ព័ត៌មានថ្មីបំផុត

ចំណាយ​ពេល​ទំនេរ​ធ្វើ​រឿង​១០​យ៉ាង​នេះ​ អ្នក​នឹង​កាន់​តែ​ឆ្លាត​

Loading...
នៅ​ពេល​ទំនេរ ​មនុស្ស​ម្នាក់​ៗ​តែង​ស្វែង​រក​ការ​កម្សាន្ត​នានា​ដែល​ខ្លួន​ពេញ​​​ចិត្ត​ តែ​អ្នក​អាច​នឹង​ជ្រើស​យក​ការ​កម្សាន្ត​នៅ​ពេល​ទំនេរ​ណា​ដែល​​បាន​គ្រាន់​តែ​សប្បាយ​​ហើយ​អ្នក​មិន​បាន​ទទួល​ប្រយោជន៍​អ្វី​ពី​ការ​ធ្វើ​នោះ។ ខាង​ក្រោម​នេះ​គឺ​ជា​ការ​កម្សាន្ត​មួយ​ចំនួន​ដែល​ធ្វើ​​ឲ្យ​អ្នក​កាន់​តែ​ឆ្លាត​ជាង​មុន​។


1. ការ​លេង​ឧបករណ៍​តន្តី្រ
ខុង​ជឺ​បាន​និយាយ​ថា​ តន្ត្រី​គឺ​ជា​ការ​កម្សាន្ត​មួយ​ដែល​មនុស្ស​គ្រប់​រូប​មិន​អាច​ខ្វះ​បាន​។ តន្ត្រី​មាន​ឥទ្ធិពល​​ទៅ​លើ​ចិត្តវិទ្យា​របស់​មនុស្ស។ ​ទាំង​ការ​ស្តាប់​និង​ការ​លេង​តន្ត្រី​សុទ្ធ​តែ​បាន​ធ្វើ​ឲ្យ​​កើន​ឡើង​ការ​ចង​ចាំ​របស់​យើង​។​ ការលេង​តន្ត្រី​​ថែម​ទាំង​បង្រៀន​មនុស្ស​ឲ្យ​មាន​ភាព​អត់​ធ្មត់ ប្រុង​ប្រយ័ត្ន​ ព្រម​ទាំង​ផ្តោត​អារម្មណ៍​ខ្ពស់ផង។ 


2. ការ​អាន​សៀវភៅ​
ការ​អានធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​កម្រិត​នៃ​ភាព​ឆ្លាត​បើ​សិន​ជា​អ្នក​អាន​សៀវភៅ​​ផ្សេង​ៗ​គ្នា​ដូច​ជា​ រឿង​ប្រឌិត​ ជីវប្រវត្តិ​របស់​អ្នក​ណា​ម្នាក់ ឬ​សិល្បៈ​ជា​ដើម​។ ការ​អាន​ធ្វើ​ឲ្យ​កាត់​បន្ថយ​ភាព​តាន​តឹង​ មាន​អារម្មណ៍​ល្អ​​ ស្ងប់​ស្ងាត់​ ព្រម​ទាំង​បាន​​ចំណេះដឹង​​ជា​ច្រើន​ដែរ​។ ការ​អាន​ជួយ​ឲ្យ​អ្នក​​មាន​គំនិត​ច្នៃ​ប្រឌិត។


3. សមាធិ​ញឹក​ញាប់​

​ការ​ធ្វើ​សមាធិ​​ញឹក​ញាប់​​ ​ធ្វើ​ឲ្យ​អ្នក​យល់​ពី​ខ្លួន​ឯង​​បាន​ច្បាស់ មាន​ការ​គិត​​​ និង​គ្រោង​ធ្វើ​អ្វី​មួយ​មាន​ប្រសិទ្ធភាព​ និង ​​គ្រប់​គ្រង​អារម្មណ៍​​ខ្លួន​ឯង​​ឲ្យ​បាន​ល្អ​​​។ ជាង​នេះ​វា​បាន​កាត់​បន្ថយ​ភាព​តាន​តឹង​​ និង​ការ​បារម្ភ​ផ្សេង​ៗ​។ អ្វី​ទាំង​អស់​នេះ​ហើយ​ដែល​អាច​ឲ្យ​យើង​ក្លាយ​ទៅ​ជា​មនុស្ស​ឆ្លាត​ម្នាក់​បាន​។

4. លេងល្បែងខួរ​ក្បាល​

ហាត់ខួរក្បាល ក៏​ប្រហាក់​ប្រហែលជាមួយហាត់ប្រាណដែរ គឺដើម្បីឲ្យ​ខួរក្បាល​របស់អ្នក​មាន​សុខភាព​ល្អ ​គិត​បាន​ល្អ​​។ ល្បែង​ទាំង​នោះ​មាន​ដូច​ជា​ ការ​លេង​អុក​ រែក Puzzle Sudoku … ជាដើម​។​​ សកម្មភាព​ទាំង​នេះ​ជួយ​ឲ្យ​ខួរ​ក្បាល​បង្កើត​ទំនាក់​ទំនង​ ឆ្លើយ​តប​នឹង​ស្ថាន​ភាព​យ៉ាង​ច្នៃ​ប្រឌិត​ អភិវឌ្ឍន៍​ការ​យល់​ឃើញ​ពី​គ្រប់​កាលៈ​ទេសៈ ព្រម​ទាំង​ឲ្យ​​មាន​គំនិត​បង្កើត​ថ្មី​កាន់​តែ​ច្រើន​។


5. ការ​ហាត់​ប្រាណ​ញឹក​ញាប់


សុខភាព​ផ្លូវ​កាយ​ល្អ​​ធ្វើ​ឲ្យ​សុខភាព​ខួរ​ក្បាល​ល្អ​ដែរ​។ ការ​ហាត់​ប្រាណ​ជួយ​ឲ្យ​រាង​កាយ​និង​ខួរ​ក្បាល​ធ្វើ​ការ​ស្រប​គ្នា​ល្អ​ ​កាត់​បន្ថយ​ភាព​តាន​តឹង​ និង​ជួយ​ឲ្យ​គេង​លក់​​ស្រួល​ទៀត​។ ហាត់​ប្រាណ​ធ្វើ​ឲ្យ​ខួរ​ក្បាល​បំពេញ​តួ​នាទី​កាន់​តែ​ប្រសើរ​ ហេតុ​នេះ​អ្នក​គួរ​តែ​ចំណាយ​ពេល​ហាត់​ប្រាណ​ឲ្យ​បាន​រាល់​ថ្ងៃ​ទើប​ជា​ការ​ល្អ​។


6. រៀន​ភាសា
វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ​ តែ​វា​ពិត​ជា​មាន​ប្រយោជន៍​ជួយ​ឲ្យ​អ្នក​មាន​ភាព​ឆ្លាត​កើន​ឡើង​។ ការ​រៀន​ទាំង​វេយ្យករណ៍​និង​ពាក្យ​ថ្មី​ជួយ​ឲ្យ​អ្នក​មាន​សុខភាព​ខួរ​ក្បាល​ល្អ​និង​កាន់​តែ​ឆ្លាត​។ អ្នក​ទាំង​នេះ​ក៏​ត្រូវ​បាន​គេ​កត់​សម្គាល់​ដែរ​ថា​ពូកែ​រៀប​ចំ​គម្រោង​ការ​ ធ្វើ​ការ​សម្រេចចិត្ត​ និង​ដោះ​ស្រាយ​បញ្ហា​ដែរ​។


7. សរសេរ​ពី​អារម្មណ៍​របស់​អ្នក​
មនុស្ស​ទទួល​ប្រយោជន៍​ច្រើន​ណាស់​ពី​ការ​សរសេរ​។ វា​ជួយ​អ្នក​ឲ្យ​មាន​ការ​អភិវឌ្ឍ​ជំនាញ​ការ​ផ្តោត​អារម្មណ៍​ ការ​ច្នៃ​ប្រ​ឌិត​ ការ​ស្រមើ​ស្រ​មៃ​ និង​ការ​វិនិច្ឆ័យ​។ ក្នុង​ការ​​សរសេរ​អ្នក​អាច​​​​បង្កើត​ប្លុក​ផ្ទាល់​ខ្លួន​មួយ​ ដោយ​អាច​សរសេរ​​ ពី​រឿង​ដូច​ជា​ រឿង​​អ្នក​ជួប​ប្រទះ​ ការ​និទាន​ ឬ​អ្វី​ដែល​ចេញ​ពី​ការ​ស្រ​មើ​ស្រ​មៃ​របស់​អ្នក​។​


8. ​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ផ្សេង​ៗ​
ការ​ធ្វើ​ដំណើរ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​បាត់​ការ​ធុញ​ថប់​ទេ​តែ​វា​ក៏​សម្អាត​ខួរក្បាលនិង​​ការ​គិត​របស់​អ្នក​ផង​ដែរ​។ ធ្វើ​ដំណើរ​គឺ​អ្នក​អាច​ធ្វើ​ការ​សម្រាក​ទាំង​កាយ​ទាំង​ចិត្ត​។ គ្រប់​កន្លែង​ដែល​អ្នក​ទៅ​ដល់​គឺជាកន្លែងដែល ​អ្នក​បាន​រៀន​ពី​អ្វី​ដែល​ថ្មី​ៗ​ដូច​ជា​ វប្បធម៌ អាហារ​ ការ​រស់​នៅ​ ព្រម​ទាំង​ស្ថាន​ភាព​សង្គម​នៅ​ទី​នោះផង​។


9. ចំអិន​អាហារ​​ផ្សេង​ៗ​

មាន​មនុស្ស​​ភាគ​ច្រើន​ណាស់​ដែល​គេ​មាន​អារម្មណ៍​ល្អ​នៅ​ពេល​ដែល​បាន​ចូល​ធ្វើ​ម្ហូប​។ ការ​ធ្វើ​ម្ហូប​ច្រើន​មុខ​អាច​ឲ្យ​អ្នក​មាន​ការ​ច្នៃ​ប្រឌិត​ខ្ពស់​ ធ្វើ​ការ​សម្រេច​ចិត្ត​បាន​លឿន​និង​មាន​ប្រសិទ្ធភាព​ ហើយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ទៀត​ផង​។ ជំនាញ​ទាំង​នេះ​ហើយ​ដែល​នាំ​ឲ្យ​អ្នក​ជា​មនុស្ស​ឆ្លាត​ជាង​មុន​។


10. លេង​កី​​ឡា​


ការ​លេង​កីឡា​មាន​ន័យ​ថា​អ្នក​មាន​ចលនា​រាង​កាយ​ហើយ​វា​ក៏​មាន​ប្រយោជន៍​ចំពោះ​ដំណើរ​ការ​ខួរ​ក្បាល​ដែរ​។ ​​អ្វី​ដែល​អ្នក​ទទួល​បាន​ពី​វា​មាន​ដូច​ជា​​ មាន​ការ​ឆ្លើយ​តប​ទៅ​នឹង​ស្ថាន​ការណ៍​បាន​រហ័ស​ មាន​ការ​ជឿ​ជាក់​លើ​ខ្លួន​ឯង​ មាន​ថាម​ពល​និង​សមត្ថភាព​ មាន​ទំនួល​ខុស​ត្រូវ​ ដែល​ធ្វើ​​ឲ្យ​ខួរ​ក្បាល​របស់​អ្នក​បំពេញ​តួនាទី​បាន​កាន់​តែ​ប្រសើរ​។

ប្រភព៖ Lifehack
ដោយ៖ ហ៊ាង សុគន្ធារី​

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments