ព័ត៌មានថ្មីបំផុត

៦យ៉ាងដែលបង្ហាញថាគេគឺជាមិត្តដ៏ល្អពិតប្រាកដរបស់អ្នក

Loading...
មិត្តភ័ក្តពិតប្រាកដគឺជាប្រភេទមនុស្សដែលតែងតែយល់ច្បាស់ពីអ្នកហើយសម្រាប់អត្ថបទមួយនេះយើងនឹងបង្ហាញអ្នកថាតើអ្វីខ្លះដែលមិត្តភ័ក្តពិតប្រាកដគេមិនធ្វើដាក់អ្នកនោះ។

១. គេមិននិយាយអាក្រក់នៅពីក្រោយខ្នងអ្នក
មិត្តភ័ក្ដពិតប្រាកដគេនឹងមិននិយាយអ្វីដែលគេមិនពេញចិត្តអំពីអ្នកទៅប្រាប់អ្នកដទៃក្រោយខ្នងអ្នកឡើងផ្ទុយទៅវិញគេនឹងនិយាយវាត្រង់ៗជាមួយអ្នកតែម្ដងព្រោះតែគេគិតថាអ្វីដែលអ្នកបានធ្វើវាមិនត្រឹមត្រូវហើយគេក៏ចង់ឲ្យអ្នកកាន់តែប្រសើរជាងមុន។

២. គេនឹងមិនឈ្លោះប្រកែកដោយសាររឿងឥតបានការ
ការជជែកពិភាក្សាជាមួយគ្នាគឺជារឿងមួយដែលមិត្តភ័ក្ដទូទៅតែងតែមានហើយវាចៀសមិនផុតនោះទេពីការខ្វែងគំនិតគ្នារហូតដល់មានការឈ្លោះប្រកែកឬមិនពេញចិត្តនឹងគ្នាដោយសារតែម្នាក់ៗចង់ឈ្នះរៀងខ្លួនប៉ុន្តែសម្រាប់មិត្តល្អដែលពិតប្រាកដគឺពួកគេមិនឈ្លោះដោយសារតែរឿងឥតប្រយោជន៍បែបនេះនោះទេព្រោះតែពួកគេដឹងច្បាស់ថាតើមិត្តភាពមានសារៈសំខាន់កំរិតណានោះ។

៣. គេនឹងមិនលេងសើចជាមួយក្ដីសុបិនរបស់អ្នក
មែនហើយក្ដីសុបិនគឺជារឿងមួយដែលមនុស្សម្នាក់ៗតែងតែមាននឹងខំប្រឹងធ្វើគ្រប់យ៉ាងដើម្បីសម្រេចក្ដីសុបិនមួយនោះហើយអ្វីដែលសំខាន់បំផុតនោះគឺមិត្តដ៏ល្អពិតប្រាកដរបស់អ្នកនឹងមិនយកក្ដីសុបិនរបស់អ្នកមកលេងសើចនោះទេហើយគេថែមទាំងជំរុញនឹងផ្ដល់កំលាំងចិត្តមកឲ្យអ្នកកាន់តែខ្លាំង។

៤. គេនឹងមិនបោះបង់អ្នកក្នុងពេលលំបាក
អ្នកណាដែលថាអាចជៀសផុតភាពលំបាកក្នុងឆាកជីវិតនោះគ្រាន់តែថាភាពលំបាកទាំងនោះវាខុសៗពីគ្នាដោយអ្នកខ្លះលំបាកផ្លូវកាយហើយអ្នកខ្លះទៀតគេលំបាកផ្លូវចិត្តតែប៉ុណ្ណោះតែទោះជាយ៉ាងណាកុំបារម្ភព្រោះបើសិនគេជាមិត្តភ័ក្តដ៏ល្អពិតប្រាកដរបស់អ្នកមែនគេមិនបោះបង់អ្នកឲ្យឆ្លងកាត់ភាពលំបាកនោះតែម្នាក់ឯងទេ។

៥. គេនឹងមិនច្រណែននឹងអ្នក
ជ្រុលជាធ្វើជាមិត្តនឹងគ្នាទៅហើយចាំបាច់អីត្រូវមានភាពច្រណែននោះ បើនរណាម្នាក់ទទួលបានជោគជ័យអ្នកម្នាក់ទៀតប្រាកដជាចូលរួមអបអរសាទរដោយក្ដីរីករាយដែលនោះហើយគឺជាទង្វើរបស់មិត្តភ័ក្តពិតប្រាកដ។

៦. គេមិនរាប់អានអ្នកដើម្បីផលចំណេញ
មិត្តភ័ក្តល្អពិតប្រាកដគេនឹងផ្ដល់តម្លៃឲ្យអ្នកនិងធ្វើឲ្យអ្នកមានអារម្មណ៍ថាបានទទួលការគោរពពីអ្នកដទៃ ពួកគេនឹងមិនបង្ហាញមុខត្រឹមតែពេលដែលពួកគេត្រូវការអ្នកនោះទេប៉ុន្តែពួកគេនឹងបង្ហាញមុខគ្រប់ពេលដែលអ្នកត្រូវការគេដោយមិនត្រូវការសំណងអ្វីបន្តិចសោះឡើយពីអ្នក។


អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ UpVee
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។  

No comments