ព័ត៌មានថ្មីបំផុត

រៀន​អង់​គ្លេស​ដោយ​ខ្លួន​ឯង​​តាម​វិធីណា​ទើប​ឆាប់​ចេះ ​ឆាប់​ចាំ?​

Loading...
តាមពិតទៅ នៅ​ពេល​ដែល​អ្នក​បាន​ឮពាក្យ​ថា រៀន វា​មិន​មែន​សំដៅ​តែ​ការ​រៀន​នៅ​សាលា ឬ កន្លែង​បណ្តុះ​បណ្តាល​ណា​មួយ​តែ​ម្យ៉ាង​នោះ​ទេ តែ​ការ​រៀន​នេះ​បូក​រួម​ទាំង​ការ​រៀន​នៅ​ក្នុង​សង្គម រៀន​តាម​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​អ្នក និង រៀន​ដោយ​ខ្លួន​ឯង។ តាម​ការ​ពិត ការ​រៀន​ដោយ​ខ្លួន​ឯង​ពិត​ជា​មាន​ប្រសិទ្ធភាព​ណាស់​បើ​សិនជា​យើង​ដាក់​ការ​យក​ចិត្ត​ទុក​ដាក់​របស់​យើង​ទៅ​លើ​វា​ទាំង​អស់​តែ​ម្តង។ តើ​អ្នក​ដឹង​ទេ​ថា​អ្នក​គួររៀន​ភាសា​អង់គ្លេស​ដោយ​ខ្លួន​ឯង​បែប​ណា​ទើប​មាន​ប្រសិទ្ធភាព?​ ខាង​ក្រោមជា​វិធីសាស្ត្រ​មួយ​ចំនួន​ឲ្យ​អ្នក​ស្វែង​យល់​ពី​ការ​សិក្សា​ដោយ​ខ្លួន​ឯង។




1. ទិញ​សៀវភៅ​យក​មក​ស្វែង​យល់​ដោយ​ខ្លួន​ឯង
ផ្នែក​មួយ​នៃ​ការ​រៀន​ឲ្យ​បាន​ចេះ​រហ័ស​នោះ​គឺ​ការ​មើល​សៀវភៅ​ដោយ​ខ្លួន​ឯង។ នៅ​ក្នុង​សៀវភៅ​មូល​ដ្ឋាន អ្នកអាច​ឃើញ​មានការ​ពន្យល់​វេយ្យាករណ៍មួយ​ៗ ធ្វើ​ឲ្យ​ឆាប់​ចេះ ហើយ​ណា​មួយ​មាន​ការ​ប្រើ​ពាក្យ​ល្មម​ៗ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ចាប់​បាន​ទៀត​ផង។ ពេល​មើល​សៀវភៅ​ដោយ​ខ្លួន​ឯង អ្នក​អាច​យល់​កាន់​តែ​ច្បាស់ពី​អ្វី​ដែល​មាន​នៅ​ក្នុង​មេរៀន​ទាំង​នោះ។

2. ក៏​គួរ​តែ​ស្វែង​រក​ជំនួយ​ពី​គេ​ដែរ
នៅ​ពេល​រៀន​ដោយ​ខ្លួន​ឯង មិន​ថា​អ្នក​ណា​ជា​អ្នក​ណា​ទេ​តែង​ត្រូវ​ការ​ជំនួយ​ជានិច្ច។ ឧទាហរណ៍​ថា នៅពេល​មើល​សៀវភៅ ហើយ​មាន​ចំណុច​មិន​យល់ អ្នក​គួរ​ស្វែង​រក​អ្នក​ចេះ​ណា​ម្នាក់​ ដូចជា​ប៉ា ម៉ាក់ ឬ បង​ប្អូនណា​ដែល​អ្នក​គិតថា​អាច​ជួយ​អ្នក​បាន។ ការ​សួរ​សំនួរ​ធ្វើ​ឲ្យ​អ្នក​កាន់តែ​មាន​ភាព​ប្រាកដទៅ​លើចម្លើយ និង មេរៀន​ទាំង​នោះ។

3. អាន​សៀវភៅ​អង់គ្លេស​បន្ថែម
ក្រៅពី​មើល​សៀវភៅ​មេរៀន នៅមាន​សៀវភៅជា​ច្រើន​ទៀត​ដែល​អ្នក​អាច​អាន​បាន​ដូចជា​សៀវភៅ​ប្រវត្តិសាស្ត្រ ឬ ប្រលោម​លោក​ជា​ភាសាអង់គ្លេសជា​ដើម។ ឧទាហរណ៍​ដូចជា​ការ​អាន​ប្រលោម​លោកជា​ដើម​ វា​មិន​ត្រឹម​តែជា​ការ​កម្សាន្ត​អារម្មណ៍​ប៉ុណ្ណោះទេ តែ​ធ្វើ​ឲ្យ​អ្នក​យល់​បន្ថែម​ពីទម្រង់​ល្បះ​ក្នុង​ភាសាអង់គ្លេស ព្រមទាំងវេយ្យករណ៍​ផង។

4. មើល​វីដេអូ​លើ​ Youtube
ការ​មើល​វីដេអូ​លើ​ Youtube មិន​មែនជារឿង​អត់​ប្រយោជន៍​ទាំង​ស្រុង​ទេ។ អ្នក​អាច​ស្វែង​រក​ការ​បង្រៀន​បន្ថែម​នៅ​លើ Youtube ឬ ក៏​អាច​ស្តាប់​ការ​និយាយ​អង់គ្លេស​ផង។ ការ​ធ្វើ​បែប​នេះ អាច​ធ្វើ​ឲ្យ​អ្នក​រៀន​បាន​ដោយ​ខ្លួន​ឯង មិនចាំ​បាច់​សួរ​អ្នក​ណា ហើយជាង​នេះ​គឺអ្នក​អាច​អនុវត្តន៍​ការ​ស្តាប់​អង់គ្លេស​បាន​យ៉ាង​ល្អ។

5. បង្កើត​ក្រុមពិភាក្សា
គេ​តែង​និយាយ​ថា ពេល​រៀនជា​ក្រុម អ្នក​ទទួល​បានគំនិត​ល្អៗ​ពី​គេ​ច្រើន ព្រោះ​ពេល​នោះ​ក្រុម​មាន​ខួរ​ក្បាល​គិតបាន​ច្រើន ល្អ​ជាង​មាន​តែ​ខួរ​ក្បាល​យើង​តែ​មួយ។ តាម​ពិត​ទៅ ការ​រៀនជា​ក្រុម​ពិតជា​មាន​សារសំខាន់ ព្រោះ​យើង​បាន​ផ្តោះ​ប្តូរគំនិត​គ្នា​ទៅវិញទៅ​មក ហើយ ការ​ឲ្យ​យោបល់​ក៏​មាន​ច្រើន​ដែរ ជាការ​ល្អណាស់។​

6. អនុវត្តន៍​ផ្ទាល់
ពេល​រៀន​ហើយ អ្នក​ត្រូវ​តែ​អនុវត្ត។ ការ​អនុវត្តគឺ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ស្ទង់​សមត្ថភាព ថា​តើ​អ្នក​ចេះ​បាន​កម្រិត​ណា​ហើយ។ អ្នក​អាច​យក​លំហាត់​អនុវត្ត​ពី​មេរៀន​ទាំង​អស់​ដែល​អ្នក​រៀន​នោះ​ មក​អង្គុយ​ធ្វើ ឬ ក៏​ស្វែង​រក​លំហាត់​ថ្មី​ៗ​តាម​អនឡាញ​មក​ធ្វើ​ក៏​ល្អ​ម្យ៉ាង​ដែរ។

ដោយ៖ ហ៊ាង សុគន្ធារី

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments