ព័ត៌មានថ្មីបំផុត

តំណមទាំង៦ដែលមិនគួរធ្វើក្នុងថ្ងៃចូលឆ្នាំចិន?

Loading...
ជនជាតិចិនជំនាន់មុនតែងតែមានជំនឿថាថ្ងៃចូលឆ្នាំថ្មីរបស់ប្រពៃណីចិនគឺជាថ្ងៃចាប់ផ្ដើមដំបូងនៃឆ្នាំទាំងមូលដែលជាថ្ងៃ១កើតដូចនេះរាល់អ្វីដែលអ្នកធ្វើក្នុងថ្ងៃនេះគឺអាចប៉ះពាល់ទៅដល់សំណាងរបស់អ្នកផ្ទាល់តែម្ដងតែរហូតមកដល់ពេលសម័យបច្ចុប្បន្ននេះរាល់ទំនៀមទំលាប់មួយចំនួនក៏ត្រូវបានបាត់បង់តែទោះជាយ៉ាងណាក៏តំណមមួយចំនួននៅតែរក្សាបន្តដល់ក្មេងៗជំនាន់ក្រោយដែលតំណមនិងជំនឿទាំងនោះមានដូចជា៖

១. ចៀសវាងថ្នាំគ្រប់ប្រភេទ
វាគឺជាជំនឿមួយសម្រាប់ជនជាតិចិនដែលថាបើសិនជាអ្នកទទួលទានថ្នាំឬក៏ផលិតថ្នាំក៏ដោយនៅក្នុងថ្ងៃមួយកើតនេះអ្នកនឹងមានជំងឺឈឺថ្កាត់ពេញមួយឆ្នាំដូចនេះទើបវាជាតំណមមួយដែលឲ្យអ្នកចៀសវាងពីថ្នាំគ្រប់ប្រភេទ។

២. កុំបោសផ្ទះឬយកសំរាមបោះចោល
សម្រាប់ជនជាតិចិនថ្ងៃមួយកើតក្នុងអំឡុងពេលចូលឆ្នាំថ្មីនេះគឺជាថ្ងៃដែលមនុស្សគ្រប់គ្នាទទួលលាបសំណាងដូចនេះការបោសសម្អាតធូលីចេញពីផ្ទះប្រៀបដូចជាអ្នកកំពុងតែបោសលាបសំណាងចេញពីផ្ទះដែរហើយការដែលយកសំរាមទៅចោលវិញគឺប្រៀបដូចជាអ្នកកំពុងតែយកលាបសំណាងក្នុងឆ្នាំថ្មីរបស់អ្នកទៅចោលដូចគ្នា។

៣. កុំញ៉ាំបបរ
ទោះវាពិតឬមិនពិតក៏ដោយតែវាជាជំនឿដែលថាបបរគឺជាអាហារពេលព្រឹកសម្រាប់អ្នកក្រហើយជាទូទៅគ្មានអ្នកណាចង់ចាប់ផ្ដើមឆ្នាំថ្មីរបស់ខ្លួជាមួយពាក្យថាក្រនោះទេដូចនេះអ្នកអាចជំនួសដោយការទទួលទានសាច់ដែលដំណាងឲ្យភាពមានបាន។

៤. កុំបោកខោអាវ
ភាគច្រើនគេមិនសូវឲ្យបោកខោអាវនៅថ្ងៃទី១ និងទី២ នៃពិធីបុណ្យចូលឆ្នាំចិននោះទេដោយសារតែវាគឺជាថ្ងៃកំណើតនៃទេវតាដែលមានឈ្នោះថា Shuishen (水神 ទេវតានៃទឹក)

៥. កុំកក់សក់
ការកក់សក់នៅក្នុងថ្ងៃមួយកើតត្រូវបានហាមដោយសារតែនៅក្នុងភាសាចិន សក់ (发) ត្រូវបានបញ្ចេញសំឡេងថា Fa ស្រដៀងទៅនឹងពាក្យថា Facai ដែលមានន័យថាទ្រព្យសំណាងហើយវាក៏បានបង្ហាញថាអ្នកកំពុងតែលាងជំរះទ្រព្យសំណាងរបស់ខ្លួនឲ្យចេញឆ្ងាយនៅក្នុងឆ្នាំថ្មី។

៦. ចៀសវាងការប្រើប្រាស់របស់មុតស្រួច
របស់មុតស្រួចផ្សេងៗដូចជាកាំបិត ម្ជុល កន្ត្រៃជាដើមត្រូវបានហាមមិនឲ្យប្រើប្រាស់នៅក្នុងថ្ងៃមួយកើតនៃពិធីបុណ្យចូលឆ្នាំចិនដើម្បីចៀសវាងការមុតផ្សេងៗដែលអាចកើតឡើងដោយសារតែឧបករណ៏របស់ខ្លួនដែលនាំឲ្យអ្នកអាចមានសំណាងអាក្រក់ក្នុងឆ្នាំថ្មី។

សូមបញ្ជាក់ថារាល់តំណមទាំងអស់ខាងលើគ្រាន់តែជាជំនឿដែលបន្តពីជនជាតិចិនជំនាន់ដើមតែប៉ុណ្ណោះពិតឬមិនពិតយ៉ាងណាអ្នកអាចតាមដានមើលដោយខ្លួនឯងបាន។

អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ chinahighlights
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។ 



No comments