ព័ត៌មានថ្មីបំផុត

៥​វិធី​​ដើម្បី​​​ចាក​​​ចេញ​​ពី​​​ភាព​​​ឯ​កា​​

Loading...
ដឹងអត់ថាមិនមែនទាល់តែនៅម្នាក់ឯងទើបអ្នកមានភាពឯកានោះទេ ព្រោះថាអ្នកក៏អាចមានភាពឯកាដែរ ទោះបីជាកំពុងនៅក្នុងចំណោមមនុស្សជាច្រើនក៏ដោយ តែទោះជាយ៉ាងណាចូរកុំឲ្យភាពឯកានោះចូលមកយាយី ឬប៉ះពាល់ដល់ការរស់នៅរបស់អ្នកឲ្យសោះ ព្រោះអ្នកអាចយកឈ្នះភាពឯកាទាំងនោះបានយ៉ាងងាយជាមួយវិធីខាងក្រោមនេះ។



១. ទទួលស្គាល់នូវភាពឯការបស់អ្នក

នៅពេលដែលអ្នកមានភាពឯកា អ្នកនឹងចាប់ផ្ដើមមានគំនិតអវិជ្ជមានបែបធ្វើការវិភាគ ឬគិតច្រើនហួសហេតុ ដែលភាគច្រើនវាតែងតែនាំឲ្យអ្នកគិតថាខ្លួនអ្នកគឺជាមនុស្សឥតបានការជាដើម។ ហេតុអ្វីចាំបាច់ត្រូវគិតបែបនេះ? ព្រោះអ្នកមិនបានគិតថាអ្វីទាំងនេះ គឺបានកើតឡើងដោយសារអារម្មណ៍ឯកានោះទេ ដូចនេះដើម្បីយកឈ្នះភាពឯការបស់អ្នកជាដំបូងអ្នកត្រូវទទួលស្គាល់ពីវាជាមុនសិន។


២. សម្គាល់នូវអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍ឯកា

អ្នកត្រូវស្វែករកឲ្យបានច្បាស់ថា អ្វីទៅជាដើមហេតុដែលនាំឲ្យអ្នកមានអារម្មណ៍ថាឯកានោះ តើវាមកពីមិត្តភ័ក្តរបស់អ្នក? មកពីបរិយាកាសការងាររបស់អ្នក? ឬមកពីអ្វីផ្សេងទៀត? បើអ្នករកឫសគល់នៃភាពឯកានោះឃើញ អ្នកប្រាកដជាមានភាពងាយស្រួលក្នុងការរកដំណោះស្រាយ។

៣. បង្ហាញពីអារម្មណ៍ឯការបស់អ្នក

ការបង្ហាញពីអារម្មណ៍របស់អ្នកបែបនេះ អ្នកនឹងអាចដឹងបានកាន់តែងាយថា តើអារម្មណ៍បែបនេះវាកើតឡើងមកដោយសារអ្វី កុំបារម្ភព្រោះប្រាកដជាមានមនុស្សជាច្រើនដែលស្ម័គ្រចិត្តចាំស្ដាប់អ្នករៀបរាប់ពីអារម្មណ៍ទាំងនោះមិនថាមិត្តភ័ក្ដឬក្រុមគ្រួសារ អ្នកត្រូវគិតថា អ្នកមិនមែនរស់នៅលើពិភពលោកមួយនេះតែម្នាក់ឯងនោះទេ។



៤. ធ្វើឲ្យខ្លួនឯងរវល់


កត្តាដ៏សំខាន់បំផុតនៃភាពឯកានោះ គឺការធុញទ្រាន់ ហើយអ្វីដែលបង្កឲ្យមានភាពធុញទ្រាន់នោះ គឺភាពទំនេរជ្រុល ឬមិនមានអ្វីត្រូវធ្វើ ដូចនេះជំនួសពីការសំងំខ្លួនឯងឲ្យនៅជាមួយភាពឯកា អ្នកគួរតែព្យាយាមធ្វើយ៉ាងណាឲ្យខ្លួនឯងរវល់ឲ្បបានច្រើន មិនថាការធ្វើម្ហូប ឬការសម្អាតផ្ទះក៏ដោយសុទ្ធតែអាចជួយអ្នកបានទាំងអស់។


៥. ធ្វើរឿងឆ្កួតៗ

មានរឿងបែបឆ្កួតៗជាច្រើនដែលអ្នកអាចធ្វើ ដើម្បីបំបាត់អារម្មណ៍ឯកាទាំងនោះដូចជាការ លោតលេងនៅលើពូក ការរាំទៅតាមតន្ត្រី ឬការស្រែកច្រៀងត្រាប់ទៅតាមតារាចម្រៀងក្នុងចិត្តអ្នក ដែលសកម្មភាពទាំងនោះនឹងធ្វើឲ្យអ្នករីករាយហើយភ្លេចរាល់ភាពឯកាដែលអ្នកមាន៕





អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ FabHow


*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments