ព័ត៌មានថ្មីបំផុត

ស្អប់ថ្ងៃ​ច័ន្ទ​ណាស់​មែន​ទេ?​ វិធី​​សម្ងាត់​ជួយ​ឲ្យ​ថ្ងៃច័ន្ទ​លែង​​គួរ​ឲ្យ​ធុញ​ទៀត​ហើយ​

Loading...
ជាទូទៅសម្រាប់អ្នកធ្វើការតែងតែនិយាយថា ថ្ងៃច័ន្ទគឺជាថ្ងៃគួរឲ្យធុញបំផុតជារៀងរាល់សប្ដាហ៍ ព្រោះតែពួកគេត្រូវធ្វើរឿងជាច្រើនដែលគរទុក មិនបានធ្វើនៅថ្ងៃអាទិត្យ ជាហេតុនាំឲ្យកើតឡើងនៅអារម្មណ៍មិនសប្បាយចិត្ត ឬម៉ួមៅ តែអារម្មណ៍ទាំងនោះ នឹងលែងមានទៀតហើយ បន្ទាប់ពីដឹងពីវិធីសំងាត់ដែលមាននៅក្នុងអត្ថបទមួយនេះ។



១. ចូលគេងពីព្រលប់


ថ្ងៃអាទិត្យគឺជាថ្ងៃឈប់សម្រាកដែលអ្នកអាចលំហែកាយ លំហែអារម្មណ៍ពីការហត់នឿយពេញមួយសប្ដាហ៍ តែទោះជាយ៉ាងណាអ្នកគួរតែកុំបណ្តោយខ្លួនខ្លាំងពេក បើមិនចង់ឲ្យព្រឹកស្អែកមានអារម្មណ៍មិនល្អនោះ ហើយអ្នកគួរតែចូលគេងពីព្រលប់បន្តិច ដើម្បីកុំឲ្យមានអារម្មណ៍ថាគេងមិនគ្រប់គ្រាន់នៅថ្ងៃស្អែក។


២. ក្រោកពីព្រលឹម


នេះក៏ជាមូលហេតុមួយដែលយើងចង់ឲ្យអ្នកចូលគេងពីព្រលប់ ព្រោះអ្នកអាចក្រោកពីព្រលឹមដើម្បីធ្វើការហាត់ប្រាណ បញ្ចេញញើសបន្តិចបន្តួចនៅពេលព្រឹកដើម្បីឲ្យអារម្មណ៍របស់អ្នកស្រស់ស្រាយ បើសិនជាមិនមានពេលគ្រប់គ្រាន់នោះទេអ្នកក៏អាចពត់ពែនខ្លួនបន្តិចបន្តួចនៅក្នុងបន្ទប់ក៏បាន។


៣. ងូតទឹកត្រជាក់


មែនហើយអ្នកចាប់ផ្ដើមមានអារម្មណ៍ថាព្រឹកថ្ងៃច័ន្ទរបស់អ្នកស្រស់ស្រាយបន្តិចហើយមែនទេ? បន្ទាប់ពីហាត់ប្រាណរួចអ្នកគួរតែបន្តទៅងូតទឹកឲ្យបានត្រជាក់ខ្លួនប្រាណបន្តិច ហើយវានឹងកាន់តែប្រសើរបើសិនជាអ្នកប្រើប្រាស់សាប៊ូដុសខ្លួនប្រភេទបែប ម៉ុនតុល (Mentol) ឬប្រភេទបែបត្រជាក់ដែលអាចជួយបង្កើនអារម្មណ៍ស្រស់ស្រាយរបស់អ្នកឡើងបានមួយកំរិតទៀត។


៤. អាហារពេលព្រឹក


កុំរំលងចំណុចមួយនេះឲ្យសោះ ព្រោះថាវាអាចជាផ្នែកមួយដែលចូលមកបំផ្លាញថ្ងៃច័ន្ទដ៏ស្រស់ស្រាយរបស់អ្នក ត្រូវដឹងថាអារម្មណ៍អ្នកប្រាកដជាមិនល្អ បើសិនជាអ្នកឃ្លានក្នុងពេលមមាញឹកការងារផងនោះ។​


៥. ទៅធ្វើការព្រឹកបន្តិច


រឿងបន្ទាប់ដែលអ្នកត្រូវធ្វើនោះ គឺរៀបចំខ្លួនដើម្បីចេញដំណើរទៅធ្វើការពីព្រឹកបន្តិច ដើម្បីទទួលបាននូវគុណប្រយោជន៍ពីរយ៉ាង ទីមួយអ្នកអាចធ្វើដំណើរមួយ ដើម្បីស្រូបយកខ្យល់អាកាសនាពេលព្រឹកព្រលឹម ដែលត្រជាក់ស្រេបប្រៀបបាននឹងថ្នាំរំងាប់អារម្មណ៍ម្យ៉ាង ដែលធ្វើឲ្យខួរក្បាលរបស់អ្នកស្រលះល្អ និងទីពីរ អ្នកអាចមានពេលគ្រប់គ្រាន់ ដើម្បីទៅធ្វើការឲ្យទាន់ម៉ោង និងចៀសផុតពីការកកស្ទះចរាចរណ៍ដែលជួនកាលវាអាចនាំឲ្យអារម្មណ៍អ្នកម៉ួម៉ៅបានដែរនោះ។


៦. ចាប់ផ្ដើមការងាររបស់អ្នក


ពេលនេះអារម្មណ៍របស់អ្នកពិតជាស្រស់ស្រាយណាស់ហើយ បន្ទាប់ពីបានធ្វើរឿងជាច្រើនរួចមក ដូច្នេះអ្នកគួរតែរក្សាអារម្មណ៍មួយនេះឲ្យបានយូរដោយចាប់ផ្ដើមការងាររបស់អ្នក ពីការងារបែបស្រួលៗក្នុងការដោះស្រាយជាមុន ដែលអាចឲ្យអ្នកមានអារម្មណ៍ថាការងាររបស់អ្នកមិនគរដូចភ្នំធ្វើមិនអស់ទៀតនោះទេ។ វារឹតតែប្រសើរ បើសិនមានកាហ្វេមួយកែវកំដរអំឡុងពេលធ្វើការព្រឹកនេះ។


អត្ថបទដោយ៖ ជុំ រស្មី


*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។






No comments