ព័ត៌មានថ្មីបំផុត

កំហុស​ឆ្គង​​​​សុខភាព​​២០​​យ៉ាង​​ដែល​​ត្រូវ​​បញ្ឈប់​​មុន​​អាយុ​​៤០​​ឆ្នាំ​​

Loading...
តើ​អ្នក​ចង់​មាន​សុខភាព​ល្អ ហើយ​នៅ​ក្មេង​នៅ​ពេល​ដែល​ចាស់​ទៅ មែន​ទេ​? បើដូច្នោះ​មែន សូម​បញ្ឈប់​កំហុសឆ្គង​ខាង​សុខភាព​ទាំង​២០​យ៉ាង​ខាងក្រោម​នេះជាបន្ទាន់​។​





១- ការ​ញៀន​នឹង​ទូរស័ព្ទដៃ​

​ការសិក្សា​ថ្មី​មួយ​របស់​មន្ទីរពេទ្យ Brigham & Women’s Hospital នៅ Boston បានឱ្យដឹងថា ពន្លឺ​ពណ៌​ខៀវ​របស់ tablets ទូរស័ព្ទដៃ និង​ឧបករណ៍​បែប​នេះ​ផ្សេងទៀត បាន​បង្ក​ការលំបាក​ដល់​ការ​ដេក​នៅ​ពេលយប់​។​ យក​ល្អ​អ្នក​ត្រូវ​ឈប់​មើល​ស្គ្រីន​ឧបករណ៍​ទាំងអស់​នេះ​ឱ្យបាន​១០​នាទី ក្រោយ​ពី​មើល​អស់​ពេល​១​ម៉ោង​រួចមក​។​


២- មិន​ចាត់​ទុក​ការ​ដេក​ជា​អាទិភាព​
​មនុស្ស​អាយុ​ពី​១៨​ដល់​៦៤​ឆ្នាំ​ត្រូវការ​ដេក​ឱ្យបាន​៧​ទៅ​៩​ម៉ោង​ក្នុង​១​យប់ៗ​។ ការ​ដេក​មិន​បាន​គ្រប់គ្រាន់​អាច​ធ្វើឱ្យ​មាន​សម្ពាធ​ឈាម​ខ្ពស់ ឡើង​ធាត់ មាន​ស្ត្រេ​ស ឬ​មាន​ជម្ងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាលបាន​។​ ត្រូវ​ដេក​ឱ្យបាន​គ្រប់គ្រាន់ ហើយ​យក​ល្អ​កុំ​ដាក់​ទូរស័ព្ទ​ក្បែរ​ខ្លួន​នៅពេល​យប់​។​

៣- មិន​យកចិត្តទុកដាក់​សម្អាត​ធ្មេញ​
​ការ​មិន​សម្អាត​ធ្មេញ​ឱ្យបាន​គ្រប់គ្រាន់​ធ្វើឱ្យ​មាន​កំណក​ជាតិ​កំបោរ​នៅតាម​ជើង​ធ្មេញ ដែល​មិន​គ្រាន់តែ​ធ្វើឱ្យ​មាត់​មាន​ក្លិន​មិនល្អ និង​ញញឹម​មិន​ស្រស់​តែ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​អាច​បង្ក​ជម្ងឺ​បេះដូង បានដែរ នេះ​បើ​តាម the National Institute of Dental and Craniofacial Research ។​
​អ្នក​មិន​គ្រាន់​តែ​ប្រើ​ច្រាស​ដុស​សម្អាត​ធ្មេញ​តែប៉ុណ្ណោះ​ទេ ត្រូវ​ប្រើ​ខ្សែ​កោស​សម្អាត​ចន្លោះ​ធ្មេញ​ផង ដែរ​។​

៤- ការ​បង្អត់អាហារ​
​អ្នកខ្លះ​អត់​មិន​ញ៉ាំ​អាហារ​ទេ​នៅ​ពេល​ថ្ងៃ ដើម្បី​មូលហេតុ​ផ្សេងៗ ដូច​ជា​ចង់​សម្រក​ទម្ងន់​ជាដើម​។ ការសិក្សា​បាន​បង្ហាញថា ការ​បង្អត់អាហារ​នៅពេល​ថ្ងៃ​មិនល្អ​ចំពោះ​សុខភាព​ទេ ហើយ​អាច​ធ្វើឱ្យ​កើត​ជម្ងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២​បានដែរ ចំពោះ​អ្នក​មាន​អាយុ​ពី​៤០​ដល់​៦៤​ឆ្នាំ​។

បើតាម the Women’s Wellness Center at LifeBridge Health នៅ Baltimore គេ​ត្រូវ​ចាប់ផ្តើម​ថ្ងៃ​នី​មួយៗ​ដោយ​ទទួលទាន​អាហារ​ពេលព្រឹក​ឱ្យបាន​គ្រប់គ្រាន់​។​

៥- មិន​ខ្វល់​នឹង​សញ្ញា​សុខភាព​
​អ្នកខ្លះ​មិន​យកចិត្តទុកដាក់​នឹង​សញ្ញា​នៃ​បញ្ហា​សុខភាព​ទេ ដោយ​គិត​ថា​វា​ជា​ការឈឺ​បន្តិចបន្តួច​ដែល​នឹង​ជា​ទៅ​ឯងៗ ឬ​ដោយ​ខ្មាស់អៀន​មិន​ចង់​ឱ្យ​អ្នកដទៃ​ដឹង មិន​ហ៊ាន​ទៅ​ជួប​គ្រូពេទ្យ​។​

ត្រូវ​ដឹង​ថា​ការបង្ក​រោគ​ខ្លះ​ដែល​តិចតួច​ពី​ដំបូង អាច​នឹង​ទៅជា​ធ្ងន់ធ្ងរ​ដល់​យូរៗ​ទៅ ជាក់ស្តែង​គឺ​គីស​ខ្លះ​អាច​ក្លាយទៅជា​មហារីក​បាន ហើយ​ការ​ឆាប់​ព្យាបាល​អាចធ្វើឱ្យ​សះជា​បាន​។​


៦- ជក់បារី​
​ជក់បារី​ធ្វើឱ្យ​ញៀន ហើយ​នាំ​ទៅ​រក​ជម្ងឺ​បេះដូង មហារីក​សួត ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ។​ល​។​ ការបោះបង់​ការជក់បារី​មុន​អាយុ​៤០​ឆ្នាំ​អាចជួយ​ឱ្យ​ជៀសវាង​ការស្លាប់​មុន​អាយុ​បាន​ដល់​ទៅ​៩០%​។​

៧- បរិភោគ​ជាតិ​សូ​ដ្យូ​ម​ច្រើនពេក​
​បរិភោគ​ជាតិ​សូ​ដ្យូ​ម​ច្រើន លើស​ពី​កន្លះ​ស្លាបព្រា​កាហ្វេ​ក្នុង​១​ថ្ងៃ ធ្វើឱ្យ​មាន​សម្ពាធ​ឈាម​ខ្ពស់ ដែល​អាច​បង្ក​ជា​ជម្ងឺ​គាំងបេះដូង ឬ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​បាន​។​

ត្រូវ​ដឹង​ថា​សូ​ដ្យូ​ម​មិនមែន​តែ​នៅក្នុង​អំបិល​តែមួយ​មុខ​ប៉ុណ្ណោះ​ទេ វា​ក៏​មាន​ផងដែរ​នៅក្នុង​ចំណីអាហារ​ផ្សេងៗ ដូចជា​នំប៉័ង សាច់ សម្ល ។​ល​។ ផងដែរ​។​


៨- ទុក​ខ្លួន​ឱ្យ​នៅ​ស្ងួត​ខ្វះ​ជាតិ​ទឹក​
​ទឹក​សំខាន់​ណាស់​សម្រាប់​កោសិកា និង​សរីរៈ​ផ្សេងៗ​ក្នុង​រាងកាយ ហើយ​គេ​រឹតតែ​ត្រូវការ​ជាតិ​ទឹក​ខ្លាំង​ណាស់​ទៀត​កាលណា​កាន់តែ​ចាស់​ទៅ​។​

ត្រូវ​ផឹកទឹក​ឱ្យបាន​គ្រប់​គ្រាន៉ ជាពិសេស​នៅពេល​ដែល​បែកញើស​ខ្លាំង ឬ​នៅ​ហាល​ក្តៅ​យូរ​។​

៩- មិន​ចូល​ចិត្ត​អាហារ​ធ្វើ​ពី​ទឹកដោះ​
​នារីៗ​ខ្លះ​អត់​មិន​ញ៉ាំ​អាហារ​ជាតិ​ទឹកដោះ​ទេ ដើម្បី​សម្រក​ទម្ងន់​។​

អ្នកស្រី​វេជ្ជបណ្ឌិត Lisa Larkin នាយក​នៃ the University of Cincinnati Women’s Health Center បាន​និយាយ​ឱ្យដឹងថា ការ​ទទួលទាន​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​នៅ​ក្នុង​វ័យ​២០-៣០​ឆ្នាំ​មាន​សារសំខាន់​ខ្លាំងណាស់​ក្នុង​ការថែរក្សា​សុខភាព​ឆ្អឹង ដល់​ពេល​ចាស់​ទៅ​។​
​ត្រូវ​បរិភោគ​ជាតិ​កាល់ស្យូម​ឱ្យបាន​១០០០​មក្រ​ក្នុង​១​ថ្ងៃៗ​។​


១០- និយាយ​ភរ​គ្រូពេទ្យ​
​នៅក្នុង​ការអង្កេត​មួយ គ្រូពេទ្យ​ប្រមាណ​ជា​៧៧%​បាន​និយាយថា​ក្នុង​អ្នក​ជម្ងឺ​៤​នាក់ មាន​ម្នាក់​ហើយ​ដែល​និយាយ​ភរ មិន​ប្រាប់​ការពិត​ដល់​គ្រូពេទ្យ ដោយ​មូលហេតុ​ផ្សេងៗ​។​
​ ដោយ​បញ្ហា​សុខភាព​មាន​កើនឡើង​កាលណា​អ្នក​កាន់តែ​ចាស់​ទៅ អ្នក​ត្រូវ​និយាយ​ប្រាប់​ការពិត​ទាំងអស់​ដល់​គ្រូពេទ្យ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​។​


១១- គេច​មិន​ហាត់ប្រាណ​
​ការ​ហាត់ប្រាណ​ជួយ​ឱ្យ​រាងកាយ​និង​ឆ្អឹង​រឹងមាំ មេ​តា​បូលិស​មាន​ដំណើរការ​ល្អ ចលនា​ទន់ភ្លន់ និង​ការដកដង្ហើម​មាន​តុល្យភាព​។ មិនតែប៉ុណ្ណោះ វា​ក៏​ជួយ​កុំឱ្យ​មាន​ការ​ឈឺចង្កេះ ឈឺឆ្អឹងឆ្អែង​ទៀតផង​។​

ត្រូវ​ចំណាយ​ពេល​ហាត់ប្រាណ​ឱ្យ​បាន​ជាប់​ជាប្រចាំ ហើយ​បើ​អាច​បាន ចូល​ក្លិប​ហាត់ប្រាណ​ដែលមាន​ឧបករណ៍​គ្រប់បែបយ៉ាង​។​


១២- មិន​រួមភេទ​
​ការ​រួមភេទ​កើន​ដល់​ចំណុចកំពូល​នៅ​ក្នុង​វ័យ​៣០​ឆ្នាំ ក៏​ប៉ុន្តែ​គេ​ច្រើន​តែ​ព្រងើយកន្តើយ​នឹង​រឿង​នេះ​ដោយសារ​រវល់​នឹង​ការងារ​។ បើ​តាម​វេជ្ជបណ្ឌិត Dr. Taber ការថែរក្សា​ការ​រួមភេទ​ជាប់​ជាប្រចាំ​ពេល​មាន​វ័យ​ពាក់កណ្តាល​មនុស្ស អាច​ជួយ​ធ្វើឱ្យ​មាន​សុខភាព​និង​ការរស់នៅ​ល្អប្រសើរ​។​

១៣- ការ​នៅ​ហាលថ្ងៃ​
​ការ​នៅ​ហាលថ្ងៃ​ដាក់​រាងកាយ​ឱ្យ​ប៉ះ​ជាមួយ​កាំរស្មី​ultraviolet ដែល​ល្អ​ដែរ​ចំពោះ​សុខភាព​។ ក៏​ប៉ុន្តែ​ការ​នៅ​ហាលថ្ងៃ​ដោយផ្ទាល់ មិន​មាន​លាប​ក្រែមការពារ អាច​ធ្វើ​កោសិកា​ស្បែក​ងាប់ ឬ​អាច​បង្ក​ទៅ​ជា​មហារីក​បាន​។​

១៤- ផឹក​ភេសជ្ជៈ​ផ្អែម​
​ភេសជ្ជៈ​មាន​រសជាតិ​ផ្អែម​ធ្វើឱ្យ​ធា​ត់ មាន​ភាពស៊ាំ​នៃ​insulin ហើយ​និង​ឈានទៅរក​ជម្ងឺ​ទឹកនោម​ផ្អែម​។ មិនតែប៉ុណ្ណោះ ការសិក្សា​មួយ​របស់​Tufts University បាន​បង្ហាញ​ឱ្យដឹងថា នារីៗ​ដែល​ចូលចិត្ត​ផឹក​កូកាកូឡា​ធ្វើឱ្យ​កំហាប់​ជាតិ​រ៉ែ​របស់​ឆ្អឹង​ថយ​ចុះ​ថែមទៀត​។​

១៥- ហូប​អាហារ​ចម្អិន​ស្រាប់​
​ការ​ហូប​អាហារ​ចម្អិន​ស្រាប់​ដាក់​នៅក្នុង​កំប៉ុង​ឬ​កញ្ចប់ មាន​ការប៉ះពាល់​ខ្លាំង​ដល់​សុខភាព​។ យក​ល្អ​ត្រូវ​ហូប​សាច់​ឬ​ត្រី​ស្រស់ៗ​ដែល​ចម្អិន​ភ្លាមៗ ជាមួយនឹង​បន្លែស្រស់ គ្រាប់​ផ្លែឈើ វិញ​។​


១៦- សេពសុរា​ច្រើនពេក​

​គ្រឿង​ស្រវឹង​អាច​ល្អ​ចំពោះ​សុខភាព បើ​គេ​សេព​ក្នុង​ចំនួន​តិចតួច​។ បើ​សេព​ច្រើន​ពេក ​វា​នឹង​ធ្វើឱ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹក​និង​សម្បូរ​ទៅ​ដោយ​ជាតិពុល បាត់បង់​ស្មារតី​មិន​អាច​គ្រប់គ្រង​ខ្លួន​បាន​។​


១៧- ការ​ឱ្យ​តម្លៃ​លើ​បណ្តាញ​សង្គម​ខ្លាំងពេក​
​សព្វថ្ងៃនេះ គេ​ចំណាយពេល​ជាមួយនឹង Facebook និង Twitter ខ្លាំង​ហួសហេតុ​ពេក រហូតដល់​ទៅ​ជា​ភ្លេច​ការប្រាស្រ័យ​ទាក់ទង​ផ្ទាល់ សូម្បី​តែ​កំពុងតែ​ស្ថិតនៅ​ទល់មុខ​គ្នា​ក៏​ដោយ​។​
​ ត្រូវ​ទុក​បណ្តាញ​សង្គម​មួយ​កន្លែង​សិន រួច​និយាយស្តី​ជាមួយ​នឹងមិ​ត្ត​ភក្តិ និង​គ្រួសារ​ឱ្យបាន​ច្រើន​។​


១៨- មិន​បាន​ពិភាក្សា​គ្នា​អំពី​សុខភាព​គ្រួសារ​
​ដោយសារ​ការ​ឱ្យ​តម្លៃ​កាន់តែ​ខ្លាំង​ចំពោះ​ភាព​ឯកជន​របស់​បុគ្គល គេ​មិន​បាន​យកចិត្តទុកដាក់​នឹង​ប្រវត្តិ​សុខភាព​របស់​គ្រួសារ​ទេ​។ ក៏ប៉ុន្តែ​ត្រូវ​ដឹងថា ការយល់ដឹង​អំពី​ប្រវត្តិ​សុខភាព​របស់​គ្រួសារ​អាច​ជួយ​ឱ្យ​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​បាន​ត្រឹមត្រូវ​បាន​។​


១៩- មិន​យកចិត្តទុកដាក់​បង្ការ​ជម្ងឺ​
​នៅ​ក្នុង​វ័យ​៣០​ឆ្នាំ គេ​ច្រើន​តែ​មិនសូវ​បាន​គិត​បង្ការ​ខ្លួន​ពី​ជម្ងឺ​ផ្សេងៗ​ទេ ដូចជា​មិន​ត្រួតពិនិត្យ​អត្រា​ជាតិ cholesterol ក្នុង​ឈាម​ជាដើម​។ ការធ្វេសប្រហែស​នេះ​អាច​ធ្វើឱ្យ​មាន​ជម្ងឺ​បេះ​ដូង​បាន កាលណា​គេ​ចាស់​ដល់​អាយុ​៤០​ឬ​៥០​ឆ្នាំ​។​

២០- មិន​ទទួលយក​វ៉ាក់សាំង​បង្ការ​
​មិនមែន​មាន​តែ​កុមារ​នោះទេ ដែល​ត្រូវ​ទទួលយក​វ៉ាក់សាំង​បង្ការ​។ មនុស្ស​ធំ​ក៏​ត្រូវការ​វ៉ាក់សាំង​ដែរ ដូចជា​វ៉ាក់សាំង​បង្ការ​ជម្ងឺ​ផ្តាសាយ និង​អុត ជាដើម​៕

ប្រភពអត្ថបទ៖ សុខភាព

No comments