ព័ត៌មានថ្មីបំផុត

សញ្ញា​ណ​​​ដែល​​បញ្ជាក់​​ថា ​អ្នក​​ត្រូវ​​ចាប់​ផ្តើម​​ជីវិត​​សារ​ជា​ថ្មី​​

Loading...
យើង​បានដឹង​អំពី​ថាមពល​ខាង​ផ្លូវចិត្ត​របស់​ខ្លួនឯង​តែ​កាលណា​ដែល​យើង​ត្រូវ​ប្រឈមមុខ​ជាមួយ​នឹង​ព្រឹត្តិការណ៍​ដែល​កើតឡើង​ដោយ​មិន​បានដឹង​ជាមុន ដូច​ជា​ការ​ត្រូវគេ​បណ្តេញចេញ​ពី​ការងារ មរណភាព​របស់​មនុស្ស​ជាទី​ស្រលាញ់ ការ​កើត​ជំងឺ​ណាមួយ ការបែកបាក់​គ្រួសារ ឬ​ការផ្តាច់​មនោសញ្ចេតនា ជាដើម​។ ដល់​ពេល​នោះ យើង​ហាក់ដូចជា​ទាល់ច្រក មិនដឹងថា​តើ​ត្រូវ​ទ្រាំ​នៅ ឬក៏​ត្រូវ​ចាកចេញ​? តើ​យើង​ត្រូវ​អនុគ្រោះ​អន់​ឱន ឬក៏​ត្រូវ​បំភ្លេចចោល​?
​នៅពេលនោះ សំណួរ​ថា​"​តើ​ខ្ញុំ​ត្រូវធ្វើ​យ៉ាងណា​?" គឺជា​សេចក្តីត្រូវការ​ខាង​ផ្លូវចិត្ត​សំខាន់​បំផុត​ដើម្បី​ជួយ​ឱ្យ​យើង​បោះ​ជំហាន​ទៅមុខ ដើម្បី​រស់​នៅ​បាន​សប្បាយ​នឹង​គេ​។​



​តាមពិតទៅ កន្លងមក​យើង​ដូចជា​បាន​ខិតខំ​ជ្រើសរើស​យក​ជម្រើស​ល្អ​ហើយ​។ ក៏ប៉ុន្តែ​យើង​នៅតែ​មិន​ទាន់​ច្បាស់​ថា តើ​ការដែល​យើង​ចង​ខ្លួន​យើង​ទៅ​នឹង​របស់​អ្វីមួយ ឬ​នឹង​នរណាម្នាក់ គឺជា​ការ​ធ្វើ​ដោយ​ងងិតងងល់ ឬ​ត្រឹមត្រូវ ហើយ​តើ​យើង​ត្រូវ​នៅ​ចង​ខ្លួន​តទៅ​ទៀត ឬក៏​ត្រូវ​រំដោះ​ខ្លួន​ចេញ​?

យើង​មិនមែន​ជា​មនុស្ស​លោភលន់ មិនចេះ​ស្កប់ស្កល់​នៅ​ទេ ណា​មួយ​យើង​ក៏​មិន​ប្រាកដ​ថា​ការចាកចេញ​វា​នឹង​ល្អ​ជាង​ស្ថានភាព​ប​ច្ច​ប្បន្ន​ដែរ​ឬ​អត់​? សរុបសេចក្តី​មក គឺ​យើង​មាន​ការលំបាក​នឹង​ធ្វើ​ការសម្រេចចិត្ត ថា​ត្រូវ​ទ្រាំទ្រ​តទៅទៀត ឬ​ត្រូវ​ចាកចេញ​?

ដើម្បី​បាន​ជា​ជំនួយ​ដល់​ការសម្រេចចិត្ត​របស់​អ្នក យើង​សូម​ជូន​សញ្ញា​ចំនួន​២០​ខាងក្រោម​នេះ​ដើម្បី​បាន​ជា​មូលដ្ឋាន​ពិចារណា ដើម្បី​អ្នក​អាច​ធ្វើ​ការសម្រេចចិត្ត​ឱ្យបាន​ទាន់​ឱកាស​ឆ្នាំ​ថ្មី​ដែល​នឹង​មកដល់​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​។ ព្រោះ​យើង​តែងតែ​និយាយ​រួចហើយ​ថា "​ឆ្នាំ​ថ្មី ជីវិត​ថ្មី ជោគជ័យ​ថ្មី​"​។​

១- បច្ចុប្បន្ន​ដូចជា​មិន​គ្រប់គ្រាន់​ទេ អ្នក​តែងតែ​គិត​អំពី​អតីតកាល និង​អនាគតកាល​
២- មនុស្ស​ដែល​អ្នក​ទ្រាំទ្រ​នោះ​ផ្តល់​ទុក្ខ​ឱ្យ​ច្រើនជាង​សុខ​
៣- អ្នក​សង្ឃឹម​ថា​គេ​នឹង​កែប្រែ​នៅ​ថ្ងៃ​ណាមួយ​
៤- អ្នក​ក្លាយទៅជា​មនុស្ស​យកចិត្ត​យក​ថ្លើម​គេ និង​មាន​វេទនារម្មណ៍​ច្រើនជាង​មុន​
៥- ទោះបីជា​អ្នក​ខិតខំ​ដោះស្រាយ​យ៉ាងណា ក៏​បញ្ហា​នៅតែ​ដដែល​
៦- អ្នក​ហាក់ដូចជា​នៅ​ដាច់​ពី​គេ តែម្នាក់ឯង និង​ត្រូវបាន​គេបោះបង់​ចោល​
៧- អ្នក​បាន​ក្លាយខ្លួន​ទៅ​ជា​មនុស្ស​ផ្សេង​
៨- អ្នក​ទៅ​ជា​អង្គុយ​ឱបដៃ​រង់ចាំ​ឱ្យ​ស្ថានភាព​ល្អប្រសើរ​ឡើង​
៩- ទឹកភ្នែក​របស់​អ្នក​គឺជា​ទឹកភ្នែក​ទុក្ខសោក​
១០- អ្នក​ទៅ​ជា​លែង​ចង់​រស់នៅ​
១១- អ្នក​ក្បត់​តម្លៃ​ដើម​របស់​ខ្លួន​
១២- អ្នក​មិន​អាច​សើច​លេង​សប្បាយ​បាន​ដូច​មុន​
១៣- អ្នក​ហាក់ដូចជា​ខ្លាច​អំពី​អនាគត​
១៤- ជួនកាល អ្នក​សើច​ទាំង​បង្ខំ​
១៥- អ្នក​បាត់បង់​អស់​ទម្លាប់​ពីមុន ហើយ​មិន​ដែល​មាន​សុបិន្ត​អ្វី​
១៦- អ្នក​ដូចជា​អស់កម្លាំង​ខ្លាំង​ណាស់ ទាំង​ខាង​ផ្លូវចិត្ត ទាំង​ខាង​រាងកាយ​
១៧- អ្នកខ្លាច​អ្វី​ដែល​អ្នក​មិនដឹង​
១៨- អ្នក​មាន​អារម្មណ៍​ថា​ដូចជា​ចងផ្ជាប់​ខ្លួន​ទៅ​នឹង​អ្វី​ដែល​មិន​ទៀងទាត់​
១៩- អ្នកខ្លាច​សូម្បីតែ​សេរីភាព​ខ្លួនឯង​
២០- អ្នក​ជឿជាក់ថា​គួរតែ​ផ្លាស់ប្តូរ​ជីវិត​ថ្មី​ហើយ​។​

​បើសិន​ជា​អ្នក​ឆ្លើយថា​បាទ​ឬ​ចាស​ចំពោះ​សំណួរ​ភាគច្រើន​នៃ​សំណួរ​ទាំងអស់នេះ នោះ​គឺ​វា​ដល់ពេល​ដែល​អ្នក​ត្រូវ​ដើរ​ទៅ​មុខ ហើយ​ទុក​អតីតកាល​ចោល​ហើយ​។

​អ្នក​ត្រូវ​ទុកចិត្ត​លើ​ខ្លួនឯង និង​លើ​អនាគត​របស់​ខ្លួនឯង គ្មាន​នរណា​គេ​មក​ទទួលខុសត្រូវ​ជំនួស​បាន​ទេ​។​

ប្រភព៖ សុខភាព



No comments