ព័ត៌មានថ្មីបំផុត

ដេកស្ពឹកណាស់មែនទេ? ងាយ​ៗដើម្បី​​​ក្រោក​​​នៅ​​ពេល​​ព្រឹ​ក​​ឲ្យ​​​ទៀង​​​ទាត់​​

Loading...
ការក្រោកឡើងនៅពេលព្រឹកអាចថាជារឿងលំបាកមួយ សម្រាប់មនុស្សមួយចំនួនដែលពួកគេតែងតែមានអារម្មណ៍ថា ក្រោកមិនរួចចេះតែចង់គេងបន្ត ទោះបីជាដាក់ម៉ោងរោទ៍ហើយក៏បិទ ដើម្បីគេងបន្តមួយភ្លែតទៀតដែលជួនកាលវាបាននាំឲ្យអ្នកទៅរៀន ឬទៅធ្វើការយឺត ខាងក្រោមនេះជាវិធីងាយៗ ដើម្បីក្រោកនៅពេលព្រឹកព្រលឹមយ៉ាងទាន់ម៉ោងនិងទៀងទាត់។




១. ដាក់នាឡិការោទ៍របស់អ្នកឲ្យឆ្ងាយពីដៃ


មែនហើយបើសិនជានាឡិការោទ៍របស់អ្នកនៅជិតដៃពេក ដែលអាចឈោងដល់នោះអ្នកនឹងចុចប៊ូតុង Snooze ដើម្បីគេងមួយភ្លែតទៀតជាក់ជាមិនខាន ដូច្នេះការដាក់វាឆ្ងាយពីដៃបន្តិចគឺអាចជួយដាស់អ្នកឲ្យក្រោកបានយ៉ាងប្រសើរ។


២. ត្រូវមានទម្លាប់គេងទៀងទាត់

អ្នកនឹងមានអារម្មណ៍ថាកាន់តែងាយស្រួល ក្នុងការក្រោកនៅពេលព្រឹកព្រលឹមយ៉ាងទៀងទាត់ បើសិនជាអ្នកមានទម្លាប់ចូលគេងនៅពេលយប់ទៀងទាត់ដូចគ្នា ដោយអ្នកត្រូវដាក់ម៉ោងរោទ៍នៅពេលតែមួយជារៀងរាល់ថ្ងៃមិនថាថ្ងៃចុងសប្ដាហ៍ក៏ដោយ។

៣. ការអនុវត្តន៍


អាចនិយាយបានថាវាមិនត្រឹមតែជាការតាំងចិត្តនោះទេ តែវាគឺជាការបង្ខំខ្លួនឯងធ្វើឲ្យបាន ព្រោះជួនកាលអ្នកបានតាំងចិត្តនៅពេលយប់ថា នឹងក្រោកពីព្រលឹមឲ្យបាន តែលុះព្រឹកឡើងអាការធាតុត្រជាក់ល្មមដែលនាំឲ្យត្របកភ្នែករបស់អ្នក នៅតែទន់បើកមិនរួចនោះ នាំឲ្យការតាំងចិត្តរបស់អ្នកឥតបានការដដែល ដូចនេះអ្នកត្រូវមានការអនុវត្ត ទោះត្រូវបង្ខំខ្លួនឯងឲ្យក្រោកឡើងក៏ដោយមិនមែនត្រូវសុំគេងថែម ១០​ឬ ២០នាទីទៀតនោះទេ។


៤. ពន្លឺនៅពេលព្រឹក

អ្នកគួររៀបចំបន្ទប់យ៉ាងណាឲ្យពន្លឺអាចជះចូលមកក្នុងបន្ទប់របស់អ្នក នៅពេលព្រឹកដែលការធ្វើបែបនេះវាអាចជួយដាស់អ្នកឲ្យក្រោកឡើងតាមបែបធម្មជាតិ ព្រោះពន្លឺអាចជួយឲ្យរាងកាយរបស់អ្នកផ្អាកការបញ្ចេញអ៉កម៉ូនដែលត្រូវការសម្រាប់ការគេង Melatonin ដែលអាចនាំឲ្យអ្នកត្រៀមខ្លួនរួចរាល់ដើម្បីក្រោកពីដំណេក។


៥. កុំនៅស្ងៀម

បន្ទាប់ពីក្រោកមកអ្នកគួរតែកុំដេកចុចទូរស័ព្ទ រឺអង្គុយស្ងៀម ព្រោះជួនកាលវាអាចនាំឲ្យអ្នកមានអារម្មណ៍តប់ប្រមល់ ដូចនេះអ្នកអាចធ្វើការហាត់ប្រាណឬរត់មួយជុំ ដើម្បីឲ្យរាងកាយរបស់អ្នកកាន់តែមានភាពស្រស់ស្រាយ ហើយវាក៏អាចជួយឲ្យអ្នកក្រោកឡើងបានយ៉ាងទៀងទាត់ជារៀងរាល់ព្រឹក តែបើសិនជាអ្នកមិនមានពេលច្រើននោះអ្នកក៏អាចធ្វើការពត់ខ្លួនមួយសន្ទុះនៅក្នុងបន្ទប់ក៏បាន។


៦. បង្កើនអារម្មណ៍ស្រស់ស្រាយ


បន្ទាប់ពីក្រោកទៅហាត់ប្រាណ ឬពត់ខ្លួនរួចអ្នកគួរតែទៅងូតទឹកបន្តទៀត ដើម្បីបង្កើនអារម្មណ៍ស្រស់ស្រាយរបស់អ្នកឲ្យកាន់តែខ្លាំងឡើង ហើយអ្នកគួរតែជ្រើសរើសសាប៊ូដុសខ្លួនប្រភេទដែលមានធាតុត្រជាក់ ឬប្រភេទក្លិនផ្លែឈើក៏បាន អ្វីដែលពិសេសនោះគឺរឹតតែប្រសើរបើសិនជាអ្នកចាក់បទចម្រៀងប្រភេទបែបរីករាយ ដើម្បីស្ដាប់អំឡុងពេលងូតទឹកនោះធានាថាអ្នកនឹងស្រស់ស្រាយ។


៧. រក្សាគុណភាពនៃការគេងរបស់អ្នក

មែនហើយ ទោះជាយ៉ាងណាអ្នកត្រូវតែរក្សាគុណភាពនៃការគេងរបស់អ្នក ដើម្បីធានាថាអ្នកគេងបានគ្រប់គ្រាន់មិនសល់ហាយនៅពេលព្រឹកដោយអ្នកត្រូវ រក្សាពន្លឺក្នុងបន្ទប់នៅពេលយប់ឲ្យងងឹតបន្តិច រក្សាសីតុណ្ហភាពក្នុងបន្ទប់កុំឲ្យក្ដៅពេក និងកុំទទួលទានជាតិ អាកុល ឬកាហ្វេអ៊ីនមុនពេលចូលគេងជាដើមដើម្បីឲ្យការគេងរបស់អ្នកមានភាពស្កប់ស្កល់ល្អ៕



អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ Lifehack



*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments