ព័ត៌មានថ្មីបំផុត

​ឈឺ​​បត់​​ជើង​​តូច​​ តែ​​មិន​​ព្រម​​ទៅ​ ចេះ​តែ​ទប់​!​ ដឹង​អត់​ថា​ បំផ្លាញ​សុខភាព​កម្រិត​ណា?​

Loading...
ធម្មតា បើ​សិនជាអ្នក​បាន​ញ៉ាំទឹក ជា​ពិសេស​កាហ្វេ ច្រើន​នោះ អ្នក​នឹង​ឆាប់​នោមអាច​នោម​ញឹក​ទៀត​ផង។ តែ​ការងារ​នៅ​លើ​តុ​របស់អ្នក​មាន​ច្រើន​ពេក ឬ​ មិន​មាន​បន្ទប់​ទឹក​នៅ​ក្បែរ​ខ្លួន តើ​អ្នក​ធ្វើ​យ៉ាង​ម៉េច? មនុស្ស​ភាគ​ច្រើន នៅ​ពេល​ឈឺ​នោម​ភ្លាម មិន​ទាន់​ចង់​​ទៅ​បន្ទប់ទឹក​ទេ ចង់​ធ្វើ​ការងារ​បង្ហើយ ឬ ក៏​ចាំ​សិន។ តើ​ការ​ទប់​នោម​បែប​នេះ​ជា​ការ​ល្អ​ដែរទេ? តើ​អ្នក​គួរ​ទប់​នោម​ទេ? ខាង​ក្រោម​នេះគឺជា​ផល់​ប៉ះពាល់​មួយ​ចំនួន​ដែល​កើត​មាន​ពេល​អ្នក​ទប់​នោម។




1. អ្នក​អាច​លេច​នោម
ប្លោក​នោម​របស់​មនុស្ស​ពេញ​វ័យ​អាច​ដាក់​ទឹក​នោម​បាន​ប្រហែល​ជា ២ ពែង​ទឹក។​ នៅពេល​ដែល​ប្លោក​នោម​ពេញ វា​នឹង​ផ្តល់សញ្ញាទៅ​ខួរ​ក្បាល​ហើយ​ថា អ្នក​ត្រូវ​ការទៅ​បន្ទប់​ទឹក។ តែ​បើ​សិនជា​អ្នក​នៅ​មិន​ទាន់​ទៅ ទឹក​នោម​អាច​កើនឡើង​ ហើយ​មាន​ន័យ​ថា​វា​ត្រូវ​ការ​បញ្ចេញ។ ពេល​នោះ បើ​សិន​មិនអាច​ទប់​បាន​តទៅទៀត អ្នក​ត្រូវ​ប្រឈមមុខ ខ្មាស់​គេ លេច​នោម​ហើយ។

2. ប្រឈម​នឹង​ភាព​ស្តើង​របស់​ប្លោក​នោម
នៅពេល​ប្លោក​នោម​ផ្ទុក​ទឹក​នោម​គ្រប់​គ្រាន់​នឹង​បញ្ចេញ ហើយ​អ្នក​មិន​បញ្ចេញ វានឹង​កាន់​តែ​រីក​ធំឡើង​ៗ។ វាអាច​ផ្លាស់​ប្តូរទៅ​ជា​រូប​រាង​ផ្សេង ឬ អាច​ធំជាង​មុន អាស្រ័យ​លើ​ការ​ទប់​នោម​របស់​មនុស្ស​ម្នាក់ៗ​ យូរ​កម្រិតណា ឬ ប៉ុន្មានដងដែរ។

3. ប្រឈម​កើត​ជំងឺ​តម្រង​នោម​
ការ​ផឹក​ទឹក​ គឺជា​សកម្មភាព​មួយ​រួម​ចំណែក​ក្នុង​ការ​លាង​តម្រង​នោម ហើយ​ទឹក​នោមនេះគឺជា​កាក​សំណល់ពី​រាង​កាយ​ដែល​មាន​ដោយជាតិ​ពុល និង បាក់តេរី។ ការទប់​នោម​រយៈពេល​យូរធ្វើ​ឲ្យ​សារជាតិ​ពុល​ក្នុង​ទឹក​នោម មិន​បានហូរ​ចេញ​ក្រៅ តែធ្វើ​ឲ្យ​កក​ជា​កំណរសារជាតិ​ពុល​នៅ​ក្នុងតម្រង​នោម។ យូរៗទៅ សារធាតុ​ពុល​ទាំង​នោះ​នឹង​បង្ក​ឲ្យ​កើត​ជា​ជំងឺ​តម្រង​នោម​បាន។

4. ឈឺចាប់​ពេល​នោម
តាម​ធម្មតា ការ​ទប់​នោម​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ការ​ឈឺ​ចាប់​មួយ​ចំនួន ដូចជា ឈឺចាប់​ពេល​នោម ឈឺពោះ​ខ្លាំង អារម្មណ៍​មិន​ស្ងប់ បាត់បង់​សមាធិធ្វើ​ការ។ មិន​តែ​ប៉ុណ្ណោះ អ្នក​អាច​នឹង​មាន​អាការឈឺប្រដាប់​ភេទ ព្រម​ទាំង​ពិបាក​នោម​នៅ​ពេល​ក្រោយ នោម​ចេញ​តិចជា​ដើម។

Bonus: មាន​ករណី​ខ្លះ ពេល​ដែល​អ្នក​ទប់​នោម​រយៈពេល​យូរ ក្រៅពីលេច​នោម អ្នក​អាច​មាន​អាការៈនោម​មិន​ចេញ ហើយ​អាច​ឈាន​ដល់​ស្លាប់​បាន​ទៀត​ផង។ ទោះជា​យ៉ាងណា ករណីនេះ​ជា​ករណី​កម្រ​។ ដោយសារ​ហេតុ​ផល​ទាំង​នេះ អ្នក​ទាំង​អស់​គ្នា​គួរ​តែ​កុំ​ទប់​នោមអី ដើម្បី​សុខភាព​ទាំង​អស់​គ្នា៕


ដោយ៖ ហ៊ាង សុគន្ធារី

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments