ព័ត៌មានថ្មីបំផុត

ម៉េចបានពេលខ្លះ មូសខាំ​អ្នក​ច្រើន​ជាង​ខាំ​អ្នក​ដទៃ?

Loading...
តើ​អ្នក​ធ្លាប់​ទេ នៅ​ពេល​ដែលអ្នក​​នៅ​កន្លែង​មួយ​ដូចគ្នាជា​មួយ​អ្នក​ដទៃ ហើយ​មូស​មក​ខាំតែអ្នក តែ​មិន​ខាំអ្នក​ផ្សេង​សោះ? ហេតុ​ផល​មួយ​ចំនួន​បាន​បញ្ជាក់​ថា អ្នក​ខ្លះ​មាន​ភាព​ទាក់ទាញ​ការ​ខាំ​ពី​មូស​ជាង​មនុស្សទូទៅ។ ភាគ​ច្រើន​ មូស​ដែល​មក​ខាំ​មនុស្ស​គឺជា​មូស​ញី ហើយ​វា​ខាំ​ដើម្បី​យក​ឈាម​ទាំង​នោះ​ទៅ​បំប៉នពង​របស់​វា។ តើ​អ្នក​ចង់​ដឹង​ថា​ហេតុ​ផលទាំង​អស់​នោះជាអ្វីទេ? ខាង​ក្រោម​គឺជា​ហេតុ​ផល​មួយ​ចំនួន​ដែល​បង្ហាញ​ថា​អ្នក​មាន​មូស​ខាំ​ច្រើនជាង​អ្នក​ដទៃ។



1. អ្នក​ដែល​ផលិត​ឧស្ម័ន​កាបូន​ឌីអុក​ស៊ីត​ច្រើន
តាម​ធម្មតា មនុស្ស​គ្រប់​គ្នា​តែ​ផលិត​ឧស្ម័ន​កាបូនិច​នៅ​ក្នុង​ខ្លួន តែ​មាន​មនុស្ស​មួយ​ក្រុម​ដែល​អ្នក​សិក្សា​រក​ឃើញ​ថា ជា​ក្រុម​ផលិត​ឧស្ម័ន​នេះ​ច្រើន ហើយ​ក៏​ជា​ក្រុម​មនុស្ស​ដែល​ទាក់​ទាញ​ការ​ខាំ​ពី​សត្វ​ល្អិត និង មូស​ផង​ដែរ។ មនុស្ស​មួយ​ក្រុម​នោះ​គឺអ្នក​ដែល​មាន​ផ្ទៃ​ពោះ និង មនុស្ស​មាន​មាឌធំ។

2. ប្រភេទឈាម​
ប្រភេទឈាម​របស់​អ្នក​ក៏ជា​ហេតុ​ផល​មួយ​​ធ្វើ​ឲ្យ​សត្វ​ល្អិត ឬ​ មូស​ចូល​ចិត្ត​មក​ខាំអ្នក​ជាង​គេ​ដែរ។ ការ​សិក្សា​បាន​បង្ហាញ​ថា អ្នក​ដែល​មាន​ឈាម​ប្រភេទ O គឺជាអ្នក​ដែល​ទាក់ទាញ​ឲ្យ​មាន​មូស​ខាំ​ច្រើន​ជាង​អ្នក​ដែល​មាន​ឈាម​ប្រភេទ A។ ទោះ​បីជា​ការ​សិក្សា​នៅ​មាន​មិនច្រើន តែ​លទ្ធផល​នេះ​អាច​ឲ្យ​ជឿទុកចិត្ត​បាន។

3. មាន​កំដៅ​ខ្លួន​ខ្ពស់
តាម​ការ​ពិត សីតុណ្ហភាព​ក្នុង​ខ្លួន​របស់អ្នក​ក៏ជា​កត្តា​ធ្វើ​​ទាក់​ទាញមូស ឬ សត្វ​ល្អិត​ឲ្យ​ខាំអ្នក​ជាង​អ្នក​ដទៃ​ដែរ។ ជូនកាល​ អ្នក​ដែល​ឧស្សាហ៍​ហាត់​ប្រាញ​ក៏​អាច​ជា​ក្រុម​ដែល​ទាក់​ទាញ​មូស​ខាំ​ដែរ ព្រោះ​ពេល​នោះសីតុណ្ហភាព​ក្នុង​ខ្លួន​អ្នក​កើន​ឡើង។

4. នៅ​ពេល​អ្នក​មាន​ញើស
នៅ​ពេល​អ្នក​បែក​ញើស អ្នក​បញ្ចេញ​កាក​សំណល់​ក្នុង​ខ្លូន​របស់​អ្នក ក៏ដូចជា​សារធាតុ​ធ្វើ​ឲ្យ​អ្នក​មាន​ក្លិន​ខ្លួន​ផង។ ទាំង​នេះ​ក៏ជា​ហេតុ​ផល​មួយ​ដែល​ធ្វើ​ឲ្យ​មូស​ចូល​ចិត្ត​ខាំអ្នកជាង​អ្នក​ដទៃ។​

5. នៅ​ក្រោយ​ពេល​ហាត់​ប្រាណ
បន្ទាប់​ពី​ហាត់​ប្រាណ វា​ក៏ជា​ពេល​មួយ​ដែល​មូស​ចូល​ចិត្ត​ទៅ​រកខាំ​អ្នក​ជាង​ពេល​ណាណា​ដែរ ព្រោះ​ថា ក្រោយ​អ្នក​ហាត់​ប្រាណ មិន​ត្រឹម​តែ​បាន​បញ្ចេញ​ញើសទេ តែ​វា​ថែម​ទាំង​បង្កើន​សីតុណ្ហភាពក្នុង​ខ្លួន​អ្នក​ផង។ បែប​នេះទើប​ពេល​អ្នក​គិត​ថា​អ្នក​កខ្វក់ មូស​ក៏​ចូល​ចិត្ត​មក​ខាំ។​

6. នៅ​ពេល​អ្នក​ផឹក​ស្រា​បៀ
ស្រា​បៀក៏ជា​ហេតុ​ផល​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​មូស​ខាំ​ដែរ។ ការ​សិក្សា​បង្ហាញ​ថា ស្រាបៀតែ​មួយ​កំប៉ុង​អាច​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការធ្វើ​ឲ្យ​មូស​មក​ខាំអ្នកបាន។

ប្រភព៖ Buzzfeed
ដោយ៖ ហ៊ាង សុគន្ធារី​

 *ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments