ព័ត៌មានថ្មីបំផុត

មាន​​តែ​ការ​​រួមភេទ​​ទេ​​ឬ​ដែល​​ធ្វើ​ឱ្យ​​បាត់​បង់​​ព្រហ្មចារីយ៍​​បាន?​​

Loading...
នៅក្នុងសង្គមភាគច្រើន ព្រហ្មចារីយ៍របស់មនុស្សស្រីត្រូវបានគេចាត់ទុកដូចជាកំណប់ទ្រព្យមហិមា ដែលនាំឱ្យមានទំនៀមថា មនុស្សស្រីមានតម្លៃ និងមានភាពបរិសុទ្ធកាលណាខ្លួននៅមានព្រហ្មចារីយ៍។ នៅក្នុងវចនានុក្រមរបស់សម្ដេចសង្ឃជួនណាត បានឱ្យនិយមន័យពាក្យ “បរិសុទ្ធ” ថា ភាពស្អាត ឥតមានហ្មងសៅ។ ដូច្នេះស្រ្តីដែលមានភាពបរិសុទ្ធមានន័យថា ស្ត្រីណាដែលមានភាពស្អាតស្អំ។



យ៉ាងណាក៏ដោយ ទំនៀមដែលវាយតម្លៃមនុស្សស្រីតាមរយៈព្រហ្មចារីយ៍ នៅតែចោទជាបញ្ហាធំ ជាពិសេសនៅក្នុងសតវត្សរ៍ទី២១នេះ ដែលបច្ចេកវិទ្យាមានការរីកចម្រើន ប្រជាធិបតេយ្យនិយមមានការរីកដាលស្ទើរពេញពិភពលោក។ ព្រហ្មចារីយ៍ត្រូវបានកំណត់តាមរយៈសន្ទះព្រហ្មចារី ដែលមានលក្ខណៈជាភ្នាសស្ដើងគ្របដណ្ដប់នៅលើរន្ធទ្វារមាសរបស់ស្ត្រី។ កាលណាសន្ទះព្រហ្មចារីយ៍នៅមាន នោះគេចាត់ទុកថាស្ត្រីនោះនៅមានភាពបរិសុទ្ធ។ ទាំងនេះ ដោយសារតែពួកគេមិនធ្លាប់បានដឹងថា សន្ទះព្រហ្មចារីអាចខូចទ្រង់ទ្រាយ តាមរយៈសកម្មភាពផ្សេងៗក្រៅពីការរួមភេទ។


យោងតាមគេហទំព័រ Center for Young Women’s Health ដែលជាគេហទំព័រផ្ដោតសំខាន់លើសុខភាពផ្លួវភេទបានឱ្យដឹងថា សន្ទះព្រហ្មចារីយ៍ មិនមែនរហែក និងមានការហូរឈាមតិចតូច ឬ ច្រើននៅពេលមានការរួមភេទជាលើកដំបូង ដែលជាភស្តុតាងបង្ហាញថាខាងដៃគូស្ត្រីនោះនៅបរិសុទ្ធនោះទេ។ ប៉ុន្តែ សន្ទះព្រហ្មចារីមានលក្ខណៈយឺត ដែលវាអាចប្ដូរទ្រង់ទ្រាយទៅជារីកធំជាងមុន ជួនកាលវាមិនបង្កឱ្យមានឈាមហូរ នៅពេលប្រដាប់ភេទរបស់បុរសស៊កបញ្ចូលទៅក្នុងប្រដាប់ភេទនារីនោះទេ ដែលធ្វើឱ្យមានការចោទប្រកាន់ថាដៃគូស្ត្រីនោះមិនមានព្រហ្មចារីយ៍ មិនមានភាពបរិសុទ្ធ។


ដោយឡែក គ្រូពេទ្យឯកទេសផ្លូវភេទ លោកវេជ្ជបណ្ឌិត Debby Herbenick បានឱ្យនិយមន័យព្រហ្មចារីយ៍ ហើយជាហេតុផលមួយដែលមនុស្សភាគច្រើនទទួលយកផងដែរនោះគឹ ភាពបរិសុទ្ធរបស់មនុស្សស្រី គឺជាភាពដែលបុគ្គលនោះ មិនធ្លាប់មានសម្ព័ន្ធភាពផ្លូវភេទជាមួយបុគ្គលណាម្ដងឡើយ។ ហេតុនេះភាពបរិសុទ្ធ មិនគួរត្រូវបានរាប់បញ្ចូលថាជាព្រហ្មចារីយ៍នោះទេ ព្រោះនារីមួយចំនួនដែលមិនមានការហូរឈាមពេលរួមភេទ មិនមែនបញ្ជាក់ថាពួកគេមិនមែនជាស្ត្រីព្រហ្មចារីយ៍ឡើយ។

សន្ទះព្រហ្មចារីរបស់នារីអាចខូចទ្រង់ទ្រាយ ឬរហែកទៅតាមសកម្មភាពមួយចំនួន បើទោះជាពួកគេមិនមានការពាក់ព័ន្ធនឹងការរួមភេទក៏ដោយ។ សកម្មភាពទាំងនោះមានដូចជា៖

១. ការពត់ខ្លួន ឬហាត់ប្រាណដោយលាតសន្ធឹងជើងជា១៨០ដឺក្រេ៖


សកម្មភាពនេះ អាចបង្កឱ្យឆ្អឹងត្រគាករីកសាយទៅតាមការទាញជើងនោះ ជាហេតុនាំឱ្យសន្ទះព្រហ្មចារីយ៍មានការដាច់រលាត់ឬរីកធំជាងមុន។


២. ការហែលទឹក៖


ការហែលទឹកក៏អាចប៉ះពាល់ដល់សន្ទះព្រហ្មចារីយ៍ផងដែរ។ សកម្មភាពហែលទឹកខ្លះ តម្រូវឱ្យមានការប្រើប្រាស់ចលនាត្រគាកខ្លាំង។


៣. ការជិះសេះ៖


ធ្វើឱ្យមានការប៉ះទង្គិចរវាងខ្នងសេះទៅនឹងទ្វារមាស ហើយវាអាចបណ្ដាលឱ្យសន្ទះព្រហ្មចារីមានការរងរបួស។


៤. ការជិះកង់៖


ចលនានៃការជិះកង់ បង្កឱ្យមានការកន្ត្រាក់ត្រគាកខ្លាំង ហើយទង្គិចនឹងសន្ទះនោះ។


៥. ការហាត់កាយសម្ព័ន្ធ៖


ដោយសារតែការហាត់កាយសម្ព័ន្ធតម្រូវឱ្យមានការពត់ពែនខ្លួន និងទាញកាយសម្បទាឱ្យទន់ វាអាចធ្វើឱ្យប៉ះពាល់ដល់សន្ទះព្រហ្មចារីដែរ។


ជារួម មានតែការរួមភេទប៉ុណ្ណោះដែលអាចធ្វើឱ្យស្ត្រីម្នាក់អាចបាត់បង់ភាពបរិសុទ្ធ តែព្រហ្មចារីយ៍មិនបានកំណត់តែនៅលើការរួមភេទនោះទេ។

 ហេតុដូច្នេះហើយ មនុស្សស្រីម្នាក់មិនគួរត្រូវបានវាយតម្លៃ និងទទួលរងការមាក់ងាយដោយសារតែព្រហ្មចារីនោះទេ តែនាងគួរទទួលបានការយកចិត្តទុកដាក់ និងពិនិត្យពិច័្ចយទៅតាមបុគ្គលិកលក្ខណៈ និងភាពស្អាតពីខ្លួននាងផ្ទាល់។


អត្ថបទដោយ៖ ម៉ៅ ធានី
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។ 

No comments