្រផ្សេងៗគ្នា។ ហេតុដូចនេះ អ្នកត្រូវតែដឹងពីបែបបទនៃការរៀនសូត្ររបស់ខ្លួនឲ្យបានច្បាស់ ថាអ្នករៀនបែបណាឆាប់ចេះឆាប់យល់លឿនបំផុត។ អ្នកខ្លះចូលចិត្តរៀនដោយការស្ដាប់ ការអាន ការសរសេរ ការមើលជាដើម។

៧ កត់ត្រាឲ្យបានល្អ
បើរៀនត្រូវតែកត់ត្រា។ បើមិនធ្វើដូច្នេះទេអ្នកច្បាស់ជាភ្លេចជាមិនខាន។ ការកត់ត្រានេះ មានសារៈសំខាន់ណាស់ព្រោះវាជួយឲ្យអ្នកងាយស្រួលក្នុងការរម្លឹកមេរៀនដោយមនចាំបាច់បើកសៀវភៅពុម្ពគ្រប់ពេលនោះទេ។ ប៉ុន្តែអ្នកមិនត្រូវកត់ត្រាអ្វីគ្រប់យ៉ាងនោះទេ។ អ្វីដែលអ្នកត្រូវកត់ត្រានោះ គឺចំណុចសំខាន់នៃមេរៀន ឬពាក្យគន្លឹះមួយចំនួនគឺគ្រប់គ្រាន់ហើយ។

អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ ThoughtCo

 *ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។






No comments