ព័ត៌មានថ្មីបំផុត

ពេល​កំពុងប្រឡង​​បាក់​​ឌុប​ តើ​សិស្សគួរ​​ធ្វើ​វិញ្ញាសា​បែប​​ណា​​មុន?​​

Loading...
ចំពោះ​សិស្ស​វិទ្យាល័យ ការ​ប្រលង​សញ្ញាប័ត្រ​មធ្យម​សិក្សា ទុតិយភូមិ គឺជា​រឿងសំខាន់​បំផុត។ យើង​ជឿជាក់​ថា សិស្ស​ថ្នាក់ទី ១២ ទាំង​អស់​ប្រាកដ​ជា​បាន​មើល​មេរៀន ឬ ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​ប្រលង​របស់​ខ្លួន រយៈពេល ២​ ថ្ងៃនេះ។

Photo credit: The Phnom Penh Post


នៅសល់រយៈពេលប៉ុន្មានថ្ងៃទៀតទេ ដល់ថ្ងៃឡើងជ្រុញហើយ។ ដោយ​សារ​ការ​ប្រលងនេះ​ធំ សិស្ស​អាច​ទទួល​រង​សម្ពាធ​ខ្លាំង ជាពិសេស​ពីអារម្មណ៍​រំភើប ភ័យអរ​របស់​ខ្លួន។ ម្យ៉ាង ការ​ប្រលង​មាន​រយៈពេល​កំណត់ ដូច្នេះ តើ​សិស្ស​គួរ​ប្រលង​បែប​ណា​ទើប​ឲ្យ​មាន​ប្រសិទ្ធិភាព និង​ បាន​ទាន់​ម៉ោង​ល្អ? ខាង​ក្រោម​គឺជា​វិធី​សាស្ត្រ​មួយ​ចំនួន​អាច​ជួយ​សិស្ស​ឆ្លង​កាត់​ម៉ោង​ប្រលង​មួយ​ៗ។

1. ពេល​ប្រលង​ត្រូវ​មាន​នាឡិកា​នៅ​ក្បែរ​ខ្លួន
ការ​ប្រលង​មាន​ពេល​កំណត់ ហើយអ្នក​ត្រូវ​តែ​ប្រគល់​ក្រដាស​ចម្លើយ​របស់អ្នក​ពេល​ដល់ម៉ោង ទោះ​បីជា​ធ្វើ​មិនទាន់​រួច​ក៏​ដោយ។ នៅ​ពេល​អ្នក​មាន​ម៉ោង​ក្បែរ​ខ្លួន អ្នក​អាច​មាន​លទ្ធភាព​វាស់​វែង​ពេល​វេលាពីការ​ធ្វើ​វិញ្ញាសា​​របស់អ្នក។ ធ្វើ​បែប​នេះ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​សម្រាប់ការ​បែង​ចែក​ម៉ោង​ធ្វើ​ចម្លើយ តែ​នឹង​អាចធ្វើ​ឲ្យ​អ្នក​ប្រលង​ចប់​រួច​រាល់​ដោយ​ជោគជ័យ​ផង។

2. បើ​មាន​អារម្មណ៍ភ័យ​ពេល​ប្រលង
វា​ជា​រឿង​ធម្មតា ដែល​អ្នក​អាច​មាន​អារម្មណ៍​រំភើប ភ័យ​អរ​សម្រាប់​វិញ្ញាសាប្រលង​ខាង​មុខ។ បើ​សិន​អ្នក​មាន​អារម្មណ៍បែក​ញើស​ដៃ ឬ ភ័យ​ញ័រ អ្នក​គួរ​ធ្វើ​អារម្មណ៍​ឲ្យ​នឹង​នរ ដក​ដង្ហើម​ឲ្យ​វែងៗ ។ អ្នក​អាច​ក្តាប់​ដៃ​ឲ្យ​ណែន ឬ ច្របាច់​ដៃទាំង​សង​ខាង ដើម្បី​ឲ្យ​វា​ឈប់​ញ័រ និង​ធ្វើ​ឲ្យ​អ្នក​មាន​ស្មារតី​ឡើង​វិញ​ផង។ អ្នក​ក៏អាច​រំងាប់​អារម្មណ៍​ដោយ​ការ​បិទភ្នែក សមាធិ​ ១ ទៅ ២ នាទី ដើម្បី​ឲ្យ​ស្ងប់ និង​បាត់​រំភើប។

3. កុំ​ភ្លេច​ដាក់​ឈ្មោះនិងលេខ​បន្ទប់
រឿង​ដំបូង​ដែល​អ្នក​ត្រូវ​ធ្វើ​ពេល​ទទួលបាន​ក្រដាស​វិញ្ញាសានោះ គឺត្រូវ​ដាក់​ឈ្មោះ លេខ​បន្ទប់ លេខ​តុ ឲ្យ​បាន​ត្រឹម​ត្រូវ។ ការ​បំពេញ​ឈ្មោះ​ លេខតុ បន្ទប់ នេះ ពិត​ជា​សំខាន់​ណាស់ ព្រោះ​បើ​មិន​បាន​ធ្វើ​បែប​នេះទេ អ្នក​អាចប្រឈម​នឹង​ការ​បាត់​បង់​ពិន្ទុ ឬ ធ្លាក់​មុខ​វិជ្ជា​នោះ។ ដូច្នេះ កុំភ្លេច​ឲ្យ​សោះ។

4. ចំណាយពេល​១ទៅ ២ នាទី​ មើល​លើ​វិញ្ញាសាទាំង​មូល
បន្ទាប់​ពី​បំពេញ​ឈ្មោះ អ្នក​ត្រូវ​ងាក​មក​ធ្វើ​វិញ្ញាសា​ម្តង។ តាម​ធម្មតា អ្នក​គួរ​ចំណាយ​ពេល​បន្តិច​ក្នុង​ការ​មើលត្រួស​ៗ​លើ​វិញ្ញាសា​ដែល​អ្នក​នឹង​ធ្វើ​នោះ។ ការ​ធ្វើ​បែប​នេះ​ធ្វើ​ឲ្យ​អ្នក​មាន​គំនិត​អំពី​វិញ្ញាសាទាំង​មូល ជា​ពិសេស​ស្វែង​យល់​ថាសំនួរ ឬ លំហាត់​ណា​ដែលអាច​ធ្វើ​បាន ហើយ​មួយ​ណា​មិន​ទាន់​អាច​គិត​ឃើញ។

5. កុំ​ធ្វើ​លំហាត់ ឬ ឆ្លើយ​សំនួរ​ពី​លើ​ចុះ​ក្រោម
ក្រោយ​មើល​ដឹង​ពី​ស្ថានភាព​វិញ្ញាសា​ប្រលង​ហើយ អ្នក​ត្រូវ​គូស​ចំណាំ​ថា​លំហាត់​ឬសំនួរ​ណា​ដែល​ស្រួល អាច​យក​ពិន្ទុបាន​មុន។ ទោះ​បីជា​លំហាត់​ស្រួល​នោះ​មាន​ពិន្ទុតិច តែ​អ្នក​គួរ​ធ្វើ​វា​មុន ដើម្បី​ឲ្យ​បា្រកដ​ថា អ្វី​ដែល​អាច​ធ្វើ​បាន គឺ​ធ្វើ​រួច​រាល់។ បើ​រវល់​តែ​ធ្វើ​លំហាត់ពិន្ទុ​ច្រើន​មុន ហើយ​ជាប់​គាំង ដល់ម៉ោង ហើយ​មិន​បានទៅ​ធ្វើ​ឯលំហាត់​ស្រួល អ្នក​នឹង​អាច​បាត់​ទាំង​ពិន្ទុធំ ទាំង​ពិន្ទុ​តូច។

6. កុំ​គាំង​នៅ​មួយ​កន្លែង
នេះ​មាន​ន័យ​ថា បើ​សិនជា​អ្នក​ធ្វើ​លំហាត់ណា​មួយ ហើយ​ទាក់​ធ្វើ​មិន​ចេញ អ្នក​គួរ​ចំណាយ​ពេល​បន្តិ​ចបាន​ហើយ​ដើម្បីគិត​លើ​វា​។ បើ​សិនជា​គិត​មិន​ចេញ​ទេ អ្នក​គួរ​ទុក​វា​ចោល​សិន រួច​ទៅ​រក​ធ្វើ​លំហាត់​ណា​ដែល​អាច​ធ្វើ​បាន​វិញ​ល្អជាង។ ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ឲ្យ​អ្នក​បាន​ចំណេញ​ពេល​វេលា។ បើ​នៅ​តែ​គាំង​មួយ​កន្លែង អ្នក​អាច​ធ្វើ​មិន​ហើយ នៅ​ដល់​ម៉ោង​ប្រមូលវិញ្ញាសា អាច​ធ្វើ​ឲ្យ​ខាត​ពិន្ទុ។

7. មើលឡើង​វិញ​ពេល​ធ្វើ​ចប់
សម្រាប់អ្នក​ដែល​មាន​លទ្ធភាព​ធ្វើ​វិញ្ញាសារួច​មុន​ម៉ោង អ្នកគួរ​ប្រើ​ពេល​នោះ​មើល​ចម្លើយ​របស់អ្នក​ឡើងវិញ។ អ្នក​គួរ​មើល​ក្រែង​លោ​អ្នក​មាន​សរសេរ​ច្រលំអក្សរ សរសេរ​ច្រឡំ​សញ្ញា ប្រើ​រូប​មន្ត​គណនា​លំហាត់​ខុស​ ឬ គិត​លេខ​ខុស​ជា​ដើម។ បើ​មាន​បញ្ហាពិត​មែន អ្នក​នឹង​មាន​ពេល​កែរ​តម្រូវ​វា​វិញ។

បញ្ជាក់៖ អ្នក​គួរ​អនុវត្តន៍​ដំណាក់​កាល​ទាំង​នេះ​ពេល​​ប្រលង​ទើប​ជា​ការ​ល្អ៕

ដោយ៖ ហ៊ាង សុគន្ធារី

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។  

No comments