ព័ត៌មានថ្មីបំផុត

Single ក៏នៅតែរីករាយជាមួយវិធីទាំង៨នេះ

Loading...
ធម្មជាតិ​បង្កើត​មនុស្ស​មក​សុទ្ធតែ​មាន​គូ​គាប់​តាម​ភ័ព្វ​ព្រេងវាសនា គ្រាន់​តែ​ពេល​ខ្លះ​មិនទាន់​ដល់​វេលា​​ជួប​គ្នា​ប៉ុណ្ណោះ។ អ្នក​មាន​ស្នេហា​ហើយ ប្រាកដ​ជា​រីករាយ​ជាមួយ​ជីវិត​ដ៏​មាន​ន័យ​របស់​ពួក​គេ ចុះ​ចំណែក​អ្នក​នៅ​ឯកា​វិញ មាន​អារម្មណ៍​យ៉ាង​ណា​ដែរ? ពេល​ខ្លះ​ប្រហែល​ជា​អាច​ធុញ​ថប់​តប់​ប្រមល់ ឬ​ច្រណែន​គេ​ដែល​បណ្ដើរ​គូ​ស្នេហ៍​ត្រសង​កាត់​មុខ។ កុំ​គិត​ខ្វល់​ខ្វាយ​ច្រើន​ពី​រឿង​អស់​នេះ​អី សាក​ល្បង​មក​អនុវត្ត​តាម​វិធី​ងាយៗ​ទាំង៨ ខាង​ក្រោម លោក​អ្នក​នឹង​ទទួល​បាន​ភាព​រីករាយ បើ​ទោះ​ជា​នៅ​ឯកា​គ្មាន​ស្នេហា​ដូច​គេ​ក៏​ដោយ។

​ខាង​ក្រោម​នេះ គឺ​ជា​វិធី​ងាយ​ៗ នាំ​ឲ្យ​អ្នក​រីករាយ​តាម​បែប​ជីវិត​ឯកា៖
១. ធ្វើ​ល្អ​ចំពោះ​អ្នក​ដទៃ
មិន​ថា​ចំពោះ​នរណា សត្រូវ ឬ​មិត្ត អ្នក​ស្គាល់ ឬ​មិន​ស្គាល់ អ្នក​គួរ​ធ្វើ​ល្អ​ដាក់​គេ​ឲ្យ​បាន​ច្រើន នោះ​ជីវិត​របស់​អ្នក​នឹង​ស្រស់​ថ្លា ព្រម​ទាំង​មាន​អារម្មណ៍​ថា​កក់​ក្ដៅ បើ​ទោះ​ជា​កំពុង​នៅ​ម្នាក់​ឯង​ក្ដី។ ជា​ទូទៅ ពេល​ធ្វើ​ល្អ​ចំពោះ​អ្នក​ដទៃ រួច​ឃើញ​គេ​ញញឹម នោះ​អ្នក​ក៏​មាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត​ដូច​គ្នា។
២. បង្កើន​មិត្តភាព
មិត្តភាព និង​ការ​ជួប​ជុំ​អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​សុភមង្គល និង​ស្នាម​ញញឹម​ពិតៗ​​គ្រប់​ពេល​វេលា។ ទោះ​មិន​មាន​​ស្នេហា ក៏​អ្នក​គ្មាន​អារម្មណ៍​ថា​ឯកា ប្រសិន​បើ​មាន​មិត្តភ័ក្ដិ​ច្រើន ជជែក​គ្នា​លេង សាកសួរ​សុខទុក្ខ និង​ធ្វើ​អ្វីៗ​​រួម​គ្នា។ ដូច​នេះ ត្រូវ​ព្យាយាម​បង្កើន​មិត្តភាព​ឲ្យ​បាន​ច្រើន និង​ចៀសវាង​ការ​ថ្នាំង​ថ្នាក់​ផ្សេង​ៗ ដែល​នាំ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​មិន​ស្រណុក​ក្នុង​ចិត្ត។
៣. ធ្វើ​ខ្លួន​ឲ្យ​រវល់​ជានិច្ច
មិន​ត្រូវ​ទុក​ខ្លួន​ឲ្យ​ទំនេរ គិត​រឿង​អត់​ប្រយោជន៍ រហូត​បង្ក​ជា​ភាព​សោកសៅ​នោះ​ទេ។ ត្រូវ​រក​ការងារ​ធ្វើ​ជាប់​ជានិច្ច មិន​ថា​ការងារ​ផ្ទះ ការងារ​ដែល​ធ្វើ​ដើម្បី​ប្រាក់​ខែ ឬ​កិច្ចការ​សាលា​នោះ​ទេ។ ព្រោះ​ពេល​រវល់​ជាប់​រហូត អ្នក​នឹង​គ្មាន​ពេល​គិត​ច្រើន​ពី​​រឿង​គូ​គាប់​ឡើយ ហើយ​ក៏​មិន​ចាត់​ទុក​ខ្លួន​ថា​ឯកា​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត នៅ​ពេល​ការងារ​ទាំង​នោះ​ទទួល​បាន​លទ្ធផល​គាប់​ប្រសើរ អ្នក​នឹង​មាន​ភាព​រីករាយ​ជាក់​ជា​មិន​ខាន។
៤. សរសេរ​
ពេល​អផ្សុក​ និង​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​ឯកា អ្នក​អាច​សរសេរ​អ្វី​ក៏​បាន​តាម​ចិត្ត​ចង់ មិន​ថា​កំណត់ហេតុ​ប្រចាំ​ថ្ងៃ រឿង​ប្រលោមលោក​ទាក់​ទង​ជីវិត​ផ្ទាល់​ខ្លួន ឬ​កំណាព្យ​ជា​ដើម សុទ្ធតែ​មាន​ប្រយោជន៍​ចំពោះ​ជីវិត​អ្នក​ទាំង​អស់។ លើស​ពី​នេះ​ទៅ​ទៀត ពេល​ខ្លះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​លន្លង់​លន្លោច​ស្រមើស្រមៃ និង​រីករាយ​ទៅ​តាម​ទឹក​ដៃ​សរសេរ និង​ការ​នឹក​ឃើញ​នោះ​ផង​ដែរ។
៥. ទិញ​កាដូ​ជូន​ខ្លួន​ឯង
ស្ដាប់​ទៅ​ហាក់​ដូច​ជា​ចម្លែក​បន្តិច​មែន ប៉ុន្តែ​វា​ពិត​ជា​មាន​ប្រយោជន៍​សម្រាប់​មនុស្ស​ដែល​គ្មាន​គូ​ដូច​គេ​ផ្សេង។ ទិវា​នៃ​ក្ដី​ស្រលាញ់ បុណ្យ​ណូអែល ឬ​ចូល​ឆ្នាំ អ្នក​មាន​ស្នេហា ទិញ​កាដូ​ជូន​គូ​សង្សារ ចំណែក​អ្នក​ឯកា អាច​ទិញ​របស់​ផ្សេង​ៗ​សម្រាប់​ខ្លួន​ឯង។ យ៉ាង​ហោច​ណាស់ អាច​ចូល​ទទួល​ទាន​អាហារ​ឆ្ងាញ់ៗ​នៅ​ហាង​ថ្លៃ​ម្ដង ក៏​ចាត់​ទុក​ថា​ធ្វើ​ល្អ​ចំពោះ​ខ្លួន​ឯង និង​ធ្វើ​ឲ្យ​ជីវិត​រីករាយ​ដូច​គ្នា។
៦. ចិញ្ចឹម​សត្វ
សុនខ ឆ្មា ត្រី​៧​ពណ៌ ឬ​ត្រី​កន្ទុយ​បី សេក សារិកាកែវ​ជាដើម សុទ្ធតែ​អាច​ក្លាយ​ជា​មិត្ត​ដ៏​ល្អ​របស់​អ្នក។ បើ​ពេញ​ចិត្ត​ប្រភេទ​សត្វ​ណា ក៏​ចិញ្ចឹម​សត្វ​ប្រភេទ​នោះ​ទៅ ព្រោះ​វា​អាច​ជួយ​ឲ្យ​រសាយ​ទុក្ខ​កង្វល់ ឬ​យ៉ាង​ហោច​ណាស់ ពេល​មាន​អារម្មណ៍​ថា​ឯកា​ខ្លាំង​អ្នក​អាច​មើល​សត្វ​ទាំង​នោះ និង​ចាប់​ផ្ដើម​បង្កើត​បរិយាកាស​សប្បាយ​រីករាយ​ជាមួយ​គ្នា។
៧. មិន​ងើយ​លើ​តែ​ចេះ​មើល​ក្រោម
កុំ​ប្រៀបធៀប​អ្នក​ល្អ​ជាង​ខ្លួន កុំ​ច្រណែន​គេ​ដែល​មាន​គ្រប់​យ៉ាង តែ​ត្រូវ​ពេញ​ចិត្ត​អ្វី​ដែល​ខ្លួន​មាន និង​ចេះ​ប្រៀប​ធៀប​ជាមួយ​អ្នក​អន់​ជាង​ខ្លួន។ ជីវិត​មនុស្ស មិន​អាច​មាន​អ្វី​គ្រប់​យ៉ាង​តាម​ចិត្ត​ប្រាថ្នា​ចង់​បាន​នោះ​ទេ ដូច​នេះ​ហើយ​ត្រូវ​រីករាយ​ជាមួយ​អ្វី​ដែល​ខ្លួន​មាន។ ពេល​ខ្លះ​អ្នក​អាច​អន់​ចិត្ត​ពេល​គ្មាន​គូស្នេហ៍​ដូច​គេ ប៉ុន្តែ​សាក​ប្រៀប​ធៀប​ជាមួយ​អ្នក​ផ្សេង​ទៀត​ដែល​គ្មាន​ឪពុក​ម្ដាយ​ទៅ​មើល តើ​គេ​ពិបាក​រស់​នៅ​ប៉ុណ្ណា។ នេះ​ហើយ​ជា​អ្វី​ដែល​អ្នក​ត្រូវ​រីករាយ និង​ឈប់​ហ្មង​សៅ​រឿង​នៅ​ម្នាក់​ឯង ព្រោះ​អ្នក​មាន​អ្វី​លើស​ពី​អ្នក​ដទៃ​ច្រើន​ណាស់។ ​​​​​
៨. ព្យាយាម​ស្វែង​រក​ផល​ប៉ះពាល់​ពេល​មាន​គូ
ពេល​ខ្លះ​អ្នក​អាច​ច្រណែន​គេ​ដែល​មាន​គូ ឯ​ខ្លួន​វិញ​នៅ​ម្នាក់​ឯង​គ្មាន​ស្នេហា​គួរ​ឲ្យ​កណ្ដោច​កណ្ដែង ប៉ុន្តែ​សាក​គិត​រក​ចំណុច​ខុស​គ្នា​ឡើង​វិញ។ មិន​ប្រាកដ​ថា​មាន​ដៃ​គូ អាច​ធ្វើ​ឲ្យ​អ្នក​រីករាយ​នោះ​ទេ ព្រោះ​ពេល​ខ្លះ ស្នេហា​នេះ​ហើយ​គួរ​ឲ្យ​ធុញ​ទ្រាន់​ពិបាក​នឹង​រៀបរាប់។ ត្រូវ​ចំណាយ​ពេល​វេលា​ដើម្បី​មនុស្ស​ជា​ទី​ស្រលាញ់ ត្រូវ​កំដរ​គេ​ដើរ​លេង ហ៊ាន​ប្រហែស​និយាយ​ជាមួយ​អ្នក​ផ្សេង​តែ​បន្តិច ប្រាកដ​ជា​អាក់​អន់​ស្រពន់​ចិត្ត​ងងក់​ជា​មិន​ខាន។ ដល់​ពេល​នោះ អ្នក​ត្រូវ​ចំណាយ​ខួរក្បាល​មួយ​ផ្នែក និង​ពេល​វេលា​មួយ​ចំនួន​ដើម្បី​ទៅ​លួង​លោម​​គេ​ទាំង​ទើសទាល់​ចិត្ត។ សរុប​មក គិត​ពី​ចំណុច​អាក្រក់​អស់​ទាំង​នេះ​ឡើង​វិញ លោក​អ្នក​ប្រាកដ​ជា​រីករាយ​ជាមួយ​ជីវិត​នៅ​ម្នាក់​ឯង​ដ៏​មាន​ន័យ​របស់​អ្នក​ជាក់​ជា​មិន​ខាន៕

ប្រភព៖ សុខភាព

No comments