ព័ត៌មានថ្មីបំផុត

​អត្ថប្រយោជន៍​អស្ចារ្យ​ ពីការ​អាន​​​សៀវភៅ​​​មុន​​​ចូល​​​គេង​ ​

Loading...
យើង​គ្រប់គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា ការ​គេង​គឺជា​រឿង​សំខាន់​។ ប៉ុន្តែ​អ្វី​ដែល​អ្នក​ធ្វើ​មុនពេល​ចូល​គេង​ក៏​សំខាន់​ដែរ​។ ទម្លាប់​ជាច្រើន​អាច​បង្កើតបាន​នូវ​ឥទ្ធិពល​ដ៏​ធំ​មួយ​ចំពោះ​ការ​គេង និង​សុខភាព​។ មាន​មនុស្ស​ជាច្រើន​ចូល​ចិត្ត​អាន​សៀវភៅ​មុនពេល​ចូល​គេង​។ បើសិន​ជា​រឿង​នេះ​អ្នក​ចូលចិត្ត​ស្រាប់​ហើយ វា​ពិតជា​ល្អ​ខ្លាំងណាស់ ព្រោះថា​ការអាន​សៀវភៅ​មុនពេល​ចូល​គេង​មាន​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព ដែល​វា​គ្រប់គ្រាន់​នឹង​ធ្វើឲ្យ​ភ្ញាក់ផ្អើល​។



បំបាត់​ភាព​តានតឹង​
ការអាន​សៀវភៅ​មុនពេល​ចូល​គេង​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ទម្រ​ង​នៃ​ការព្យាបាល​មួយ​ប្រភេទ​ដើម្បី​ជួយ​ឲ្យ​អារម្មណ៍​មាន​ភាព​ធូរស្រាល​។ កាលណា​មនុស្ស​មាន​ភាព​ស្ត្រេ​សកាន់តែ​ច្រើន វា​នឹង​ធ្វើឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ ដែល​ជាហេតុ​នាំ​ឲ្យ​ងាយ​កើត​ជា​ជំងឺ​ណាស់​។ ដូច្នេះ​បើ​សិន​ជា​អ្នក​អាច​គ្រប់គ្រង​ស្ត្រេសបាន​តាមរយៈ​ការ​អាន​សៀវភៅ អ្នកនឹង​ទទួលបាន​ការព្យាបាល​ដោយ​ខ្លួនឯង​។
ជំរុញ​ដល់​ការ​គេង​
បើសិន​ជា​អ្នក​ចង់​គេង​លក់​កាន់តែ​ស្រួល ចូរ​សាង​ទម្លាប់​អាន​សៀវភៅ​មុនពេល​ចូល​គេង​ទៅ​។ វា​នឹង​ជួយ​បន្ធូរ​ដល់​ភាព​តានតឹង​ក្នុង​រាងកាយ និង​ត្រៀម​ខ្លួន​សម្រាប់​ការ​គេង​លក់​កាន់តែ​ស្រួល​។ នៅ​ពេល​អ្នក​អាច​ទទួលបាន​ទម្លាប់​នេះ​ហើយ អ្នកនឹង​គេង​បាន​កាន់តែ​ទៀងទាត់​។ យក​ល្អ​គួរតែ​អាន​សៀវភៅ​កាន់​នឹង​ដៃ កុំ​អាន​សៀវភៅ​អេឡិចត្រូនិក​ព្រោះ​វា​អាច​រំខាន​ដល់​ចង្វាក់​នៃ​ការ​ងងុយគេង​បាន​។

ពង្រឹង​ដល់​ភាព​ឆ្លាត​វៃ
ចូរ​ចាប់ផ្តើម​អាន​សៀវភៅ​មុន​ចូល​គេង​ទៅ​ទោះបីជា​មាន​ពេល​តែ ១៥​នាទី​ក៏​ដោយ ព្រោះ​វា​នឹង​ជួយ​ជំរុញ​ដល់​សកម្មភាព​របស់​ខួរក្បាល និង​កោសិកា​ក្នុង​ខួរក្បាល​កាន់តែ​មាន​សុខភាព​ល្អ​។ អ្វី​ដែល​កាន់តែ​ល្អ​នោះ​គឺថា​ការអាន​សៀវភៅ​នឹង​បង្កើន​កោសិកា​ខួរក្បាល​ថ្មីៗ​។

បង្ការភាព​ភ្លេច​ភ្លាំង​
ការអាន​សៀវភៅ​មុន​ចូល​គេង​នឹង​ជួយ​ជំរុញ​ដល់​ឱកាស​នៃ​ការប្រឆាំង​ភាព​ភ្លេចភ្លាំង​បាន​។ រឿង​នេះ​គួរតែ​អរគុណ​ដល់​អត្ថប្រយោជន៍​ខាង​លើ​ដោយសារ​វា​ពង្រឹង​ដល់​ភាព​ឆ្លាត​វ៉ៃ​។ អ្វី​ដែល​សំខាន់​នោះ​គឺថា ការអាន​សៀវភៅ​ក៏​បន្ថយ​ភាព​ខូចខាត​ខាង​បញ្ញា​ស្មារតី​ដែរ​។​

បង្កើន​ជំនាញ​ក្នុងសង្គម​
តាម​ការសិក្សា​មួយ​បាន​រកឃើញថា ការអាន​សៀវភៅ​នឹង​ជួយ​ឲ្យ​អ្នក​យល់ដឹង​អំពី​អារម្មណ៍​របស់​អ្នកដទៃ​។ វា​ក៏​ជួយ​ឲ្យ​អ្នក​ចេះ​យល់ចិត្ត​អ្នកដទៃ​បាន​ដែរ ដូច្នេះ​ការទំនាក់ទំនង​ជាមួយ​មនុស្ស​ជុំវិញខ្លួន​កាន់តែ​ងាយស្រួល​។ ការអាន​សៀវភៅ​មុនពេល​ចូល​គេង​នឹង​ជួយ​ជម្រុញ​ដល់​ជំនាញ​បត់​បែប​តាម​កាលៈទេសៈ​ក្នុង​សង្គម​រស់នៅ​៕

ប្រភព៖ សុខភាព

No comments