ព័ត៌មានថ្មីបំផុត

ចំណុចអាក្រក់​​​​ទាំង​​​នេះ​​ល្មម​​​ឲ្យ​​អ្នក​​​ឈប់​​​ដាក់​​​ទូរស័ព្ទ​​ក្បែរ​​ខ្លួន​​​ពេល​​គេងទៀត​​​ហើយ​​

Loading...
ការ​គេង​ជាមួយនឹង​ការ​ចុច​ទូរស័ព្ទ​ឆ្លាត​វៃ មើល​អ៊ី​ម៉ែ​ល លេង​បណ្តាញ​សង្គម ឆាត ឬ​លេង​ហ្គេម ទំនង​ជា​កើតឡើង​ភាគ​ច្រើន​លើ​យុវវ័យ​សម័យ​ទំនើប​នេះ ហើយ​វា​ក៏​ស្ទើរតែ​ជា​ទម្លាប់​ធម្មតា​ទៅ​ហើយ​។ ​មាន​មនុស្ស​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែល​បញ្ឈប់​ទម្លាប់​នេះ និង​គិត​ថា វា​ប៉ះពាល់​ដល់​សុខភាព​។ ប៉ុន្តែ​វា​គឺជា​រឿង​ពិត ហើយ​អ្នក​ក៏​គួរតែ​យល់ដឹង​អំពី​រឿង​នេះ​ដែរ​។ ខាងក្រោម​នេះ​គឺជា​ផលប៉ះពាល់​មួយចំនួន នៃ​ការប្រើប្រាស់​ទូរស័ព្ទ​ឆ្លាត​វៃ​ក្នុងពេល​កំពុង​តែ​គេង ហើយក៏​ជា​រឿង​ដែល​អ្នក​ត្រូវ​ពិចារណា​ឡើងវិញ​លើ​ការលះបង់​ទម្លាប់​នេះដែរ​។​



វា​កំពុងតែ​បំផ្លាញ​កោសិកា​ខួរក្បាល​
ការចំណាយ​ពេល​ច្រើន​លើ​ទូរស័ព្ទ​មុន​ពេល​គេង នឹង​ធ្វើ​ឲ្យ​រំខាន​ដល់​ខួរក្បាល​លើ​ការជំរុញ​ដល់​ភាព​ស្រស់ស្រាយ​ក្នុង​អារម្មណ៍​។ ក្នុង​រយៈពេល​ខ្លី​មួយ អ្នក​អាច​នឹង​សម្គាល់​ដឹងថា ការចងចាំ​គឺ​មិន​សូវ​ល្អ​សោះ​។ បន្ទាប់មក សមត្ថភាព​ក្នុង​ការ​ផ្ចង់អារម្មណ៍​ក៏​ត្រូវ​ថយ​ចុះ​ដែរ​។ ចុងក្រោយ ការគិត និង​ដោះស្រាយ​បញ្ហា​គឺ​មាន​ភាព​ប៉ះពាល់​តែ​ម្តង​។

ធ្វើឲ្យ​គេង​មិន​លក់​
ពន្លឺភ្លើង​ចេញពី​អេក្រង់​ទូរស័ព្ទ​អាច​ធ្វើឲ្យមាន​បញ្ហា​លើ​ការ​ងងុយគេង​បាន ព្រោះ​វា​នឹង​ទៅ​ទប់ស្កាត់​អ័រម៉ូន Melatonin ដែល​ជំរុញ​ដល់​ការ​ងងុយគេង​។

នៅពេល​ការ​គេង​មាន​ការថយចុះ សុខភាព​រាងកាយ​ក៏​ចុះ​ទ្រត់ទ្រោម​ដែរ​
ទម្លាប់​នៃ​ការ​ញៀន​ប្រើ​ទូរស័ព្ទ​មុនពេល​គេង វា​នឹង​ប៉ះពាល់​ដល់​ការផលិត​អាំង​ស៊ុយ​លីន ដែល​ជាហេតុ​នាំឲ្យ​អ្នក​មាន​អារម្មណ៍​ឃ្លាន​កាន់តែខ្លាំង និង​ឡើង​ទម្ងន់​។ រឿង​នេះ​ក៏​ធ្វើឲ្យ​មាន​អារម្មណ៍​អស់កម្លាំង​គ្រប់ពេល​ផងដែរ​។

គេង​មិនបាន​គ្រប់គ្រាន់​
ពិតណាស់ ផលវិបាក​នៃ​ការ​សម្លឹង​មើល​ទូរស័ព្ទ​មុនពេល​ចូល​គេង គឺថា វា​ធ្វើឲ្យ​ការគេងមាន​ការថយ​ចុះ​។ ប៉ុន្តែ​ជាធម្មតា អ្នក​នៅ​តែ​អាច​ភ្ញាក់​ពី​គេង​នៅ​ម៉ោង​ដដែល ទោះបីជា​គេង​មិន​បាន​ទៀងពេល​ក៏ដោយ​។ រឿងនេះ​នឹង​ធ្វើឲ្យ​អស់កម្លាំង ឆេវឆាវ និង​ពិបាក​ធ្វើ​ការងារ​ប្រចាំថ្ងៃ​។

ឆ្លង​តាម​ការបកស្រាយ​ខាងលើ តើ​វា​មានន័យ​ថា អ្នក​មិន​ត្រូវ​ប្រើ ឬ​ចុច​ទូរស័ព្ទ​សោះ​តែ​ម្តង​មុន​ពេល​គេង​? មិនមែន​អញ្ចឹងទេ​។ ប៉ុន្តែ​រឿង​នេះ​គ្រាន់តែ​ជា​អំណះអំណាង​ដែល​បញ្ជាក់ថា អ្នក​គួរតែ​កែប្រែ​ទម្លាប់​នេះ​ដើម្បី​ឈាន​ទៅ​រក​សុខ​ភាព​កាន់តែ​ល្អ​វិញ​៕

ប្រភព៖ សុខភាព

No comments