ព័ត៌មានថ្មីបំផុត

៨វិធី​​ងាយ​ៗ​​​ជួយ​​ឲ្យ​​​​ចង​​ចាំ​​​​មេរៀន​​​បាន​​លឿន​

Loading...
ជីវិត​ជា​សិស្ស​ម្នាក់​ៗតែង​តែ​រអ៊ូ​ថា ​ពួក​គេ​មើល​មេរៀន​មិន​ចាំ​នោះ​ទេ ​នៅ​ពេល​ដែល​ការ​ប្រឡង​ចូល​ជិត​មក​ដល់​។​ ​ការ​មាន​ភាព​ពិបាក​ក្នុង​ការ​​ចង​ចាំ​មេរៀន​នេះ ​មិន​មែន​មក​ពី​អ្នក​ខ្សោយ​ប្រាជ្ញា​នោះ​ទេ ​វា​មក​ពី​អ្នក​មិន​ដឹង​ពី​វិធី​ដើម្បី​ធ្វើ​វា​ប៉ុណ្ណោះ​។ ដើម្បី​ចង​ចាំ​មេ​​រៀន​បាន​ល្អ​និង​បាន​ឆាប់​រហ័ស​អ្នក​ត្រូវ​តែ​អនុវត្តិ​វិធី​ខាង​ក្រោម​ទាំង​នេះ​៖​

១. ចំណុចចាប់ផ្ដើម
ក្នុងចំណុចដំបូងនេះ  អ្នកត្រូវតែរៀបចំខ្លួនឲ្យបានសមស្របមុននឹងធ្វើការចងចាំមេរៀន។ អ្នកត្រូវតែដឹងពីខ្លួនអ្នកឲ្យបានច្បាស់ជាមុនសិនថា កន្លែងឬបរិយាកាសបែបណាដែលអាចជួយឲ្យអ្នកផ្ដោតអារម្មណ៍បានល្អ។ បន្ទាប់មកអ្នកគួរតែពិសាទឹកតែខ្លះ ព្រោះតាមការសិក្សាមួយចំនួនបានបង្ហាញថា  តែបៃតងអាចមានលទ្ធភាពជួយបង្កើនការចងចាំបាន។

២. ថតសម្លេងនូវអ្វីដែលអ្នកចង់ចងចាំ
ដើម្បីជួយឲ្យអ្នកមានការចងចាំបានឆាប់រហ័ស និងងាយស្រួលនោះ អ្នកអាចប្រើប្រាស់ឧបករណ៍ថតសម្លេងថតនូវអ្វីដែលអ្នកចង់ចងចាំបាន។ បន្ទាប់មកអ្វីដែលអ្នកត្រូវធ្វើនោះ គឺស្ដាប់វាម្ដងហើយម្ដងទៀតឲ្យបានច្រើនដង។

៣. ព្យាយាមសរសេរវា
ជាជំនួយដល់ការចងចាំ អ្នកគួរតែកត់ត្រានូវអ្វីដែលអ្នកចង់ចងចាំនូវក្នុងសៀវភៅរបស់អ្នកឲ្យបានច្រើនដង។ ការធ្វើបែបនេះ នឹងជួយឲ្យអ្នកមានភាពធ្នឹកនិងចាំនូវព័ត៌មានទាំងនោះដោយមិនដឹងខ្លួនយ៉ាងងាយស្រួល។

៤. ត្រូវតែព្យាយាមអានវាឲ្យបានច្រើនដង
វាជាការចាំបាច់បំផុតដែលត្រូវអានវាទៅមកៗឲ្យបានច្រើនដងនោះ។ ក្រោយមកអ្នកត្រូវតែព្យាយាមរំលឹកវាមកវិញដោយមិនត្រូវមើលសៀវភៅនោះទេ។ ធ្វើបែបនេះម្ដងហើយម្ដងទៀតអ្នកនឹងចាំ។

៥. ព្យាយាមសរសេរនូវអ្វីដែលអ្នកបានចងចាំ
បន្ទាប់ពីអ្នកចងចាំហើយ អ្នកត្រូវតែព្យាយាមសរសេរវាទាំងអស់ឡើងវិញ។ ការសរសេរមានសារៈសំខាន់ខ្លាំងដែលអាចជួយឲ្យការ​ចងចាំរបស់អ្នកបានកាន់តែល្អ និងកាន់តែមានរយៈពេលវែងថែមទៀតផង។

៦. ព្យាយាមបង្រៀនទៅអ្នកដទៃ
វារឹតតែប្រសើរដែលអ្នកត្រូវតែព្យាយាមពន្យល់អ្វីដែលអ្នកបានចាំទៅអ្នកដទៃ រឺមិត្តភក្តិរបស់អ្នក។ ការធ្វើបែបនេះនិងកាន់តែបង្កើនចំណេះដឹងរបស់អ្នក និងថែមទាំងចែករំលែកចំណេះដឹងដល់អ្នកផ្សេងទៀតផង។

៧. ព្យាយាមស្ដាប់អ្វីដែលអ្នកថតសម្លេងទុកជាថ្មី
អ្នកមិនត្រូវបោះបង់ឧបករណ៍ថតសម្លេងរបស់អ្នកឡើយ ព្រោះវាមានសារៈសំខាន់ណាស់។ នៅពេលដែលអ្នករវល់ធ្វើកិច្ចការអ្វីផ្សេងនោះ អ្នកអាចស្ដាប់ប្រដាប់ថតសម្លេងជាថ្មីម្ដងហើយម្ដងទៀតដើម្បីកុំឲ្យការចងចាំបាត់បង់។

៨. សម្រាកខ្លះ
អ្នកគួរតែទុកពេលវេលាខ្លះដើម្បីសម្រាកខួរក្បាល។ ក្នុងរយៈពេលសម្រាកនេះ អ្នកមិនគួរគិតពីអ្វីដែលព្យាយាមចងចាំនោះទេ។ ប៉ុន្តែពេលដែលការសម្រាកបានបញ្ចប់នោះ អ្នកត្រូវតែព្យាយាមរម្លឹកនូវអ្វីដែលបានចងចាំមកវិញទាំងអស់។

ប្រភព៖ Lifehack
អត្ថបទដោយ៖ ប៉ោ គឹមហុក

No comments