ព័ត៌មានថ្មីបំផុត

បើ​ជា​កូន​ខ្មែរ​ ត្រូវដឹង​ពី​ព្រឹត្តិការណ៍​សំខាន់ៗ​ក្នុងសម័យ​អាណា​និគម​និយម​បារាំង​ទាំង​នេះ!

Loading...
ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ស្គាល់​ថាជា​ប្រទេស​មាន​ដើម​កំណើត និង អរិយធម៌ចំណាស់​ជាងគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ប្រទេស​មួយ​នេះ បាន​ឆ្លង​កាត់​នូវ​ដំណាក់​កាល​ប្រវត្តិសាស្ត្រជា​ច្រើនមក​ហើយ ហើយ​សម័យ​កាល​មួយ​ៗមាន​លក្ខណៈ​ប្លែក​ៗពី​គ្នា ដោយ​សម័យ​ខ្លះមាន​ភាព​រុង​រឿង ហើយ​សម័យ​ខ្លះ​ទៀតមាន​សភាព​ធ្លាក់​ដុន​ដាប​ទៅ​រឿយៗ។ ដោយ​ឡែក នៅ​ក្នុង​កំឡុង​ទសវត្ស​ទី ១៩ កម្ពុជា​បាន​ជួប​សម័យ​មួយ​គឺ អាណានិគមនិយម​បារាំង ដែលមាន​រយៈពេល​ជិត​ដល់ ១ សតវត្ស។ តើអ្នក​ដឹងពីការធ្លាក់​ និង ការ​ងើបពីអាណានិគម​នេះទេ? ខាង​ក្រោម​គឺជា​បញ្ជីនៃ​ព្រឹត្តិការណ៍​សំខាន់ៗខ្លះដែល​កើតមុន​បន្តិច និង ​ក្នុង​សម័យ​អាណានិគម។



· ឆ្នាំ ១៨៥៣៖ ដោយ​រង​សម្ពាធ​ពី​ប្រទេសជិតខាងទាំងពីរ (សៀម​និង​យួន) ព្រះបាទអង្គឌួង​ មាន​គោល​បំណង​សុំ​ជំនួយ​ពីប្រទេស​លោក​ខាងលិច។ នៅ​ឆ្នាំនេះ ព្រះបាទ​អង្គឌួង​បាន​សម្រេចសរសេរ​សំបុត្រ​មួយ​ទៅ​ស្តេចណាប៉ូលេអុងទី៣ តាម​រយៈអគ្គកុងស៊ុល​បារាំង​នៅ​សិង្ហបុរី ដើម្បីសុំ​ឲ្យ​បារាំង​មក​មើល​ថែ​កម្ពុជា (ជាអាណាព្យាបាល)។

· ឆ្នាំ ១៨៥៥៖ អគ្គកុងស៊ុល​បារាំង​មក​ប្រទេស​កម្ពុជា តែ​មិន​បាន​ជួប​ជា​មួយ​ព្រះមហា​ក្សត្រ ដូច្នេះកម្ពុជា​នៅ​មិន​ទាន់បាន​ចម្លើយ

· ឆ្នាំ ១៨៦០៖ ទំនាក់ទំនង​ត្រូវ​បាន​ផ្អាក​ដោយ​សារ​ការ​ចូល​ទិវង្គត​របស់​ព្រះបាទអង្គឌួង​ ឆ្នាំ ១៨៦០។

· ឆ្នាំ ១៨៦២៖ បារាំង​បាន​វាយ​យម​តំបន់​កូសាំង​ស៊ីន (កម្ពុជា​ក្រោម) ធ្វើ​ជា​អាណានិគម​ទាំង​មូល។

· សីហា ឆ្នាំ១៨៦៣៖ កម្ពុជា​ធ្លាក់​ក្នុងអាណាព្យាបាល​បារាំង តាម​រយៈ​សន្ធិសញ្ញាអាណាព្យាបាលនៅ​ថ្ងៃទី ១១ សីហា ១៨៦៣ ចុះ​ហត្ថលេខា​ដោយ​សម្តេច ព្រះ​នរោត្តម។

· ១ ធ្នូ ១៨៦៣៖ ក្រៅពី​សន្ធិសញ្ញាអាណាព្យាបាល​បារាំង ព្រះបាទ​នរោត្តមបាន​ចុះ​សន្ធិសញ្ញាមួយ​ទៀតជា​មួយ​សៀម ដាក់​កម្ពុជា​ជា​ចំណុះ​សៀម។

· ឆ្នាំ ១៨៦៧៖ បារាំង​ឲ្យ​សៀម​លុប​សន្ធិសញ្ញា ១ ធ្នូ ១៨៦៣ ចោល ជា​ថ្នូរ​នឹង​ការទទួល​ស្គាល់​ថា ខេត្ត​សៀម​រាម បាត់​ដំបង និង ស៊ីសុផុន ជា​ខេត្ត​របស់​សៀម។

· ឆ្នាំ ១៨៦៧៖ ព្រះរាជរាំង ដូរ​ពី​ក្រុង​ឧដុង្គ មក​ភ្នំពេញ

· ឆ្នាំ ១៨៧៧៖ បារាំងធ្វើ​កំណែទម្រង់ កាត់​បន្ថយអំណាច​ស្តេច​ត្រាញ់ លុបបំបាត់​ទាសភាព បង្កើត​តុលាការ និងប្រព័ន្ធ​ពន្ធដារ។

· ឆ្នាំ ១៨៨៤៖ កំណែទម្រង់​លើក​ទី ២ របស់​បារាំង កាត់​បន្ថយអំណាច​ស្តេច​ខ្មែរ កាត់​បន្ថយ​ខេត្ត​ខ្មែរពី ៥៨ មកត្រឹម ៨ ដោយ​ខេត្តទាំង​នេះទទួល​ការគ្រប់គ្រង​ផ្ទាល់​ដោយ​រេស៊ីដង់​បារាំង។

· ឆ្នាំ ១៩០៤៖ ការ​ឡើង​សោយរាជ្យ​របស់ព្រះបាទស៊ីសុវត្តិ

· ឆ្នាំ ១៩០៧៖ បារាំង​ទាមទារ​ខេត្ត​ខ្មែរដែល​សៀម​យក (ខេត្ត​សៀម​រាម បាត់​ដំបង និង ស៊ីសុផុន)​ ឲ្យ​ខ្មែរ​វិញ ហើយ​ឆ្នាំ ១៩០៨ បារាំង​សម្រេចចចារព្រំដែន កម្ពុជា សៀម ព្រម​ទាំង​ធ្វើ​ផែនទីមួយ​ឈ្មោះ ផែនទី​ភ្នំដង​រែក ទទួល​ស្គាល់​ដោយ​តំណាង​ បារាំង-សៀម។

· ឆ្នាំ ១៩២៧៖ ការឡើង​គ្រង​រាជ្យ​របស់ព្រះបាទ ស៊ីសុវត្តិមុនីវង្ស

· ឆ្នាំ ១៩៤១៖ ព្រះបាទ​នរោត្តម​សីហនុ ទាំង​នៅ​វ័យ​ក្មេង​នៅឡើយ ត្រូវ​បាន​បារាំង​អន្តរាគមន៍​ឲ្យ​ឡើង​សោយ​រាជ្យជា​ព្រះ​មហាក្សត្រ​របស់​ព្រះរាជាណាចក្រ​កម្ពុជា។

· ខែ​ មិថុនា ឆ្នាំ ១៩៤៩៖ បារាំង​បាន​កាត់​ទឹក​ដី​កម្ពុជា​ក្រោម​ឲ្យ​ទៅ វៀតណាម

· ទសវត្ស ៤០៖ ការ​តស៊ូទាម​ទារឯករាជ្យ​របស់​ក្រុម ខ្មែរ​ឥស្សរៈ (មាន​៤​ក្រុម គឺ​ក្រុម​សេរី ក្រុមកុំមុយនីស ក្រុម​ផ្តាច់ការ និង ក្រុម​រាជានិយម)

· ឆ្នាំ ១៩៥៣៖ ព្រះរាជកិច្ច​ទាម​ទារ​ឯករាជ្យ​ដែលធ្វើ​ឡើង​ដោយ ព្រះបាទនរោត្តម​សីហនុ តាម​រយៈការ​ធ្វើ​នយោបាយ​ការទូត (ចរចាជា​មួយ​បារាំង ដែល​ក្នុង​ដំណើរនោះ​ព្រះអង្គយាង​ទៅប្រទេស អាមេរិក បន្ទាប់​មកកាណាដា ហើយ ជប៉ុន រួច​ក​កម្ពុជា ហើយ​វិល​ទៅ​ថៃ ហើយ​មក​កម្ពុជាវិញ)

· ៩ វិច្ឆិកា ឆ្នាំ ១៩៥៣៖ កម្ពុជាទទួល​ឯករាជ្យ​ពេញ​លេញពីបារាំង៕​

ដោយ៖ ហ៊ាង សុគន្ធារី
ប្រភព៖ សៀវភៅប្រវត្តិវិទ្យាថ្នាក់ទី១២

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។ 

No comments