ព័ត៌មានថ្មីបំផុត

គួរធ្វើយ៉ាងណាដើម្បីជ្រើសរើសការងារដ៏ត្រឹមត្រូវសម្រាប់ខ្លួនឯង?

Loading...
ការជ្រើសរើសការងារគឺជារឿងដ៏ពិបាកមួយក្នុងពេលបច្ចុប្បន្នក៏ដោយសារតែឱកាសយ៉ាងសំបូរបែប និងច្រើនបែបច្រើនយ៉ាង ជាមួយនឹងតំរូវការការងារផ្សេងៗគ្នា។ ប្រសិនបើយើងមិនប្រាកដពីអ្វីដែលយើងចង់បាន និងអ្វីដែលយើងមានទេ នោះយើងនឹងមិនអាចសម្រេចចិត្តជ្រើសរើសមួយណានិងចោលមួយណាទេ។

1.      ពិនិត្យអ្វីដែលអ្នកមាននិងបុគ្គលិកលក្ខណៈរបស់អ្នក
មុនពេលអ្នកសម្រេចចិត្តជ្រើសរើសការងារជាក់លាក់ណាមួយ អ្នកត្រូវដឹងពីចំណង់ចំណូលចិត្តរបស់អ្នក រួមជាមួយនឹងជំនាញដែលអ្នកមាន សាកល្បងសួរខ្លួនឯងថាតើអ្នកអាចធ្វើការងារដែលប្រើកំលាំងខ្លះបានរឺទេ? ចុះការងារដែលត្រូវចុះតាមខេត្ត? តើអ្នកចង់ធ្វើការនៅក្នុងបរិយាកាសបែបណា? តើអ្នកចង់បានការរស់នៅបែបណា? ទីក្រុងរឺជនបទ?  ឆ្លើយសំណួរទាំងនេះហើយអ្នកអាចនឹងយល់ពីខ្លួនឯងបានច្បាស់មួយកំរិត ក៏ដូចជាកំណត់ការងាររបស់អ្នកបានមួយផ្នែក

2.      ចាប់ផ្ដើមកំណត់ការងារដែលអ្នកចូលចិត្ត
ជាដំបូងអ្នកអាចសរសេររាល់ការងារក្នុងចិត្តរបស់អ្នកនៅលើក្រដាស់មួយសន្លឹក អមជាមួយនឹងហេតុផលដែលអ្នកចង់ធ្វើវា បន្ទាប់អ្នកត្រូវយកចម្លើយពីចំនុចទីមួយមកពិចារណាថាវាអាចទៅរួចដែររឺទេ។ បន្ទាប់ពីអ្នកធ្វើការប្រៀបធៀបហើយ អ្នកនឹងនៅសល់ជម្រើសតិចជាងមុនបន្តិច។ ឯឡូវអ្នកមានការងារដែលអ្នកសុទ្ធតែធ្វើបានហើយ។

3.      ស្វែងយល់អោយលម្អិតពីការងារទាំងនេះ
អ្នកអាចធ្វើការស្វែងរកតាមអ៊ិនធើណេត សារពត៌មាន ទស្សនាវត្តី ពីតំរូវការក៏ដូចជាជំនាញដែលអ្នកត្រូវមានសម្រាប់ការងារនិមួយៗ ប៉ុន្តែអ្វីដែលអ្នកគួរតែសង្កត់ធ្ងន់គឺតើការងារនេះនឹងផ្ដល់ឱកាសដល់អ្នកក្នុងការអភិវឌ្ឍន៍ខ្លួនឯងដែររឺទែ? តើអ្នកនឹងអាចក្លាយទៅជាអ្វីក្នុងរយៈពេល ២ រឺ ៥ ឆ្នាំបើអ្នកបន្តធ្វើការងារនេះ? ហើយអ្នកនឹងទទួលបានប្រាក់ខែដែលសាកសមនឹងអ្វីដែលអ្នកមានដែររឺទេ? ចុះប្រាក់រង្វាន់ ប្រាក់លើកទឹកចិត្ត និងប្រាក់បំណាច់ឆ្នាំ?

4.      ជ្រើសរើសជំរើស៣ដែលល្អបំផុត
ឯឡូវអ្នកត្រូវកាត់បន្ថយជម្រើសរបស់អ្នកបន្តទៀត យោងតាមចំនុចទី៣ខាងលើ អ្នកប្រាកដជាមានការងារមួយចំនួនដែលអាចនឹងមិនសាកសមសម្រាប់អ្នកនោះទេ ដូច្នេះអ្នកត្រូវតែមានភាពក្លាហានក្នុងការប្រឈមមុខថាវាមិនសាកសមសម្រាប់អ្នកនោះទេ។ អ្នកត្រូវមានជម្រើសច្រើនបំផុតត្រឹម៤ និងតិចបំផុតត្រឹម២។

5.      ចាប់ផ្ដើមសួរអ្នកជំនាញវិញម្ដង
ដើម្បីឈានដល់ការសម្រេចចិត្តចុងក្រោយ អ្នកត្រូវដឹងពីការងារនោះអោយបានល្អិតល្អន់បំផុត អ្នកអាចចាប់ផ្ដើមដោយសាកសួរពីការងារប្រចាំថ្ងៃរបស់អ្នកដែលកំពុងធ្វើការងារនោះ ដឹងពីផលពិបាកនៃការងារ និងដំណើរជីវិតរបស់ដើម្បីអ្នកធ្វើការលៃលកតាមការគួរ។

6.      ជ្រើសរើសការងារដែលសាកសមនឹងអ្នក
នៅទីបញ្ចប់អ្នកអាចធ្វើការសម្រេចចិត្តបានហើយ ប្រសិនបើអ្នកនៅតែបារម្ភពីថ្ងៃអនាគតរបស់អ្នក រឺអ្នកនៅតែសួរខ្លួនឯងថាតើអ្នកអាចធ្វើការងារនេះមួយជីវិតរឺទេ អ្នកមិនគិតវាតែឯងនោះទេ តែអ្នកត្រូវដឹងថាលុះត្រាតែអ្នកបានសាកធ្វើការងារនោះសិនទើបអាចដឹងច្បាស់ ហើយអ្នកនៅតែអាចផ្លាស់ប្ដូរវាបានដដែល ហើយមនុស្សម្នាក់ក៏ពុំធ្វើការងារណាមួយដោយគ្មានការផ្លាស់ប្ដូរសោះមួយជិវិតនោះដែរ។

7.      កំណត់គោលដៅរយៈពេលខ្លី និងគោលដៅរយៈពេលវែង
អ្នកអាចធ្វើការកំណត់អ្វីដែលអ្នកចង់បានអោយសម្រេចក្នុងរយៈពេល ៥ឆ្នាំ និង១០ឆ្នាំទៅមុខដើម្បីប្រាកដខ្លួនហើយអ្នកអាចខំប្រឹងដើម្បីគោលដៅទាំងនេះ។ តស៊ូដើម្បីខ្លួនអ្នក ជឿជាក់លើខ្លួនឯងអោយបានច្រើន អ្នកអាចធ្វើវាបាន។

អត្ថបទដោយ៖ ជុំ រស្មី
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។ 

No comments