ព័ត៌មានថ្មីបំផុត

សិស្សទី​១២​ ដឹង​អត់​ថា​ របស់​អ្វីខ្លះ​​ដែល​​គួរ​​និងមិន​​គួរ​​​យក​​ទៅ​កាន់​​បន្ទប់​​ប្រលង​?​

Loading...
ពេល​ដល់​ថ្ងៃ​ប្រលង អ្នក​ប្រលង​ទាំង​ឡាយ​ប្រាកដ​ជា​មាន​អារម្ម​ណ៍​មិន​ស្ងប់ មិន​ស្រួល​ រំភើបផង​ អរផង។​ នេះជា​រឿង​ធម្មតាដែល​សិស្ស​ម្នាក់​ៗ​គួរ​មាន​អារម្មណ៍​បែប​នេះ។ ជួន​កាល​អារម្មណ៍​បែប​នេះ​ នាំ​ឲ្យ​អ្នក​ភ្លេច​ភ្លាំង ឬ​ មិន​ដឹង​ថា​ត្រូវ​យក ឬ មិន​ត្រូវ​យក​របស់​អ្វី​ខ្លះ​ទៅ​កាន់​បន្ទប់​ប្រលង។ តើអ្នក​នឹង​ត្រូវ​យក​អ្វី​ខ្លះទៅ​បន្ទប់​ប្រលងជា​ការ​ចាំ​បាច់ ហើយ មិន​ត្រូ​វយក​អ្វីទៅ? ខាង​ក្រោម​នេះ​គឺជា​ដំបូន្មាន​មួយ​ចំនួនទាក់ទង​ថា​តើ របស់​ណាមួយ​ដែល​អ្នក​ត្រូវ​យកទៅ​ ហើយ​របស់ណា​ខ្លះ​ដែល​មិន​គួរ​យក​ទៅ​ក្នុង​បន្ទប់​ប្រលង។

Photo credit: The Phnom Penh Post



1. កាតសិស្ស ជា​ចាំ​បាច់
ពិតណាស់ របស់​ដែល​សិស្ស​ត្រូវ​ចាំ​មិន​ភ្លេចនោះ គឺ​កាតសិស្ស ឬ​ ប័ណ្ឌ​សម្គាល់​ខ្លួន​បេក្ខជន​ប្រលង​ម្នាក់ៗ។ បើ​សិនជា​មិន​បាន​យក​ទៅជា​មួយ​ទេ គេ​មិន​ឲ្យ​ចូល​ប្រលងទេ ដូច្នេះ អ្នក​មិន​មែន​ត្រឹម​តែ​ចង​ចាំ​នឹង​យក​ទៅ​បន្ទប់​ប្រលងទេ តែ​ត្រូរ​ថែរក្សា​វា​ឲ្យ​បាន​ល្អ កុំ​ឲ្យ​បាត់​ឬ​ខូច​ខាត​ផង។ បើ​ភ្លេច អ្នក​ត្រូវ​ទៅ​យក ត្រូវ​ចំណាយ​ពេល​ថែម ខាត​ពេលទៀត។

2. ប្រដាប់​ប្រដា​ប្រលង​ចាំ​បាច់
ជា​ទូទៅ នៅ​ពេល​ប្រលង គេ​មិន​ឲ្យ​ប្រើ​ប្រាស់​ទឹក​លុបទេ ហេតុ​នេះ អ្នក​មិន​ចាំ​បាច់​យក​វា​ទៅ​ជា​មួយ​ទេ ព្រោះ​ក៏​នឹង​មិន​បាន​ប្រើ​ដដែល។ របស់​ដែល​គួរ​យក​ទៅជា​មួយ​មាន​ដូចជា បន្ទាត់​វែង​មួយ ប៊ិច​ពណ៌ខៀវច្រើន​ដើម។ ហើយ​បើ​ម៉ោង​នោះ​អ្នក​ប្រលង​មុខ​វិទ្យា​ដូចជា គណិត ឬ រូប​វិទ្យា អ្នក​ត្រូវ​មាន​បន្ទាត់ អេលីប ឬ បន្ទាត់​ប៉ារ៉ាបូល ដែក​ឈាន និង​ឧបករណ៍​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​ការ ជៀសវាង​គ្មាន​ប្រើ ទៅ​រក​ខ្ចី​គេ​។

3. ទឹក​សម្រាប់​ញ៉ាំ
ជាទូទៅ ពេល​ប្រលងរបស់​​មុខ​វិជ្ជា​មួយ​ៗ ចំណាយ​ពេល​មិន​ក្រោម ១ ម៉ោងទេ ហេតុនេះ​អ្នក​ប្រហែលអាចមាន​អារម្មណ៍​នឿយហត់ ឬ តានតឹង​បាន។ ការ​ផឹក​ទឹក​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ​ឡើង​វិញ ហេតុ​នេះ​ពេលមាន​ទឹក​នៅ​ក្បែរ​ដៃជា​រឿង​ល្អ​បំផុត ធ្វើ​ឲ្យ​ញ៉ាំ​បាន​ទាន់​ចិត្ត និង​មិន​ខាត​ពេល​វេលាទៅ​រក​ញ៉ាំ​ផង។

4. នាឡិកា ឬ នាឡិកាដៃ
នាឡិកា សំខាន់​ណាស់​សម្រាប់​ពេល​​បែបនេះ។ ពេល​ធ្វើ​វិញ្ញាសាអាច​មាន​តិច​សម្រាប់​អ្នក ហេតុ​នេះ​អ្នក​ត្រូវ​ចេះ​បែង​ចែក​ពេល​វេលាទាំង​នោះឲ្យ​បាន​ល្អ។ ពេល​មាន​នា​ឡិកា​នៅ​ក្បែរ អ្នក​អាច​គ្រប់​គ្រង​ពេល​វេលា​បាន​យ៉ាង​ល្អ ហើយ​តែង​មាន​អារម្មណ៍​ប្រយត្ន័ជា​និច្ច។ ភាគ​ច្រើន បើ​បាន​ផ្ទៀង​ពេល​វេលា សិស្ស​ប្រាកដជា​អាច​ធ្វើ​​វិញ្ញាសា​បាន​រួច​រាល់​ទាន់​ម៉ោង​ល្អ​ហើយ។

5. ថ្នាំបម្រុងទុក
ពេល​បែប​នេះ អ្នក​ខ្លះអាច​មាន​អារម្មណ៍​ខ្យល់​គរ ឬ មិន​សូវ​ស្រួល​ខ្លួន ដែល​អាច​បណ្តាល​មក​ពី​សម្ពាធ​អារម្មណ៍ ឬ ភាព​អ៊ូអរ ដែល​អាច​កើត​មាន​ឡើង។ ពេល​មាន​អាការៈបែប​នេះ​ពេល​មុខឬពេល​ប្រលង អ្នក​ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​រួច​ស្រេច ព្រោះថា​មាន​តែ​ខ្លួនឯងទេ​ដែល​ជួយ​ខ្លួនឯង​បាន​មុន។ របស់​ដែល​គួរ​យក​ទៅជា​មួយ​អាច​មាន​ដូចជា ប្រេងកូឡា ថ្នាំឈឺក្បាល ប្រេងខ្យល់ ឬ ស្ករគ្រាប់​ធ្វើឲ្យ​ស្រស់​ថ្លាជា​ដើម។

6. មិន​គួរ​យក​វិញ្ញាសាទៅតាម​ទេ
ពិតណាស់ អ្នក​ខ្លះ​បាន​មើល​មេរៀន​មក​រួច​ហើយ តែ​នៅ​មាន​អារម្មណ៍​មិន​ប្រាកដ​ក្នុង​ចិត្ត ធ្វើ​ឲ្យ​ចង់​យក​មេរៀន​មក​មើល​បន្ថែម​នៅ​មុនម៉ោងប្រលង​បន្តិចទៀត។ ការ​ធ្វើ​បែប​នេះ​មិន​សូវ​បាន​ជួយ​អ្វីអ្នក​ទេ តែ​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នក​មាន​បញ្ហាទៀត​ផង។ ជួន​កាល​អ្នក​គ្រាន់​តែ​យក​មក​មើល​មុន​ប្រលង តែ​ធ្វេស​ប្រហែស ធ្វើ​ឲ្យ​អនុរក្សចាប់​យក​វិញ្ញាសារ​នោះ​បាន តើអ្នក​ធ្វើ​យ៉ាង​ណា? ដូច្នេះ ដើម្បី​បញ្ជៀស​បញ្ហា​ទាំង​នេះ គួរ​មិន​បាច់​យក​មេរៀន​ទៅ​មើល​នៅ​មណ្ឌល​ប្រលង​ទៀតទេ មើល​ពី​ផ្ទះ​ឲ្យ​ហើយ​ទៅ។


ដោយ៖ ហ៊ាង សុគន្ធារី​​
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។  

No comments