ព័ត៌មានថ្មីបំផុត

បញ្ហា​​លុយកាក់មួយចំនួន​​ ដែល​​អ្នក​​ត្រូវ​​គិត​គូរ​​មុន​​អាយុ​​៤០​​ឆ្នាំ​​

Loading...
កាលណា​យើង​កាន់តែ​ចាស់​ទៅ បញ្ហា​ប្រាក់កាស​អាច​កាន់តែ​ចោទ​ឡើង​ដែរ ដូចជា​ត្រូវ​ជួយ​គាំទ្រ​សមាជិកគ្រួសារ​កាន់តែ​ច្រើន​ឡើង ជាពិសេស​ត្រៀម​ប្រាក់កាស​សម្រាប់​ចូលនិវត្តន៍ ជាដើម។ ខាងក្រោម​នេះ​គឺជា​បញ្ហា​ប្រាក់កាស​មួយចំនួន ដែល​អ្នក​ត្រូវ​គិតគូរ​ដល់​តាំងពី​អាយុ​៣០​ឆ្នាំ​មក​ម្ល៉េះ​។​




​ខិតខំ​បង្កើន​ប្រាក់ចំណូល​
មុនពេល​ដែល​អ្នក​ចូលនិវត្តន៍​នៅ​អាយុ​៦០​ឆ្នាំ អ្នក​នៅ​តែ​អាច​ធ្វើការ​រក​ចំណូល​បាន​នៅឡើយ​។ ក៏​ប៉ុន្តែ​វា​ជា​ការប្រសើ​របើ​អ្នក​បាន​គិតគូរ​ខិតខំ​រក​តាំងពី​អាយុ​៣០​ឆ្នាំទៅ​។ ប្រាក់កាស​អាច​នឹង​កើនឡើង​ឆាប់​បាន​បើសិន​ជា​អ្នក​ចេះ​វិនិយោគ​បាន​ត្រឹមត្រូវ​។​

បង្កើត​មូលនិធិ​ប្រាក់​សន្សំ​មួយ​សម្រាប់​ការ​ចាំបាច់​បន្ទាន់​
ត្រូវ​រៀបចំ​ទុកដាក់​ប្រាក់​សន្សំ​មួយចំនួន​ឱ្យ​ដាច់​ពី​ការចំណាយ​ប្រចាំថ្ងៃ ព្រោះ​ជួនកាល​អ្នក​អាច​ត្រូវ​ការចំណាយ​ធំ​លើ​រឿង​ចាំបាច់​ណាមួយ​ដោយ​មិន​បាន​ដឹង​មុន ដូចជា​ឈឹ​ថ្កាត់ ធ្វើបុណ្យ​ទាន ឬ​រៀប​ការកូន​ជាដើម​។​ល​។ បើ​ពុំនោះ​ទេ​អ្នក​នឹង​ត្រូវ​ដោះស្រាយ​ដោយ​ទៅ​ខ្ចីបុល​គេ​ជា​មិន​ខាន​ទេ​។​

រៀបចំ​ប្រាក់​សម្រាប់​ចូលនិវត្តន៍​
ដើម្បី​កុំឱ្យ​ជួប​ការលំបាក​នៅ​ពេល​ចូលនិវត្តន៍ អ្នក​ត្រូវ​គិតគូរ​សន្សំ​ប្រាក់​សម្រាប់​ចាយវាយ​នៅពេលដែល​គ្មាន​ប្រាក់​ចំណូល ឱ្យ​បាន​យូរ​ជា​មុន​។ នៅតាម​អង្គភាព​ធ្វើការ​មួយចំនួន គេ​បាន​ជួយ​ដល់​រឿងនេះ ដោយ​កាត់​ប្រាក់បៀវត្ស​របស់​អ្នក​ទុក​ចំនួន​៣%​ជា​រៀងរាល់​ខែ​ឱ្យ​។ បើ​អ្នក​រក​ចំណូល​ដោយ​ខ្លួនឯង អ្នក​ក៏​ត្រូវ​អនុវត្ត​ដូចគ្នានេះដែរ​។​

ដោះស្រាយ​ការ​ជំពាក់​ប្រាក់​គេ​ផ្សេងៗ រួម​ទាំង​ធនាគារ​ផង​
នៅ​ស្រុក​យើង​សព្វថ្ងៃ មាន​ធនាគារ​មួយចំនួន​ចាប់ផ្តើម​ផ្តល់ credit card ឱ្យ ដើម្បី​ឱ្យ​អ្នក​អាច​ចំណាយ​ប្រាក់​ទិញ​អ្វីៗ​បាន​(​ដូចជា​ទិញ​ទូរស័ព្ទដៃ ម៉ូតូ រថយន្ត ផ្ទះ​។​ល​។​) ប៉ុន្តែ​ត្រូវ​សង​ទៅ​គេ​វិញ​នៅពេល   ក្រោយ​។ យក​ល្អ​អ្នក​ត្រូវ​ដោះស្រាយ​រឿង​នេះ​កុំឱ្យ​នៅ​ជំពាក់​វា​ក់វិន​ទៀត​។ បើសិនជា​មាន​បំណុល​ផ្សេងទៀត អ្នក​ក៏​គួរតែ​ដោះស្រាយ​ឱ្យ​ហើយ​ផងដែរ ជៀសវាង​កុំឱ្យ​បំណុល​រាលដាល​បន្ត​ទៅ​ដល់​កូនចៅ​។​

យល់ដឹង​អំពី​របៀប​បង់ពន្ធដារ​ផ្សេងៗ​
សព្វថ្ងៃ​នេះ​រដ្ឋ​ចាប់ផ្តើម​យក​ពន្ធ​លើ​ដីធ្លី ផ្ទះសម្បែង​ហើយ​។ អ្នក​ត្រូវ​ស្វែងយល់​អំពី​រឿង​នេះ​ឱ្យបាន​ច្បាស់ ជៀសវាង​អនុវត្ត​ខុសឆ្គង​ហើយ​ត្រូវ​គេ​ពិន័យ នាំ​ឱ្យ​ខាតបង់​។​

ទិញ​សេវា​ធានារ៉ាប់រង​
ការទិញ​សេវា​ធានារ៉ាប់រង​របស់​ក្រុមហ៊ុន​ណា​មួយ​អាច​ជួយ​សម្រាល​ហានិភ័យ​ដោយ​ចៃដន្យ​បាន​។​

ទិញ​ផ្ទះមួយ​
លើកលែងតែ​អ្នក​បាន​ទទួល​កេរ​ពី​ឪពុក​ម្តាយ​រួចមកហើយ អ្នក​ត្រូវ​គិតគូរ​ទិញ​ផ្ទះ​ផ្ទាល់​ខ្លួន​មួយ ជៀសវាង​ការរស់នៅ​ក្នុង​ផ្ទះ​ជួល ដែល​បើ​គិត​ទៅ​ថ្លៃ​ឈ្មួល​មួយ​ជីវិត​វា​ស្មើនឹង​ថ្លៃ​ផ្ទះមួយ​ទៅហើយ​។​

គិតគូរ​ដល់​ការសរសេរ​បណ្តាំ​
បើ​អ្នក​មាន​កូន ហើយ​មិន​ចង់ឱ្យ​កូន​ជួប​ការលំបាក​ពេល​អត់​ពី​រូប​អ្នក​ទៅ អ្នក​ត្រូវ​គិតគូរ​ជា​បណ្តើរៗ ថា​ចង់​ចែក​អ្វី​ឱ្យ​កូន​ណា ហើយ​។​

No comments