ព័ត៌មានថ្មីបំផុត

រឿង​​ទាំង​៥​​ដែល​​អ្នក​​នឹង​​មាន​​ស្តាយក្រោយ​​ បើ​​នៅ​​តែ​បន្ត​ធ្វើ​វា

Loading...
មនុស្សយើងគ្រប់គ្នាសុទ្ធតែមានទម្លាប់មួយចំនួនដែលតែងតែធ្វើវាជាប្រចាំ ហើយវាបានជាផ្នែកមួយនៃជីវិតរបស់អ្នកទៅហើយ។ តើអ្នកដឹងទេថា ទម្លាប់ខ្លះនឹងធ្វើឲ្យអ្នកមានវិប្បដិសារីដែររឺទេ? តើអ្នកត្រូវឈប់ធ្វើអ្វីខ្លះដើម្បីកុំឲ្យមានភាពស្ដាយក្រោយនាពេលខាងមុខនោះ? រឿងទាំងនោះមានដូចជា៖


១. ការដើរចៀសពីបញ្ហា
មនុស្សមួយចំនួនតែងតែព្យាយាមដើរងាកចេញពីបញ្ហា ដោយមិនហ៊ានប្រឈមមុខនោះទេ។ ការធ្វើបែបនេះមិនមែនជារឿងល្អនោះទេ ហើយវានឹងធ្វើឲ្យអ្នកមានភាពស្ដាយក្រោយ ដោយសារតែអ្នកនឹងជួបបញ្ហាមួយនោះនៅពេលខាងមុខទៀត។ បែបនេះអ្នកត្រូវតែប្រឈមមុខ ដោះស្រាយពីបញ្ហានោះទើបជារឿងត្រឹមត្រូវ។ អ្នកមិនបាច់ព្រួយពីបញ្ហានោះទៀតទេ ព្រោះអ្នកបានដោះស្រាយវារួចហើយ។


២. ចូលចិត្តបង្ហាញពីអារម្មណ៍ជាងការស្វែងរកដំណោះស្រាយ

ការបង្ហាញអារម្មណ៍ចេញមកខាងក្រៅ មិនមែនមានន័យថាវាអាក្រក់ទាំងស្រុងនោះទេ។ ការបញ្ចេញវាមកក្រៅ អាចធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាលបានមួយកម្រិត។ ប៉ុន្តែអ្នកមិនត្រូវបង្ហាញវាគ្រប់ពេល និងមិនព្រមព្យាយាមស្វែងរកដំណោះស្រាយនោះទេ។ អ្នកគួរតែទុកពេលវេលាខ្លះ ដើម្បីគិតពីហេតុផលអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍បែបនឹង ហើយមានមធ្យោបាយអ្វីខ្លះដើម្បីដោះស្រាយវាបាន។


៣. មានះ ចង់ឈ្នះគេ ឈ្នះឯង
មនុស្សមួយចំនួនចូលចិត្តណាស់ភាពឈ្នះ ហើយពេលខ្លះមិនព្រមស្ដាប់ពីហេតុផលអ្នកដទៃនោះទេ។ ខំប្រឹងប្រកែកគេ ប្រកែកឯងថា មានតែរបស់ខ្លួនតែម្នាក់ប៉ុណ្ណោះដែលត្រឹមត្រូវ។ ការធ្វើបែបនេះ នឹងធ្វើឲ្យបាត់បង់ការគោរពពីអ្នកដទៃដែលនៅជុំវិញខ្លួន។ ពេលខាងមុខអ្នកនឹងដឹងថា មនុស្សគ្រប់គ្នាមានគំនិតផ្សេងគ្នា ហើយសុទ្ធតែហេតុផលផ្សេងៗគ្នា គ្មានគំនិតមួយណាខុសនោះទេ។

៤. ព្រួយបារម្ភហួសកម្រិត
ចំណុចនេះមិនមែនមានន័យថា ការព្រួយបារម្ភជារឿងដែលអាក្រក់នោះទេ។ ការពិតទៅការព្រួយបារម្ភពីរឿងអ្វីមួយសំខាន់នោះ ជារឿងល្អ ប៉ុន្តែអ្នកមិនត្រូវព្រួយបារម្ភជ្រុលហួសហេតុនោះទេ ព្រោះវានឹងក្លាយជារនាំងរាំងស្ទះអ្នក មិនឲ្យហ៊ានធ្វើអ្វីនោះទេ ហើយអ្នកនឹងមានភាពស្ដាយក្រោយនាពេលខាងមុខជាមិនខាន។

៥. ព្យាយាមធ្វើឲ្យមនុស្សគ្រប់គ្នាសប្បាយចិត្ត
អ្នកត្រូវតែដឹងថា យើងមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាឲ្យសប្បាយរីករាយ ឬពេញចិត្តនឹងអ្នកគ្រប់គ្នានោះទេ។ បើសិនជាអ្នកកំពុងព្យាយាមធ្វើមនុស្សគ្រប់គ្នាសប្បាយចិត្តនោះ អ្នកត្រូវតែបញ្ឈប់វាភ្លាម ដើម្បីកុំឲ្យមានភាពស្ដាយក្រោយនាពេលខាងមុខ។ អ្នកមិនត្រូវរស់ ដើម្បីគ្រាន់តែផ្គាប់ចិត្តគេនោះទេ រស់តាមវិធីដែលអ្នកពេញចិត្ត រស់ជាអ្នក ដោយគ្រាន់តែដឹងថាវាមិនខុសពីច្បាប់ ឬប៉ះពាល់ដល់អ្នកដទៃ ឬសង្គមទៅបានហើយ។


អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ Lifehack

 *ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។ 

No comments