ព័ត៌មានថ្មីបំផុត

​គេង​​មិន​​គ្រប់​​គ្រាន់​​ ដឹង​ទេ​ថា​វា​បំផ្លាញជីវិត​​អ្នក​​ដូច​​ម្តេច​ខ្លះ?​

Loading...
មនុស្ស​យើង​ត្រូវ​ការ​គេងជា​ទីបំផុត។ តើ​ហេតុអ្វី? តើ​អ្នក​ដឹងទេ​ថា ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ការ​គេងជា​ចាំបាច់? ពិតណាស់ តាម​ការ​សិក្សាជា​ច្រើន​របស់​អ្នក​ស្រាវជ្រាវ ការ​គេង​ពិត​ជា​មាន​សារសំខាន់​សម្រាប់​សុខភាព និង ការរស់​នៅ​របស់​មនុស្ស​គ្រប់​គ្នា ដោយ​ថា បើ​មាន​ការ​គេង​មិន​គ្រប់ ឬ មិន​បាន​គេង​ទេ មនុស្ស​នឹង​ទទួល​រង​ផល​ប៉ះពាល់​ច្រើនយ៉ាង​សម្រាប់​សុខភាព។ តើ​ផល​ប៉ះពាល់​ទាំង​នោះ​មាន​អ្វី​ខ្លះ? ខាងក្រោម​គឺជា​បញ្ហា​មួយ​ចំនួន​ដែល​កើត​ឡើង​លើ​រាង​កាយ​របស់​អ្នក​ពេល​អ្នក​គេង​មិន​គ្រប់ និង មិន​បាន​គេង។





1. អ្នក​បាត់​បង់​សមត្ថភាព​ការគិត
ពេល​គេង​មិន​បាន​គ្រប់​គ្រាន់ អ្នក​នឹង​មាន​បញ្ហា​ការ​គិត និង ការ​ផ្តោត​អារម្មណ៍។ បន្ទាប់ពីរវល់​​មួយ​ថ្ងៃពេញ ខួរ​ក្បាល​របស់​អ្នក​ត្រូវ​ការ​សម្រាក ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​ត្រូវ​ការ​កែប្រែ និង រៀប​ចំការ​ចង​ចាំ ឬ សកម្មភាព​ទាំង​ឡាយ​នៅ​ក្នុង​​ខួរ​ក្បាល ហាក់​ដូចជា​ត្រូវ​យក​សម្រាម​ក្នុង​ខួរក្បាល​ត្រូវបោះចោល​ដូច្នោះ។ ការ​គេង​មិន​គ្រប់ធ្វើ​ឲ្យ​អ្នក​មាន​បញ្ហា​ការ​គិត ការ​សម្រេច​ចិត្ត ការ​ដោះស្រាយបញ្ហា និង​ការងារ​ប្រចាំ​ថ្ងៃ​ផង។

2. អ្នកនឹង​ភ្លេច​ភ្លាំង
ការ​គេង​មិន​គ្រប់ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នកភ្លេចភ្លាំង តែវា​ប៉ះពាល់ដល់​ការ​សិក្សា ផលិតភាព ព្រម​ទាំងការចងចាំ​របស់​អ្នក​ផង។ ការសិក្សាបង្ហាញថា ការគេង​គឺសំខាន់​សម្រាប់​ដំណើរ​ការ​របស់​ខួរក្បាល ជួយ​ស្តុក​ពត៌មាន​ និង ការចង​ចាំ​បាន​ល្អ​បំផុត។

3. អ្នក​មាន​អារម្មណ៍​មិន​នឹង​នរ
ការគេង​មិន​គ្រប់ មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សុខភាពទេ តែ​ប៉ះពាល់​អារម្មណ៍​ទៀត។ ពេល​គេង​មិន​គ្រប់ អ្នក​ក្រោក​ឡើង​នឹង​មានអារម្មណ៍ធីងធោង នឹង​អស់​កម្លាំង។ បន្ទាប់​មក អ្នកចាប់​ផ្តើម​មាន​អារម្មណ៍​មួម៉ៅខុស​ធម្មតា ឬជួន​កាល​ពិបាក​ចិត្ត​ខុសធម្មតា ឆាប់​ខឹង ឆាប់​អន់​ចិត្ត និង មាន​បញ្ហា​អារម្មណ៍​មិន​ខាន។

4. អ្នក​នឹង​ឡើង​ទម្ងន់
គេង​មិន​គ្រប់ឆាប់ធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់​ណាស់។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា មនុស្ស​ដែល​គេង​តិចជាង​៥​ម៉ោង​ក្នុង​មួយ​យប់ មានភាគ​រយ​ច្រើន​នឹង​អាច​ឡើង​ទម្ងន់ ហើយអាច​កើត​ជំងឺលើស​ទម្ងន់​ទៀត​ផង។​ មនុស្ស​វ័យ​ជំទង់​គួរ​គេង​ឲ្យ​បាន ៧ ទៅ ៨ ម៉ោង​ក្នុង​មួយ​យប់។

5. អ្នក​គ្មាន​សមាធិ
ក្រៅពីបាត់​បង់​សមត្ថភាព​ការ​គិត ការ​គេង​មិន​គ្រប់​ ធ្វើ​ឲ្យ​អ្នក​បាត់​បង់​សមាធី មិនអាច​ផ្តោត​អារម្មណ៍​បាន​ឡើយ។ អ្នក​នឹង​មាន​អារម្មណ៍អស់​កម្លាំង ងងុយគេង ព្រម​ទាំង​គ្មាន​សមាធីធ្វើ​អ្វីទេ។ វានឹង​​អាច​ធ្វើ​ឲ្យ​អ្នក​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ បើ​សិនជាអ្នក​ទៅណា​មក​ណា​ម្នាក់​ឯង ឬ បើក​បរ​ម្នាក់ឯង។

មិន​តែ​ប៉ុណ្ណោះ ការ​គេង​មិន​គ្រប់អាចនឹង​ជា​ហេតុ​ផល​មួយ​ដែរ​ដែល​ធ្វើឲ្យ​អ្នក​ទទួល​រង​ជំងឺ​មួយ​ចំនួន​ដូចជា ជំងឺ​បេះដូង ជំងឺមហារីក និងជំងឹ​លើសឈាម​ផង។

Bonus: កាលពីឆ្នាំ ២០១៤ អ្នកគាំទ្រ​បាល់​ទាត់​ម្នាក់បាន​ស្លាប់​ដោយសារ​តែ​គេ​មិន​គេង​រយៈពេល ៤៨ ម៉ោង ដើម្បី​មើល​បាល់ទាល់ World Cup។

ប្រភព៖ Healthline
ដោយ៖ ហ៊ាង សុគន្ធារី

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។  

No comments