ព័ត៌មានថ្មីបំផុត

រឿង​៥​យ៉ាង​ដែល​ត្រូវ​ធ្វើ​ឱ្យ​ហើយ​មុនពេល​ចូល​និវត្តន៍​

Loading...
​មនុស្ស​យើង នរណាៗ​ក៏​ចង់​តែរ​ស់​ដោយ​សប្បាយ​ដែរ ហើយ​តែងតែ​គិតថា​គេ​នឹង​បាន​សប្បាយ​ខ្លាំង​នៅពេល​ដែល​ចូលនិវត្តន៍​ឈប់​ធ្វើការ​ទៅ ព្រោះ​មាន​ពេលទំនេរ​ច្រើន ចង់​ធ្វើ​អ្វី​ក៏​បាន​។ ក៏​ប៉ុន្តែ​ការពិត​វា​មិនមែន​ដូច្នោះ​ទេ​។​

១- ធ្វើ​ទេសចរណ៍​
ការ​ដើរលេង​កំសាន្ត​វា​ងាយស្រួល​ជាង​កាលណា​អ្នក​នៅ​ក្មេង នៅ​មាន​កម្លាំង ព្រោះ​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ ងាយស្រួល​ក្នុង​ការហូបចុក ងាយស្រួល​ក្នុង​ការស្នាក់អាស្រ័យ​។ អ្នក​អាច​ជិះ​កង់​ឬ​ម៉ូតូ​មួយ​ជុំ​ប្រទេស ឬ​ជួល​រថយន្ត​គេ​ជិះ​ក៏បាន ឬ​ជិះ​យន្តហោះ​ទៅ​លេង​បរទេស​ក៏​បាន​។​

នៅពេល​ដែល​អ្នក​ចាស់​ទៅ ចង់​ទៅ​ណា​មក​ណា​ក៏​ពិបាក ទោះបីជា​គ្រាន់តែ​អង្គុយ​ស្ងៀម​ក្នុង​រថ​ដែលមាន​ម៉ាស៊ីនត្រជាក់​ក៏ដោយ​។ ហូបចុក​ក៏​ពិបាក ហើយ​ពិបាក​ខ្លាំងជាងគេ​គឺ​ទីកន្លែង​គេង ដែល​បើសិនជា​នៅ​ក្មេង​វិញ​អ្នក​អាច​គេង​ក្នុង​រថយន្ត​ក៏​បាន​។​

ម្យ៉ាងទៀត ត្រូវ​ដឹង​ថា​អ្វីៗ​ចេះ​តែ​ឡើងថ្លៃ​រហូត​ហើយ​។ បើ​ចាំ​ដល់​ចាស់​សឹម​ចេញ​ដើរ ចំណូល​ពេលនោះ​វា​តិច ឯ​ឥ​វ៉ាន់​វា​កាន់តែ​ថ្លៃ​។​

២- រៀន​រស់ជាមួយ​ថវិកា​តិច​តួ​ច​
នៅពេល​ដែល​ចូល​និវត្តន៍​ទៅ ប្រាក់​សោធន​ដែល​អ្នក​ទទួលបាន​មាន​មិន​ច្រើន​ទេ​។ ដូច្នេះ នៅពេល​ដែល​អ្នក​នៅ​ពេញកម្លាំង​កំពុងតែ​រក​ប្រាក់​បាន បើទោះបីជា​អាច​រក​ប្រាក់​បាន​ច្រើន​យ៉ាង​ណា​ក៏​គួរតែ​ទម្លាប់ខ្លួន​ជាមួយនឹង​ការចាយវាយ​តិចតួច​ឱ្យ​ហើយ​ទៅ​ជា​ការល្អ​។ ម្យ៉ាងទៀត ការចាយវាយ​បែបនេះ​ក៏​អាច​ជួយ​ឱ្យ​យើង​អាច​សន្សំ​ប្រាក់ ទុក​សម្រាប់​ពេល​ចាស់​ទៅ​ផងដែរ​។​

​ឧទាហរណ៍​មួយ​នៃ​ការ​រស់​ជាមួយ​នឹង​ចំណាយ​តិចតួច ដូចជា​បើ​សមាជិក​ក្នុង​គ្រួសារ​តិច ឬ​បាន​ថយ​ចុះ​រួចហើយ អ្នក​អាច​ប្តូរ​ពី​នៅផ្ទះ​ធំ​ល្វឹងល្វើយ មក​នៅក្នុង​ផ្ទះ​តូច​ល្មម ដែល​មិន​ត្រូវ​ការចំណាយ​ធំ ជា     ដើម​។​

៣- ហាត់ប្រាណ​ជាប្រចាំ​
អ្នក​ពិត​ជា​ចង់​ណាស់​ឱ្យ​នៅ​មាន​សុខភាព​ល្អ​ដល់​ពេល​ចាស់​ទៅ មែន​ទេ​? បើដូច្នោះ​មែន សូម​ឧស្សាហ៍​ហាត់ប្រាណ​ឱ្យ​បាន​ជាប់​ជាប្រចាំ​តាំងពីក្មេង​ទៅ ព្រោះ​គេ​មិន​អាច​ទិញ​សុខភាព​បានទេ ទោះបី​មាន​ប្រាក់​ច្រើន​យ៉ាងណាក៏ដោយ​។ អាច​គួបផ្សំ​ការដើរ​ចំនួន​៣០​នាទី​រាល់ថ្ងៃ ជាមួយនឹង​ការហាត់​យោគៈក៏​រឹតតែ​ល្អ​។​

៤- មាន​គោលដៅ​
ត្រូវ​មាន​គោលដៅ​សម្រាប់​ជួយ​តម្រង់ទិស កុំ​ឱ្យ​វង្វេង មិន​ច្បាស់លាស់​ក្នុង​ជីវិត និង​មិន​ឱ្យ​ខាត​ពេល   វេលា​។ ទិសដៅ​នោះ​មិន​ចាំបាច់​ឱ្យ​អស្ចារ្យ ឬ​ខ្ពស់​ខ្លាំង​ណាស់​ណា​នោះ​ទេ គ្រាន់​តែ​ត្រូវ​ឱ្យ​ជាក់លាក់ អាច​វាស់វែង​បាន និង​អាច​អនុវត្ត​ទៅរួច​។​

៥-  សម្រប​ខ្លួន​សម្រាប់​ការចូលនិវត្តន៍​
ពេល​ចូល​និវត្តន៍ អ្នក​នឹង​ត្រូវ​បែក​ឆ្ងាយ​ពី​ការងារ ពី​មិត្តភក្តិ ពី​ទម្លាប់​អនុវត្ត​ប្រចាំថ្ងៃ​។ វា​ហាក់ដូចជា​ពេលវេលា​មួយ​ដែល​អ្នក​ត្រូវ​បាត់បង់​អ្វីៗ ដូចជា​បុណ្យ​សក្តិ តួនាទី និង​ឋានៈ​ជាដើម​។​

ដើម្បី​កុំឱ្យ​ក្លាយទៅជា​"​ឯកា​" អ្នក​ត្រូវ​បង្កើត​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្ទាល់​ខ្លួន​មួយ  ឬ​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​សកម្មភាព​សង្គម​ណាមួយ ។​ល​។​និង​។​ល​។ ដើម្បី​កុំឱ្យ​នៅ​តែ​ផ្ទះ​នាំ​កើត​អផ្សុក​។​

ប្រភព៖ សុខភាព

No comments