ព័ត៌មានថ្មីបំផុត

តោះ! ចូលរួមពិធី​សម្ពោធ និងចាក់​បញ្ចាំង​ភាពយន្ត​​ខ្លីនៃ​គម្រោងProject ​3 របស់DMC!

Loading...
ការសម្ពោធ និងចាក់បញ្ចាំងភាពយន្តឯកសារខ្លីនៃគម្រោង៣ (Project3) ចំនួន៨រឿង ដែលត្រូវបានផលិតដោយក្រុមនិស្សិតដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ (DMC) ជំនាន់ទី១៤ នឹងត្រូវប្រព្រឹត្តឡើង នៅថ្ងៃទី សុក្រ ទី០១ ខែធ្នូ ឆ្នាំ២០១៧ នៅ បរិវេណទីធ្លា DMC ផ្ទាល់តែម្តង។


នេះជាការដាក់បញ្ចាំងលើកដំបូងបង្អស់ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង លោក ប៉ុក បូរក្ស ប្រធានស្តីទីនាយកដ្ឋានសិល្បៈភាពយន្ត និង ផ្សព្វផ្សាយវប្បធម៌នៃ្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។ ក្រៅពីនេះ មនុស្សប្រហែលជា ៣០០នាក់ គិតទាំងបណ្តាអង្គទូត ដៃគូសហការ តួអង្គនៅក្នុងវីដេអូឯកសារ និង ប្រជាពលរដ្ឋទូទៅ នឹងមកចូលរួមនៅក្នុងកម្មវិធីនេះផងដែរ។

ស្ថិតក្រោមការឧបត្ថម្ភពីទីភ្នាក់ងារអភិវឌ្ឍអាល្លឺម៉ង់ (GIZ) និង សេវាកម្មស៊ីវិលសន្តិភាពអ៊ឺរ៉ុប (ZED) ភាពយន្តឯកសារខ្លីចំនួន ៨រឿង នេះត្រូវបានផលិតឡើងដោយក្រុមនិស្សិតឆ្នាំទី៣ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ ដោយចំណាយរយៈពេលពេញមួយឆមាសទី២ នៃឆ្នាំសិក្សា ដើម្បីផលិតទៅបានដោយជោគជ័យ។

ខ្សែភាពយន្តឯកសារទាំង៨ ផ្តោតសំខាន់ទៅលើបញ្ហាសង្គម និង ជាបញ្ហាដែលមិនសូវមិនទទួលបានការយកចិត្តទុកដាក់ ដូចជា ជីវិតតស៊ូនិងក្តីសង្ឃឹមរបស់បុគ្គលមានទេពកោសល្យ តំបន់ទេសចរណ៍ដែលមិនទទួលបានការផ្តោតអារម្មណ៍ បញ្ហាពលករចំណាកស្រុក និងការចងចាំ របស់អ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហម។

ក្រុមនិស្សិតផលិតករ មានក្តីសង្ឃឹមយ៉ាងមុតមាំថា ខ្សែភាពយន្តទាំង៨នេះ នឹងចូលរួមជាផ្នែកមួយក្នុងការចង្អុលបង្ហាញនូវសំនុំរឿងដែលមិនសូវទទួលបានការអើពើ និង បោះជំហាន ទៅរកដំណោះស្រាយសមស្របដើម្បីការវិវឌ្ឍទៅមុខប្រកបដោយសុខដុមរមនានៅក្នុងប្រទេសកម្ពុជា។

បញ្ជាក់៖ អ្នកអាចចូលរួមទស្សនាដោយសេរី និង ទទួលបានពោតលីង កូកា និងមានឱកាសឈ្នះរង្វាន់ជាច្រើនថែមទៀតផង។ អ្វីដែលពិសេស អ្នកក៏អាចសួរសំណួរ ទៅកាន់ផលិតករនិស្សិតយើងដោយផ្ទាល់នៅថ្ងៃសម្ភោធនេះផងដែរ។ ចាំអីទៀត អត់ចូលរួមម៉េចបាន ^_^






អត្ថបទដោយ៖ សន ឆវីវតី

No comments