ព័ត៌មានថ្មីបំផុត

រឿង​ដែល​គួរ​ដឹង​​បើ​​មិន​​ចង់​​ប្រលង​​ធ្លាក់​​បាក់​​ឌុប​​

Loading...
​ថ្ងៃ​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ បាក់ឌុបមកដល់កាន់តែកៀកហើយ តើ​សិស្ស​ថ្នាក់ទី ១២​ទាំង​អស់​គ្នា​មាន​អារម្មណ៍​បែប​ណា​ដែរ? អ្នក​ខ្លះ​ក៏​ប្រហែល​ជា​មាន​អារម្មណ៍​រំភើប​និងសប្បាយ​ចិត្ត​ព្រោះ​ខ្លួន​បាន​ត្រៀម​ខ្លួន​រួច​ហើយ ហើយ​អ្នក​ខ្លះ​ទៀត​ក៏​ប្រហែល​ជា​មាន​អារម្មណ៍​ភ័យ​អរ​ៗ​ ព្រោះ​គិត​ថា​នៅ​ត្រៀម​ខ្លួន​មិន​ទាន់​ហើយ។ អ្វី​ដែល​ពួក​គេ​បារម្ភនោះ​គឺ​ លទ្ធផលដែល​ពួក​គេ​នឹង​ទទួល​បាន​ពេល​ប្រលង​ហើយ មិន​ថាជាប់​ឬ​ធ្លាក់ និទ្ទេស​ល្អ ឬ មិន​ល្អ។ ហេតុ​នេះ ខាង​ក្រោម​គឺ​ជា​រឿង​មួយ​ចំនួន​ដែល​អ្នក​គួរឬ​មិន​គួរ​ធ្វើ​ដើម្បីជៀសវាង​ធ្លាក់​បាក់ឌុប​ដោយ​ចៃ​ដន្យ។


1. ត្រូវ​ពិនិត្យ​ក្រដាស​ប្រលង​ឲ្យ​បាន​ច្បាស់​មុន​គេ
អ្វី​ដែល​សំខាន់​ជាង​គេ​នោះ​គឺ ការ​សរសេរ​ឈ្មោះ លេខតុ​ លេខបន្ទប់​របស់​បេក្ខជន​ម្នាក់​ៗ។ នៅ​ក្បាលក្រដាស ឬ កន្លែង​បំពេញ​ពត៌មាន​របស់​បេក្ខជន​ប្រលង​នេះ ម្នាក់​ៗ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែន​ទែន ត្រូវ​បំពេញ​ឲ្យ​ហើយ កុំ​ឲ្យ​ភ្លេច​ឲ្យ​សោះ ព្រោះ​វា​សំខាន់​ណាស់​សំរាប់​បេក្ខជន​ម្នាក់ៗ។ បើ​មិន​បាន​បំពេញ​ពត៌មាន ទោះបី​ធ្វើ​បាន​ពិន្ទុ​ខ្ពស់បំ​ផុត ក៏​គេ​មិន​ដឹង​ដាក់​ពិន្ទុ​ឲ្យ​យ៉ាង​ម៉េច​ដែរ។

2. ក្រៅពី​បំពេញ​ពត៌មាន
ក្រៅពី​បំពេញ​ពត៌មាន​នេះ​ទៅ នៅមាន​ការ​គូស​ខ្វែង​នៅ​លើ​ក្រដាស​ទំព័រ​ដែល​ត្រូវ​កាត់​ចោល គូស​បន្ទាត់​ឲ្យ​ត្រឹម​ត្រូវ។ ក្រៅពី​នេះ​ បេក្ខជន​មិន​ត្រូវ​ធ្វើ​សញ្ញាអ្វី​ដែល​គួរ​ឲ្យ​សង្ស័យទេ ព្រោះ​ពេល​កែ អ្នក​កែ​អាច​សង្ស័យ​ជា​សញ្ញា​សម្គាល់​អ្វី​មួយ ធ្វើ​ឲ្យ​មានការ​លំបាក​តទៅទៀត។ ជាង​នេះ​ទៅ​ទៀត សិស្ស​ក៏​មិន​គួរ​ប្រើ​ទឹក​លុប ឬ​ ប៊ិច​ពណ៌​ផ្សេង​ក្រៅពី​ពណ៌​ខៀវឡើយ។

3. ហាម​ប្រើ​អំពើ​ហឹង្សា
អំពើ​ហឹង្សា ត្រូវ​បាន​ចាត់​ទុក​ជា​បំរាម​នៅ​ក្នុង​កន្លែង​ប្រ​លង ហើយ​ការ​ធ្វើ​បែប​នេះ​ក៏​ជា​ការ​មិន​ត្រឹម​ត្រូវ​សម្រាប់​យើង​ជា​សិស្ស​ដែរ។ ឧទាហរណ៍ បើ​សិនជា​មាន​ការ​ខឹងសម្បារអ្វី​មួយ គួរ​ទុក​មួយ​ឡែក​សិន ព្រោះ​បើ​មាន​ការ​វាយ​ដំ នឹង​ធ្វើ​ឲ្យ​មាន​បញ្ហា ជា​ពិសេស​អាច​ខាតពេល ​មិន​បាន​ប្រលង​ផង។ អំពើ​ហឹង្សា​ដែល​អាច​កើត​មាន​មាន​ដូចជា ការ​វាយ​អនុរក្ស​ប្រលង​ជា​ដើម​។

4. ត្រូវ​ញ៉ាំអាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ
អាហារ​គឺ​សំខាន់​ណាស់​សម្រាប់​អ្នក​ដែល​ត្រូវ​ចូល​ប្រលង។ ពួក​គេ​ត្រូវ​ការ​កម្លាំង និង ថាម​ពល​ដើម្បី​ធ្វើ​ការ​ប្រលង​ឲ្យ​បាន​ល្អ។ អ្នក​គួរ​ញ៉ាំអាហារ​ដែល​ជំនួយ​ដល់​សុខភាព​ខួរ​ក្បាល ព្រម​ទាំង​សុខភាព​ភ្នែក​។ ត្រូវ​ចាំ​ថា មិន​ត្រូវ​ញ៉ាំអាហារណាដែល​អាច​ធ្វើ​ឲ្យ​ឈឺពោះ ឬ រាក​មួល​បាន​ទេ ព្រោះ​បើ​រាក​ពេល​ប្រលង​នោះ គឺ​សយហើយ។

5. មិន​ត្រូវ​យក​ក្រដាស​ប្រលង​ទៅ​មក
បំរាម​មួយ​ទៀត គឺ​អ្នក​ត្រូវ​ចាំ​ថា អ្នក​ត្រូវ​ដាក់​ក្រដាស​ប្រលង​ដែល​ធ្វើ​ហើយ​ នៅ​លើ​តុ​របស់​អ្នក មិន​ត្រូវ​យក​ទៅឲ្យ​គេ​មើល ឬ យក​ទៅ​ដាក់​តុ​គ្រូ​អី​នោះ​ទេ។ ការ​ប្រលង​គឺ​បែប​នេះ បើ​សិន​ជា​អ្នក​ធ្វើ​រួច​ហើយ អាច​ទុក​នៅ​លើ​តុ​បាន ដើម្បី​ឲ្យ​អ្នក​ប្រមូល​ក្រដាស​បាន​ដាក់​ក្រដាស​ចម្លើយ​របស់​អ្នក​ត្រូវ​តាម​លំដាប់​លេខ​តុ លេខ​បន្ទប់។ ការ​ធ្វេស​ប្រហែស​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​ឬ​ខូច​ក្រដាស​ប្រលង ធ្វើ​ឲ្យទុក​ជា​អាសា​បង់។​

6. ប្រយ័ត្ន​កុំ​ឲ្យ​ខូច​ក្រដាស​ប្រលង
រឿង​មួយ​ទៀត​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​បំផុត​នោះគឺ កា​រធ្វើ​យ៉ាងណា​កុំ​ឲ្យ​ក្រដាស​ប្រលង​ខូច រហែក ខ្ទីខ្ទក់ ឬ ទទឹក​ទឹក​ជា​ដើម។ ការ​ធ្វេសប្រហែស​បែបណា​មួយ​ធ្វើ​ឲ្យ​អ្នក​ត្រូវ​ធ្វើ​វិញ្ញាសារ​សារជា​ថ្មី តម្រូវ​ឲ្យ​ដូរ​ក្រដាស​វិញ្ញាសាជាដើម។ ហើយ​បើ​រឿង​បែប​នេះ​កើត​នៅ​ចុង​ម៉ោង នោះ​អ្នក​ប្រាកដ​ជា​សយ​ហើយ។

7. កុំ​សរសេរ​អក្សរអាក្រក់​ពេក
ជា​ធម្មតា​ទេ​នៅ​ពេល​ដែល​អ្នកប្រញាប់ អ្នក​តែង​សរសេរ​លឿន ហើយ​អក្សរ​ខ្វៀក​ខ្លះ​ហើយ។ តែ​ត្រូវ​ចាំ​ដែរ​ថា ពេល​កែ​ពិន្ទុ គ្រូ​ម្នាក់​ៗ​ចំណាយ​ពេល​រាប់​ម៉ោង​កែ​វិញ្ញាសា​របស់​សិស្សម្នាក់​ៗ។ បើ​ភ្នែក​របស់​គាត់​មិន​សូវជា​ល្អ​ផង ហើយ​មើល​អក្សរ​យើង​មិន​យល់​ទៀត យើង​មិន​ដឹង​ថា លទ្ធផល​ទៅជា​យ៉ាង​ណា​ទេ។ ហេតុ​នេះ​ ដើម្បី​ការពារ​ទុកជា​មុន អ្នក​ត្រូវ​សរសេរ​អក្សរ​ឲ្យ​មើល​ដាច់​ផង។


ដោយ៖ ហ៊ាង សុគន្ធារី​

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។  

No comments